Olanzapine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺវិកលចរឹត (Schizophrenia)។
- អាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania) និង អាការៈបាក់ទឹកចិត្ត(Depression) នៅក្នុងជំងឺBipolar disorder។
- អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារ(ចង់ក្អួត ក្អួត) ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថព្យាបាលជំងឺមហារីក(ឱសថCisplatin ជាដើម)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈនៃការកើនឡើងផ្នែកស្មារតីនិងចលនាខុសប្រក្រតីនៅក្នុងជំងឺវិកលចរឹត (Schizophrenia)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ជំងឺរិកលចរឹត (Schizophrenia):
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 5~10mg។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង 10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ20mg។
・រោគសញ្ញានៃស្មារតីឡើងខ្ពស់ក្នុងជំងឺបាក់ទឹកចិត្តBipolar disorder:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ20mg។
・រោគសញ្ញានៃស្មារតីធ្លាក់ចុះក្នុងជំងឺបាក់ទឹកចិត្តBipolar disorder:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 5mg មុនពេលចូលគេង។ រួចបង្កើនកម្រិតដល់1ថ្ងៃ1ដង 10mg មុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ20mg។
・អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារ(ចង់ក្អួត ក្អួត) ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថព្យាបាលជំងឺមហារីក(ឱសថCisplatin ជាដើម):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg ដោយប្រើរួមជាមួយឱសថបំបាត់អាការៈក្អួតចង្អោរប្រភេទផ្សេងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ10mg។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង10mg ចាក់ក្នុងសាច់ដុំ។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបន្ថែមកម្រិត1ដង10mg ប៉ុន្តែ ទុកគម្លាតយ៉ាងហោចណាស់2ម៉ោងគិតចាប់ពីការចាក់លើកមុន។ ចំនួនដងអតិបរមានៃការចាក់ក្នុង1ថ្ងៃគឺត្រឹម2ដងប៉ុណ្ណោះ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។
・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺទឹកនោមផ្អែម។
-
ផលរំខាន
ផលរំខានរួមមាន កើនទម្ងន់ ចំណង់អាហារកើនឡើង ងងុយគេងឬគេងមិនលក់ រោគសញ្ញាAkathisia(នៅមិនស្ងៀម) គេងមិនលក់ឬងងុយគេង ស្ងួតក អស់កម្លាំង ស្ងាត់ស្ងៀម គេងច្រើន ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្ងួតក ពិសាទឹកច្រើន នោមច្រើន (កម្រិតជាតិស្ករក្នុងឈាមកើនឡើង, ជំងឺDiabetic ketoacidosis, បាត់បង់ស្មារតីដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើង)
- អស់កម្លាំង បែកញើស ញ័រ ងងុយគេង បាត់បង់ស្មារតី (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
- ក្ដៅខ្លួនភ្លាមៗ ជីពចរដើរលឿន រឹងសាច់ដុំ (Syndrome malin)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- សាច់ដុំកន្ត្រាក់
- មិនអាចគ្រប់គ្រងចលនាមុខនិងជុំវិញមាត់បាន (ជំងឺTardive dyskinesia)
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង ហើមពោះ (ជំងឺស្ទះពោះវៀនធំលក្ខណៈពោះវៀនស្ពឹក)
- ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស)
- ពិបាកដកដង្ហើម ឈឺទ្រូង ហើម (រោគសញ្ញានៃការស្ទះចរន្តឈាមក្នុងសួតដោយសារកំណកឈាម ឬ ការស្ទះចរន្តឈាមនៃសរសៃឈាមវ៉ែនផ្នែកជ្រៅ)
- ឡើងកន្ទួលក្រហម ក្ដៅខ្លួន (រោគប្រតិកម្មដោយសារឱសថ)។
-
អន្តរប្រតិកម្ម
・ឱសថAdrenaline - អាចធ្វើអោយកើតមានលទ្ធផលផ្ទុយពីសកម្មភាពនៃAdrenaline ដោយសម្ពាធឈាមនឹងធ្លាក់ចុះទាប។ ដូច្នេះ ហាមប្រើរួមគ្នា។ (លើកលែងករណីប្រើនៅក្នុងការព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។
・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។
・ឱសថព្យាបាលជំងឺប៉ាឃីនសុនប្រភេទប្រឆាំងសកម្មភាពអាសេទីលកូលីន, ឱសថប្រភេទPhenothiazine, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants - អាចធ្វើអោយសកម្មភាពប្រឆាំងអាសេទីលកូលីនកើនឡើង បង្កជាផលរំខានដូចជាពោះវៀនស្ពឹក ជាដើម។
・ឱសថដែលភ្ញោចសរសៃប្រសាទនៃសារធាតុដូប៉ាមីន(Levodopa ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថFluvoxamine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOlanzapineកើនឡើង។
・ឱសថCiprofloxacin hydrochloride - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOlanzapineកើនឡើង។
・ឱសថCarbamazepine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOlanzapineថយចុះ។
・ឱសថOmeprazole, ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOlanzapineថយចុះ។
・ការជក់បារី - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOlanzapineថយចុះ។
・ឱសថប្រភេទBenzodiazepine(មិនមែនថ្នាំលេប)(Flunitrazepam, Diazepam, Midazolam ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូងនិងសួត។(ករណីថ្នាំចាក់:ប៉ុណ្ណោះ)
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈនៃការកើនឡើងកម្រិតជាតិស្ករក្នុងឈាមខ្លាំង ធ្វើអោយកើតមានជាជំងឺDiabetic ketoacidosis ឬ ធ្វើអោយអ្នកជំងឺស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី ហើយអាចមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ។ រោគសញ្ញាដំបូង រួមមាន ស្ងួតក ផឹកទឹកច្រើន នោមច្រើន ជាដើម។
・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឱសថនេះកើនឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ការជក់បារីអាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ។
・ផលរំខាននៃឱសថនេះអាចធ្វើអោយកើនទម្ងន់ ដូច្នេះ គួរប្រុងប្រយ័ត្នទាក់ទងនឹងទម្លាប់នៃការបរិភោគ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើគ្រឿងទទួលផ្សេងៗ(ដូប៉ាមីនD2, សេរ៉ូតូនីន5-HT2A, 2B, 2C, 5-HT6, អាដ្រេណាលីនα1, ហ៊ីស្តាមីនH1)នៅក្នុងខួរក្បាល ដើម្បីរក្សាតុល្យភាពនៃមុខងាររបស់គ្រឿងទទួលទាំងនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp