Oseltamivir phosphate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺផ្ដាសាយធំ(Influenza) ប្រភេទA និង ប្រភេទB។

    • កម្រិតប្រើប្រាស់

      ថ្នាំគ្រាប់:

      ・សម្រាប់ការព្យាបាល:

      - មនុស្សពេញវ័យនិងកុមារទម្ងន់37.5kgឡើងទៅ:លេប1ដង 75mg, 1ថ្ងៃ2ដង រយៈពេល5ថ្ងៃ។ គួរចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល2ថ្ងៃ(48ម៉ោង)បន្ទាប់ពីកើតមានរោគសញ្ញាផ្ដាសាយធំ។

      - កុមារតូច:ពិសារ1ដង2mg/kg (ថ្នាំម្សៅ3%ត្រូវនឹង66.7mg/kg), 1ថ្ងៃ2ដង រយៈពេល5ថ្ងៃ។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ75mg។ គួរចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល2ថ្ងៃ(48ម៉ោង)បន្ទាប់ពីកើតមានរោគសញ្ញាផ្ដាសាយធំ។

      - ទារកនិងទារកទើបកើត:ពិសារ1ដង 3mg/kg (ថ្នាំម្សៅ3%ត្រូវនឹង100mg/kg), 1ថ្ងៃ2ដង រយៈពេល5ថ្ងៃ។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ75mg។ គួរចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល2ថ្ងៃ(48ម៉ោង)បន្ទាប់ពីកើតមានរោគសញ្ញាផ្ដាសាយធំ។

      ・សម្រាប់ការបង្ការ:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង75mg រយៈពេល7~10ថ្ងៃ។

      - កុមារទម្ងន់37.5kgឡើងទៅ:លេប1ថ្ងៃ1ដង75mg រយៈពេល10ថ្ងៃ។

      - កុមារតូច:ពិសារ1ថ្ងៃ1ដង2mg/kg (ថ្នាំម្សៅ3%ត្រូវនឹង66.7mg/kg) រយៈពេល10ថ្ងៃ។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ75mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺពោះ រាករូស ក្អួតចង្អោរ សីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ វិលមុខ ស្អក ហើមភ្នែកនិងជុំវិញបបូរមាត់ រមាស់ស្បែក ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន រងាញាក់ ក្អក ស្លេស្ម ដង្ហក់ (រលាកសួត)

      - ក្ដៅខ្លួន ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺក្បាល ញ័រដៃ ភ្នែកនិងស្បែកឡើងពណ៌លឿង ទឹកនោមមានពណ៌លឿង អស់កម្លាំង រមាស់ស្បែក ក្អួតចង្អោរ (រលាកថ្លើម បញ្ហាមុខងារថ្លើម ខាន់លឿង)

      - ក្ដៅខ្លួន ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់និងក្នុងមាត់ អស់កម្លាំង ឡើងកន្ទួលក្រហម ស្នាមក្រហមប៉ោងឡើងលើស្បែក ពងទឹកលើស្បែក ឈឺសន្លាក់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)

      - បរិមាណទឹកនោមថយចុះ នោមមិនចេញ ឈឺក្បាល ពិបាកដកដង្ហើម ហើមភ្នែកនិងខ្លួន (មុខងារតម្រងនោមថយចុះ)

      - ក្ដៅខ្លួន ឈឺបំពង់ក (គ្រាប់ឈាមសថយចុះ)

      - ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ឈាមក្រកក មានស្នាមជាំក្រោមស្បែក (ជំងឺប្លាកែតថយចុះ)

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ មិនអាចផ្ដុំអារម្មណ៍ឬការគិតបាន ពិបាកសម្រេចចិត្ត សកម្មភាពខុសប្រក្រតី ឃើញឬស្ដាប់លឺអ្វីដែលមិនមានពិត សាច់ដុំកន្ត្រាក់ (អាការៈប៉ះពាល់ផ្នែកស្មារតី)

      - ក្ដៅខ្លួន ក្អួតចង្អោរ ឈឺពោះខ្លាំង រាករូស លាមកមានឈាម (រលាកពោះវៀនធំ)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែង)

      - ក្ដៅខ្លួនខ្លាំង ញាក់ ឈឺសន្លាក់ ឈឺសាច់ដុំ (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងមេរោគដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ)

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវចាប់ផ្តើមប្រើឱសថនេះដើម្បីព្យាបាលជំងឺផ្ដាសាយធំនៅក្នុងអំឡុងពេល48ថ្ងៃបន្ទាប់ពីចេញរោគសញ្ញា។ ការចាប់ផ្ដើមប្រើឱសថព្យាបាលនៅក្រោយចេញរោគសញ្ញារយៈពេល48ថ្ងៃ អាចនឹងមិនបង្ហាញប្រសិទ្ធិភាពព្យាបាលនោះទេ។

      ・អ្នកជំងឺផ្ដាសាយធំជាកុមារនិងមនុស្សវ័យជំទង់ អាចមានអាការៈបង្ហាញសកម្មភាពខុសប្រក្រតីផ្សេងៗ ធ្វើអោយដួលឬជួបឧទ្ទវហេតុផ្សេងៗ ដូច្នេះ គួរមានអ្នកមើលថែទាំស្ថិតនៅជាមួយអ្នកជំងឺ យ៉ាងហោចណាស់2ថ្ងៃបន្ទាប់ពីពេលចាប់ផ្ដើមមានអាការៈក្ដៅខ្លួននិង2ថ្ងៃក្រោយចាប់ផ្តើមប្រើប្រាស់ឱសថនេះ។

      ・ទោះជាប្រើឱសថនេះដើម្បីបង្ការជំងឺផ្ដាសាយធំក៏ដោយ ក៏នៅតែមានករណីកើតជំងឺផ្ដាសាយធំដែរ ដូច្នេះ គួរចាត់វិធានការផ្សេងៗបន្ថែមទៀតដូចជា ពាក់ម៉ាស ខ្ពុរមាត់ លាងដៃ រក្សាសំណើមសមល្មមក្នុងបន្ទប់។ល។

      ・អ្នកដែលគួរប្រើឱសថនេះបង្ការការឆ្លងជំងឺពីអ្នកស្នាក់នៅជាមួយដែលកើតជំងឺផ្ដាសាយធំ រួមមាន:

      (1) មនុស្សចាស់អាយុចាប់ពី65ឆ្នាំឡើងទៅ

      (2) អ្នកដែលមានជំងឺប្រព័ន្ធដង្ហើមឬជំងឺបេះដូងរ៉ាំរ៉ៃ

      (3) អ្នកដែលមានជំងឺទឹកនោមផ្អែម ឬ ជំងឺតម្រងនោម

      ហើយគួរចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល48ម៉ោងបន្ទាប់ពីប៉ះពាល់អ្នកជំងឺ។

      ・ប្រសិទ្ធិភាពបង្ការជំងឺផ្ដាសាយធំរបស់ឱសថនេះគឺអាចបន្តត្រឹមក្នុងអំឡុងពេលប្រើឱសថនេះតែប៉ុណ្ណោះ មានន័យថា ឱសថនេះមិនមានប្រសិទ្ធិភាពជំនួសអោយការចាក់វ៉ាក់សាំងនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសផ្ដាសាយធំ(Influenza virus A & B) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមNeuraminidaseដែលស្ថិតនៅលើវីរុស ធ្វើអោយវីរុសដែលកើតថ្មីមិនអាចចេញពីកោសិកាដែលឆ្លងវីរុសនោះដើម្បីបន្តកកើតចំនួននៅកោសិកាផ្សេងទៀតបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp