Ondansetron hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួតឬក្អួត ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក (ឱសថCisplatin ជាដើម)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង4mg នៅ1~2ម៉ោងមុនពេលប្រើឱសថប្រឆាំងជំងឺមហារីក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្ដូរទៅប្រើឱសថចាក់វិញក្នុងកម្រិតដូចគ្នា។
- កុមារ:លេប1ថ្ងៃ1ដង2.5mg/m2 (ថ្នាំទឹក0.05%ត្រូវនឹង 5mL/m2) នៅ1~2ម៉ោងមុនពេលប្រើឱសថប្រឆាំងជំងឺមហារីក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 4mg (ថ្នាំទឹក0.05%ត្រូវនឹង8mL)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្ដូរទៅប្រើឱសថចាក់វិញក្នុងកម្រិតដូចគ្នា(2.5mg/m2)។
ករណីថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង4mg ដោយចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិតដដែលម្ដងទៀត។
- កុមារ:ប្រើ1ថ្ងៃ1ដង2.5mg/m2 ដោយចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិតដដែលម្ដងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ធ្ងន់ក្បាល ទល់លាមក រមាស់ស្បែក ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ទឹកមុខស្លេកស្លាំង (រោគប្រតិកម្មធ្ងន់ធ្ងរ)
- កន្ត្រាក់សាច់ដុំមួយផ្នែកឬពេញខ្លួន ញ័រ បាត់បង់ស្មារតី មិនចាំហេតុការណ៍មុនកើតមានអាការៈ (រោគសញ្ញាស្រដៀងជំងឺប្រកាច់)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលបង្កើនសកម្មភាពនៃអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថOndansetronថយចុះ។
・ឱសថTramadol - អាចធ្វើអោយសកម្មភាពនៃឱសថTramadolថយចុះ។
・ឱសថប្រភេទSSRI, ឱសថប្រភេទSNRI, ឱសថប្រភេទMAO inhibitors - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន (អារម្មណ៍មិនស្ងប់ វង្វេងវង្វាន់ ញ័រដៃជើង ជីពចរដើរលឿន ជាដើម)។
・ឱសថApomorphine - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមចុះទាប ជីពចរខ្សោយ សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ជាដើម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីថ្នាំចាក់:មិនត្រូវលាយឱសថនេះជាមួយថ្នាំចាក់Furosemideទេ ព្រោះវាអាចធ្វើអោយកើតមានកករនៅក្នុងសូលុយស្យុង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលសេរ៉ូតូនីន3 (5-HT3 receptor) ដើម្បីបង្អាក់ដំណើរការនៃការភ្ញោចគ្រឿងទទួលនេះពីការភ្ជាប់នៃសារធាតុសេរ៉ូតូនីន នៅតាមពោះវៀននិងនៅប្រព័ន្ធCTZ (Chemoreceptor trigger zone)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp