Nogitecan hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកសួតប្រភេទSmall-cell lung carcinoma

      - ជំងឺមហារីកក្រពេញអូវែរដែលប្រែជាកាន់តែធ្ងន់ធ្ងរក្រោយអនុវត្តការព្យាបាលដោយគីមី(Chemotherapy)

      - ជំងឺដុំសាច់មហារីកកើតលើកុមារ

      - ជំងឺមហារីកកស្បូនដែលកំពុងវិវត្តឬដែលរើឡើងវិញ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺមហារីកសួតប្រភេទSmall-cell lung carcinoma:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1.0mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រយៈពេល5ថ្ងៃបន្តបន្ទាប់គ្នា ហើយបន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់16ថ្ងៃ (ចាត់ទុកថា1វដ្ដ)។ បន្តអនុវត្តដូចនេះរហូតតទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីជំងឺមហារីកក្រពេញអូវែរដែលប្រែជាកាន់តែធ្ងន់ធ្ងរក្រោយអនុវត្តការព្យាបាលដោយគីមី(Chemotherapy):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1.5mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រយៈពេល5ថ្ងៃបន្តបន្ទាប់គ្នា ហើយបន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់16ថ្ងៃ (ចាត់ទុកថា1វដ្ដ)។ បន្តអនុវត្តដូចនេះរហូតតទៅ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ជំងឺដុំសាច់មហារីកកើតលើកុមារ:

      ប្រើក្នុងកម្រិត1ថ្ងៃ1ដង 0.75mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រយៈពេល5ថ្ងៃបន្តបន្ទាប់គ្នា ហើយបន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់16ថ្ងៃ (ចាត់ទុកថា1វដ្ដ)។ បន្តអនុវត្តដូចនេះរហូតតទៅ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។

      ・ករណីជំងឺមហារីកកស្បូនដែលកំពុងវិវត្តឬដែលរើឡើងវិញ:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 0.75mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រយៈពេល3ថ្ងៃបន្តបន្ទាប់គ្នា ហើយបន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់18ថ្ងៃ (ចាត់ទុកថា1វដ្ដ)។ បន្តអនុវត្តដូចនេះរហូតតទៅ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      *គួរលាយឱសថនេះនៅក្នុងសូលុយស្យុងអំបិល(Saline)បរិមាណ100mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេល30នាទី។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・ស្ត្រីកំពុងបំបៅដោះកូន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ អស់កម្លាំង មិនឃ្លានអាហារ ជ្រុះរោមឬសក់ ក្ដៅខ្លួន ទល់លាមក ជីពចរលឿន រាករូស រលាកក្នុងមាត់(ពងបែកក្នុងមាត់) ស្រកទម្ងន់ ជីវ្ហាវិញាណមានបញ្ហា ឆាប់ហត់ ឈឺពោះផ្នែកខាងលើ អាការៈឈឺចាប់ រោគសញ្ញាខ្វះឈាម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ឈឺពោះ កំអួតឬកំហាកលាយឈាម បន្ទោរបង់លាយឈាម លាមកពណ៌ខ្មៅ (ហូរឈាមតាមក្រពះពោះវៀន)

      - ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ពិបាកដកដង្ហើម ឈឺទ្រូង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍ ក្អក បែកញើស ក្ដៅខ្លួន ហើមពាក់កណ្ដាលខ្លួនចុះក្រោម បបូរមាត់និងថ្ពាល់ប្រែពណ៌ខៀវស្វាយ ឈឺនៅពេលដើរ (ជំងឺស្ទះដោយសារកំណកឈាមក្នុងសួត ជំងឺកើតមានកំណកឈាមនៅសរសៃវ៉ែនផ្នែកខាងក្នុង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

      ・ឱសថប្រភេទទប់ស្កាត់ប្រព័ន្ធចម្លងអ៊ីយ៉ុងអវិជ្ជមានក្នុងតម្រងនោម (ឱសថProbenecid ជាដើម) - អាចមានឥទ្ធិពលដល់ការបញ្ចេញចោលនៃឱសថ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីត្រូវផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ ឬ អ្នកជំងឺជាបុរសដែលមានដៃគូអាចមានផ្ទៃពោះ ត្រូវអនុវត្តការពន្យារកំណើតដែលមានប្រសិទ្ធិភាពក្នុងអំឡុងពេលប្រើប្រាស់និងមួយរយៈក្រោយបញ្ឈប់ការប្រើឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងអង់ស៊ីម Topoisomerases type I ដែលបង្កើតជាសមាសធាតុរួមជាមួយនឹងDNA ធ្វើអោយសមាសធាតុនោះមានលំនឹង មិនងាយបែកចេញពីគ្នា ហើយធ្វើអោយច្រវាក់DNAដាច់ជាកំណាត់ៗ។ ជាលទ្ធផល វាធ្វើអោយកោសិកាមហារីកស្លាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp