Oxytocin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើដើម្បីជម្រុញការកន្ត្រាក់ស្បូននិងបញ្ឈប់ការហូរឈាមនៅស្បូនរបស់ស្ត្រី នៅក្នុងករណីដូចខាងក្រោម ៖

      - ជម្រុញការសម្រាលកូន

      - បង្កើនអាការៈឈឺចាប់សម្រាលកូន

      - អាការៈហូរឈាមដោយសារស្បូនមិនកន្ត្រាក់ក្រោយពេលសម្រាល

      - មុននិងក្រោយការបញ្ចេញសុកនៅពេលសម្រាលកូន

      - អាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល

      - ការសម្រាលកូនដោយវះកាត់ (ក្រោយសម្រាលកូនចេញរួច)

      - ការរលូតកូន

      - ការពន្លូតកូនដោយសិប្បនិម្មិត។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាគោលការណ៍ ត្រូវប្រើឱសថនេះតាមវិធីព្យួរសេរ៉ូមតាមសរសៃវ៉ែន។

      ・ករណីប្រើនៅក្នុងការជម្រុញការសម្រាលកូន និង បង្កើនអាការៈឈឺចាប់សម្រាលកូន:

      វិធីព្យួរសេរ៉ូម:លាយឱសថនេះ 5~10 ខ្នាត នៅក្នុងសេរ៉ូមគ្លុយកូស5%ជាដើមបរិមាណ500mL រួចព្យួរសេរ៉ូមក្នុងល្បឿន1~2មីលីខ្នាត/នាទី និង អាចបង្កើនឬបន្ថយទៅតាមស្ថានភាពនៃអាការៈឈឺចាប់សម្រាលកូនឬចង្វាក់បេះដូងរបស់ទារក។ មិនត្រូវព្យួរសេរ៉ូមក្នុងល្បឿនលើសពី20មីលីខ្នាត/នាទីនោះទេ។

      ・ករណីប្រើចំពោះអាការៈហូរឈាមដោយសារស្បូនមិនកន្ត្រាក់ក្រោយពេលសម្រាល ប្រើនៅមុននិងក្រោយការបញ្ចេញសុកនៅពេលសម្រាលកូន ប្រើចំពោះអាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល ការរលូតកូន និង ការពន្លូតកូនដោយសិប្បនិម្មិត:

      + វិធីព្យួរសេរ៉ូម:លាយឱសថនេះ 5~10 ខ្នាត នៅក្នុងសេរ៉ូមគ្លុយកូស5%ជាដើមបរិមាណ500mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែន និង អាចបង្កើនឬបន្ថយទៅតាមស្ថានភាពនៃការកន្ត្រាក់របស់ស្បូន។

      + វិធីចាក់តាមសរសៃវ៉ែន (ចំពោះករណីអាការៈហូរឈាមដោយសារស្បូនមិនកន្ត្រាក់ក្រោយពេលសម្រាល និង ករណីប្រើនៅមុននិងក្រោយការបញ្ចេញសុកនៅពេលសម្រាលកូន):ប្រើ5~10 ខ្នាត ចាក់តាមសរសៃវ៉ែនយឺតៗ។

      + វិធីចាក់ក្នុងសាច់ដុំ:ប្រើ5~10 ខ្នាត ចាក់ក្នុងសាច់ដុំយឺតៗ។

      ・ការសម្រាលកូនដោយវះកាត់ (ក្រោយសម្រាលកូនចេញរួច):

      + វិធីព្យួរសេរ៉ូម:លាយឱសថនេះ 5~10 ខ្នាត នៅក្នុងសេរ៉ូមគ្លុយកូស5%ជាដើមបរិមាណ500mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែន និង អាចបង្កើនឬបន្ថយទៅតាមស្ថានភាពនៃការកន្ត្រាក់របស់ស្បូន។

      + វិធីចាក់ក្នុងសាច់ដុំ:ប្រើ5~10 ខ្នាត ចាក់ក្នុងសាច់ដុំយឺតៗ។

      + វិធីចាក់ក្នុងសាច់ដុំស្បូន:ប្រើ5~10 ខ្នាត ចាក់ក្នុងស្រទាប់សាច់ដុំនៃស្បូនដោយផ្ទាល់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថស្រដៀងនឹងឱសថOxytocin។

      <ករណីប្រើនៅក្នុងការជម្រុញការសម្រាលកូន ឬ បង្កើនអាការៈឈឺចាប់សម្រាលកូន>

      ・អ្នកដែលកំពុងទទួលការប្រើប្រាស់ឱសថប្រូស្តាក្លង់ឌីន(PGF2α, PGE2)។

      ・អ្នកដែលកំពុងឬទើបទទួលការប្រើប្រាស់ឱសថPrasterone sulfate។

      ・អ្នកដែលកំពុងប្រើប្រាស់ឧបករណ៍ពង្រីកកស្បូន(ឧបករណ៍Laminariaជាដើម) ឬ អ្នកដែលប្រើប្រាស់ឧបករណ៍ពង្រីកនិងភ្ញោចស្បូនMetreurynterមិនទាន់បានលើសពី1ម៉ោង។

      ・អ្នកដែលកំពុងទទួលការប្រើប្រាស់ឱសថDinoprostone(PGE2)មិនទាន់បានលើសពី1ម៉ោង។

      ・អ្នកដែលមានបញ្ហាត្រគាតតូចចង្អៀត ឬ បញ្ហាអតុល្យភាពនៃក្បាលទារកនិងត្រគាក ឬ បញ្ហាទាក់ទងនឹងទីតាំងស្ថិតនៅរបស់ទារក។

      ・អ្នកដែលមានបញ្ហាសុកស្ថិតនៅទីតាំងខុសប្រក្រតី។

      ・អ្នកដែលមានបញ្ហាសុកដាច់ចេញពីស្បូនមុនសម្រាល។

      ・អ្នកដែលមានបញ្ហាទារកក្នុងផ្ទៃមានសុខភាពខ្សោយខ្លាំង។

      ・អ្នកដែលមានការកន្ត្រាក់ស្បូនខ្លាំងក្លា។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពងាយរហែកស្បូន។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ ឡើងកន្ទួលក្រហម សម្ពាធឈាមកើនឡើងឬធ្លាក់ចុះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឡើងកន្ទួលក្រហម រមាស់ស្បែក សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺពោះសម្រាលខ្លាំងនិងជាប់ឥតដាច់ (ស្បូនកន្ត្រាក់ខ្លាំងហួសហេតុ)

      - ទារកក្នុងផ្ទៃមានលក្ខណៈខុសប្រក្រតី (រោគសញ្ញានៃទារកក្នុងផ្ទៃមានសុខភាពខ្សោយ)។

    • អន្តរប្រតិកម្ម

      ・ឱសថប្រូស្តាក្លង់ឌីន(PGF2α, PGE2) - អាចធ្វើអោយស្បូនកន្ត្រាក់ខ្លាំងហួសហេតុ។ ដូច្នេះ មិនត្រូវប្រើរួមជាមួយឱសថនេះក្នុងពេលតែមួយឬកៀកគ្នាខ្លាំងពេកនោះទេ។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថCyclophosphamide - អាចធ្វើអោយសកម្មភាពនៃOxytocinកើនឡើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ដែលអាចកើតមាន ដូចជា ស្បូនកន្ត្រាក់ហួសហេតុ ធ្លាយស្បូន រហែកកស្បូន ទារកក្នុងផ្ទៃមានសុខភាពខ្សោយ ស្ទះទឹកភ្លោះ ជាដើម ព្រោះវាអាចធ្វើអោយម្ដាយនិងទារកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ដូច្នេះ គួរចងចាំចំណុចដូចខាងក្រោម ៖

      (1) ស្ត្រីដែលសម្រាលកូនច្រើនដង ស្ត្រីដែលធ្លាប់សម្រាលកូនដោយការវះកាត់ឬធ្លាប់ទទួលការវះកាត់ស្បូន ងាយនឹងជួបបញ្ហាទាំងនេះ។

      (2) ត្រូវតាមដានស្ថានភាពអោយបានដិតដល់ ដោយប្រើឧបករណ៍ស្ដាប់ចង្វាក់បេះដូងរបស់ទារកក្នុងផ្ទៃនិងពិនិត្យស្ថានភាពនៃការកន្ត្រាក់ស្បូនរបស់ស្ត្រី។

      (3) ត្រូវចាប់ផ្តើមប្រើឱសថនេះពីកម្រិតទាបទៅ។

      (4) មិនត្រូវប្រើប្រាស់ឱសថនេះរួមជាមួយឱសថប្រភេទប្រូស្តាក្លងឌីន(PGF2α, PGE2)ក្នុងពេលតែមួយឬមុនក្រោយគ្នាបន្តិចនោះទេ គឺគួរទុកគម្លាតពីគ្នារយៈពេលយ៉ាងហោចណាស់1ម៉ោង។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ដូចទៅនឹងអរម៉ូនOxytocinដែលបញ្ចេញដោយក្រពេញPituitary glandនៅក្នុងខួរក្បាលនៃស្ត្រីមានផ្ទៃពោះ ដោយមានប្រសិទ្ធិភាពបង្កអោយមានការកន្ត្រាក់នៃសាច់ដុំស្បូនទៅតាមដំណាក់កាលដូចទៅនឹងការឈឺពោះសម្រាលកូនបែបធម្មជាតិ។ ម្យ៉ាងទៀត ឱសថក៏មានសកម្មភាពជម្រុញការបញ្ចេញទឹកដោះផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp