Norfloxacin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺអាសន្នរោគ(Cholera) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺពិសធ្យូង(Anthrax) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia)។
- កុមារ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកពោះវៀនដោយសារបាក់តេរី ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺពិសធ្យូង(Anthrax) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia)។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា រលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) រលាកត្របកភ្នែក រលាកថង់ទឹកភ្នែក និងប្រើនៅពេលមុនឬក្រោយការវះកាត់ភ្នែក។ល។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
-មនុស្សពេញវ័យ:លេប1ដង 100~200mg, 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះជំងឺគ្រុនពោះវៀន(ជំងឺThyphoid feverនិងជំងឺParatyphoid) លេប1ដង400mg, 1ថ្ងៃ3ដង រយៈពេល14ថ្ងៃ។
-កុមារ (ប្រើក្នុងករណីឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ):លេប1ថ្ងៃ6~12mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ រយៈពេលក្រោម7ថ្ងៃ។ ចំពោះជំងឺគ្រុនពោះវៀន(ជំងឺThyphoid feverនិងជំងឺParatyphoid) លេប1ថ្ងៃ15~18mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ រយៈពេល14ថ្ងៃ។
ករណីថ្នាំបន្តក់ភ្នែក(0.3%):
បន្តក់ក្នុងភ្នែក1ដង1តំណក់ ដោយប្រើ1ថ្ងៃ3ដង។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Fenbufen, Flurbiprofen axetil, Flurbiprofen។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (អាចមានករណីលើកលែងសម្រាប់ជំងឺAnthraxនិងជំងឺTularemia សូមពិនិត្យមើលព័ត៌មានបន្ថែម)។
・ទារក។
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទQuinolone។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ក្អួតចង្អោរ អារម្មណ៍មិនស្រួលក្នុងក្រពះឡើងកន្ទួលក្រហម រមាស់ ហើម ក្តៅខ្លួន រាករូស ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រចៀក ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន បាត់បង់ចំណង់អាហារ អស់កម្លាំង (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជំងឺរលាកនិងរបកស្បែក ជាដើម)។
- សាច់ដុំកន្ត្រាក់ ស្មារតីមិននឹងនរ ធ្លាក់ត្របកភ្នែក (ជំងឺប្រកាច់ វង្វេងស្មារតី បណ្ដុំរោគសញ្ញាGuillain-Barré syndrome ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)
- ឈឺសាច់ដុំដៃជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមថយចុះ ខាន់លឿង)
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ក្រហាយភ្នែក មានកករជាប់នៅកញ្ចក់ភ្នែក រមាស់ភ្នែក ភ្នែកក្រហម ហើមត្របកភ្នែក ចាំងភ្នែក ចេញទឹកភ្នែក ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថ Fenbufen, Flurbiprofen axetil, Flurbiprofen - អាចធ្វើអោយមានអាការៈប្រកាច់ ដូច្នេះ ហាមប្រើរួមជាមួយឱសថទាំងនេះ
・ឱសថ Diclofenac, Amfenac, Ketoprofen, Loxoprofen,
Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។
・ឱសថTheophylline, Aminophylline hydrate - អាចធ្វើអោយសកម្មភាពរបស់ឱសថទាំងនេះកើនឡើង
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង
・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានដូចជាងាយហូរឈាម ឈាមក្រកក។ល។
・ឱសថប្រឆាំងអាស៊ីតក្រពះដែលមានសារធាតុអាលុយមីញ៉ូម ម៉ាញេស្យូម កាល់ស្យូម និង ថ្នាំជាតិដែក - អាចធ្វើអោយការស្រូបសារធាតុឱសថNorfloxacinថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំNorfloxacinយ៉ាងតិច2ម៉ោង។
・ឱសថTizanidine hydrochloride - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង បង្កជាផលរំខានផ្សេងៗ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ (អាចមានករណីលើកលែងសម្រាប់ជំងឺAnthraxនិងជំងឺTularemia សូមពិនិត្យមើលព័ត៌មានបន្ថែម)
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើប្រាស់ឱសថនេះជាប្រចាំយូរអង្វែងនោះទេ រួមទាំងថ្នាំបន្តក់ភ្នែកផងដែរ។
・គួររក្សាទុកកុំអោយត្រូវពន្លឺ និងនៅទីមានសីតុណ្ហភាពធម្មតា(1~30℃)។ មិនគួររក្សាទុកនៅក្នុងទីត្រជាក់(ទូទឹកកជាដើម)រយៈពេលយូរនោះទេ។
・ករណីថ្នាំបន្តក់ភ្នែក មិនគួរកាន់ដបថ្នាំអោយប៉ះត្រូវភ្នែកនោះទេ ព្រោះអាចនាំអោយជាប់មេរោគនៅមាត់ដបថ្នាំ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទញូគីណូឡូនឬហ្វូលុយអូរ៉ូគីណូឡូន(New quinolone or Fluoroquinolone antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp