Omeprazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ រលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) ការច្រាលអាស៊ីតក្រពះដោយមិនមានដាច់រលាត(Nonerosive reflux disease) បណ្ដុំរោគសញ្ញាZollinger-Ellison

      - ជាជំនួយនៅក្នុងការកម្ចាត់បាក់តេរីHelicobacter pylori សម្រាប់ការព្យាបាលជំងឺដូចខាងក្រោម:ដំបៅក្រពះ, ដំបៅគល់ពោះវៀនតូច(Duodenal ulcer), ជំងឺមហារីកកោសិកាទឹករងៃនៃភ្នាសសើមក្រពះ(Gastric MALT lymphoma), ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការថយចុះនៃប្លាកែត(Idiopathic thrombocytopenic purpura(ITP)) ក្រោយការព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កូប, ជំងឺរលាកក្រពះដោយសារការឆ្លងបាក់តេរីHelicobacter pylori។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ចំពោះអ្នកជំងឺដែលមិនអាចប្រើប្រាស់ឱសថប្រភេទលេបបាន៖

      - ជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ និង បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ ដែលរួមមានរោគសញ្ញាហូរឈាម

      - បណ្ដុំរោគសញ្ញាZollinger-Ellison។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់

      និង បណ្ដុំរោគសញ្ញាZollinger-Ellison:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg។ ចំពោះជំងឺដំបៅក្រពះ និង ដំបៅនៅកន្លែងដេរភ្ជាប់ ប្រើត្រឹមរយៈពេល8សប្ដាហ៍ ។ ចំពោះជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ប្រើត្រឹមរយៈពេល6សប្ដាហ៍។

      ・ករណីជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg ដោយប្រើត្រឹមរយៈពេល8សប្ដាហ៍។ ចំពោះជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះលក្ខណៈកើតឡើងវិញម្ដងហើយម្ដងទៀត ត្រូវប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង10~20mg។

      ・ករណីជំងឺច្រាលអាស៊ីតក្រពះដោយមិនមានដាច់រលាត(Nonerosive reflux disease):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg ដោយប្រើត្រឹមរយៈពេល4សប្ដាហ៍។

      ・ករណីប្រើជាជំនួយនៅក្នុងការកម្ចាត់បាក់តេរីHelicobacter pylori:

      មនុស្សពេញវ័យ:លេបឱសថ3ប្រភេទ រួមមាន ឱសថOmeprazole 20mg, ឱសថAmoxicillin hydrate 750mg និង ឱសថClarithromycin 200mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ អាចបង្កើនកម្រិតឱសថClarithromycinទៅតាមការចាំបាច់ ប៉ុន្តែ កម្រិតអតិបរមានៃឱសថនេះគឺ1ដង400mg 1ថ្ងៃ2ដង។ ករណីការប្រើឱសថទាំង3ខាងលើមិនអាចកម្ចាត់បាក់តេរីHelicobacter pyloriដោយជោគជ័យទេ គេអាចអនុវត្តម្ដងទៀតដោយបន្សំ ឱសថOmeprazole 20mg, ឱសថAmoxicillin hydrate 750mg និង ឱសថMetronidazole 250mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ដង 20mg លាយនៅក្នុងសេរ៉ូមប្រៃ(Saline)ឬសេរ៉ូមគ្លុយកូស5% រួចព្យួរសេរ៉ូមតាមសរសៃវ៉ែន 1ថ្ងៃ2ដង។ ឬក៏អាចប្រើក្នុងកម្រិតដូចគ្នាគឺ 1ដង 20mg លាយនៅក្នុងសេរ៉ូមប្រៃ(Saline)ឬសេរ៉ូមគ្លុយកូស5%បរិមាណ20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថAtazanavir Sulfate ឬ ឱសថRilpivirine hydrochloride។

    • ផលរំខាន

      ផលរំខានរួមមាន រាករូសឬលាមកជ្រាយ ឈឺបំពង់ក ក្ដៅខ្លួន ដំបៅមាត់ ជីវ្ហាវិញាណខុសប្រក្រតី ឡើងកន្ទួលក្រហម រមាស់ស្បែក ប៉ះពាល់មុខងារថ្លើម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមមុខ បបូរមាត់និងអណ្ដាត (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - រួយខ្លួន ក្ដៅខ្លួន ឈាមច្រមុះ ហូរឈាមក្រោមស្បែក (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស គ្រាប់ឈាមក្រហម ប្លាកែត)

      - ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ក្ដៅខ្លួន ក្អក ដង្ហក់ (រលាកសួតប្រភេទInterstitial pneumonia)

      - បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)

      - ក្តៅខ្លួន អស់កម្លាំង កន្ទួលក្រហមនៅលើស្បែក ភ្នែកនិងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - មើលមិនសូវច្បាស់ (ប៉ះពាល់ចក្ខុវិញាណ)។

    • អន្តរប្រតិកម្ម

      ・ឱសថAtazanavir Sulfate, ឱសថRilpivirine hydrochloride - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថDiazepam, ឱសថPhenytoin, ឱសថCilostazol - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃឱសថWarfarinកើនឡើង។

      ・ឱសថTacrolimus hydrate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTacrolimus hydrateកើនឡើង។

      ・ឱសថDigoxin, ឱសថMetildigoxin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថItraconazole - អាចធ្វើអោយសកម្មភាពនៃItraconazoleថយចុះ។

      ・ឱសថប្រភេទប្រឆាំងអង់ស៊ីមTyrosine kinase(Gefitinib, Erlotinib) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថVoriconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថVoriconazoleកើនឡើង។

      ・ឱសថNelfinavir mesilate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថNelfinavir mesilateថយចុះ។

      ・ឱសថSaquinavir mesilate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថSaquinavir mesilateកើនឡើង។

      ・ឱសថClopidogrel sulfate - អាចធ្វើអោយសកម្មភាពនៃឱសថClopidogrel sulfateថយចុះ។

      ・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថMethotrexateកើនឡើង។

      ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថOmeprazzoleថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ មានការកំណត់ ដោយត្រូវប្រើរយៈពេល6សប្ដាហ៍សម្រាប់ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) និងរយៈពេល8សប្ដាហ៍សម្រាប់ជំងឺផ្សេងទៀត។ ប៉ុន្តែ សម្រាប់ករណីជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis)ដែលកើតឡើងម្ដងហើយម្ដងទៀត មិនមានការកំណត់រយៈពេលនៃការប្រើប្រាស់ឱសថនេះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃគ្រឿងចម្លងប្រូតុងProton pumpនៅក្នុងក្រពះ ដែលមានតួនាទីនៅក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចេញអាស៊ីតក្រពះ ធ្វើអោយកម្រិតនៃជាតិអាស៊ីតនៅក្នុងក្រពះថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp