Oxaliplatin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ការព្យាបាលជំងឺមហារីកពោះវៀន(Colon, Rectum)ដែលមិនអាចវះកាត់បាន

      - ការព្យាបាលដោយឱសថបន្ទាប់ពីការវះកាត់មហារីកពោះវៀន(Colon Cancer)

      - ការព្យាបាលជំងឺមហារីកលំពែងដែលមិនអាចវះកាត់បាន

      - ការព្យាបាលជំងឺមហារីកក្រពះ

      - ការព្យាបាលជំងឺមហារីកពោះវៀនតូច។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      + វិធីA: ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 85mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង។ បន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់13ថ្ងៃ។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។

      + វិធីB: ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 130mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង។ បន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់20ថ្ងៃ។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។

      ・ករណីព្យាបាលជំងឺមហារីកពោះវៀន(Colon, Rectum)ដែលមិនអាចវះកាត់បាន និង ការព្យាបាលដោយឱសថបន្ទាប់ពីការវះកាត់មហារីកពោះវៀន(Colon Cancer): ប្រើប្រាស់វិធីAឬវិធីB។

      ・ករណីព្យាបាលជំងឺមហារីកលំពែងដែលមិនអាចវះកាត់បាន និង ការព្យាបាលជំងឺមហារីកពោះវៀនតូច: ប្រើប្រាស់វិធីA។

      ・ករណីព្យាបាលជំងឺមហារីកក្រពះ: ប្រើប្រាស់វិធីB។

      អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលមានផ្ទុកសារធាតុប្លាទីន(Pt)ផ្សេងទៀត។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានបញ្ហាទាក់ទងនឹងសរសៃប្រសាទញាណធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈទាក់ទងនឹងសរសៃប្រសាទនៅដៃជើង អារម្មណ៍មិនស្រួលក្នុងបំពង់ក រាករូសឬទល់លាមក ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ អាការៈខ្វះឈាម អស់កម្លាំង ថយទម្ងន់ ជ្រុះរោមឬសក់ ឡើងកន្ទួលក្រហមនិងរមាស់ ជីវ្ហាវិញាណខុសប្រក្រតី ប្រតិកម្មនៅកន្លែងចាក់ថ្នាំ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្ពឹកដៃជើង ពិបាកបិទឡេវអាវ ពិបាកលេបអាហារ (រោគសញ្ញានៃផលប៉ះពាល់សរសៃប្រសាទអវៈយវៈ (Peripheral neuropathy))

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis))

      - អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ងាយហូរឈាម ឈាមក្រកក ពិបាកបញ្ចេញទឹកនោម មានស្នាមជាំពណ៌ស្វាយលើស្បែក វិលមុខ ក្ដៅខ្លួន (ជំងឺHemolytic uremic syndrome, HUS)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើង (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)

      - អាការៈខ្វះឈាម ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមពណ៌ក្រហមត្នោត (ជំងឺខ្វះឈាមប្រភេទHemolytic anemia)

      - មានផ្នែកដែលភ្នែកមើលមិនឃើញ ស្រវាំងភ្នែក (ប៉ះពាល់ចក្ខុវិញាណ)

      - ឈឺដោយកន្លែង ឈឺពេលសង្កត់ ស្នាមក្រហមលើស្បែក (ជំងឺស្ទះដោយសារកំណកឈាម)

      - បេះដូងលោតញាប់ មិនស្រួលក្នុងទ្រូង ថប់ទ្រូង (ស្ទះសរសៃឈាមក្នុងបេះដូង ជំងឺបញ្ហាចង្វាក់បេះដូង)

      - ឈឺពោះខ្លាំង ហើមពោះ ចង់ក្អួត (ជំងឺស្ទះសរសៃឈាមវ៉ែននៅថ្លើម)

      - បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (មុខងារតម្រងនោមថយចុះ)

      - វិលមុខពេលដើរ រឹងអណ្ដាត សាច់ដុំកន្ត្រាក់ (ជំងឺLeukoencephalopathy)

      - បាត់បង់ស្មារតី ញ័រដៃ (រោគសញ្ញានៃការកើនសារធាតុអាម៉ូញាក់ក្នុងឈាម(Hyperammonemia))

      - ឈឺសាច់ដុំនៅដៃនិងជើង គ្មានកម្លាំងនៅសាច់ដុំ ទឹកនោមពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ស្តាប់សម្លេងមិនសូវលឺ ហ៊ឹងត្រចៀក (ប៉ះពាល់សោតវិញាណ)

      - អាការៈដូចផ្ដាសាយ ក្ដៅខ្លួន ក្អួតចង្អោរ (ជំងឺឆ្លង)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ (មុខងារថ្លើមធ្លាក់ចុះ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានដែលធ្វើអោយកើតមានរោគប្រតិកម្មធ្ងន់ធ្ងរ ដោយមានរោគសញ្ញាដូចជាឡើងកន្ទួលក្រហម រមាស់ ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ជាដើម ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។

      ・ការប៉ះពាល់វត្ថុដែលត្រជាក់អាចធ្វើអោយងាយកើតមានផលរំខានទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនៅអវៈយវៈ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរចៀសវាងការបរិភោគអាហារឬភេសជ្ជៈដែលត្រជាក់ ឬក៏ ប៉ះពាល់ខ្យល់ឬវត្ថុដែលត្រជាក់ ឬក៏ ទុកអោយរាងកាយឬស្បែកស្ថិតនៅក្នុងស្ថានភាពត្រជាក់។

      ・ប្រសិនបើសារធាតុថ្នាំប៉ះត្រូវស្បែក ត្រូវប្រញាប់លាងសម្អាតចេញដោយប្រើសាប៊ូនិងទឹកច្រើន។

      ・សារធាតុឱសថនេះអាចមានប្រតិកម្មជាមួយនឹងធាតុអាលុយមីញ៉ូម ដូច្នេះ គួរចៀសវាងប្រើប្រាស់ឧបករណ៍ពេទ្យដែលធ្វើអំពីអាលុយមីញ៉ូមជាមួយនឹងឱសថនេះ។ ម្យ៉ាងទៀត មិនត្រូវលាយឱសថនេះជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកាមហារីក ដើម្បីបង្អាក់ដំណើរការផលិតDNAដែលចាំបាច់សម្រាប់ការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp