Nitroglycerin = Glyceryl trinitrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំគ្រាប់ដាក់ក្រោមអណ្ដាត:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction)

      - អាការៈហឺតកើតឡើងដោយសារបញ្ហាបេះដូង(Cardiac asthma)

      - កាត់បន្ថយអាការៈនៃជំងឺអាកាឡាស៊ា(Achalasia)ជាបណ្ដោះអាសន្ន។

      ករណីថ្នាំបាញ់ក្រោមអណ្ដាត:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈត្បៀតសរសៃឈាមក្នុងបេះដូងដែលកំពុងកើតឡើង។

      ករណីថ្នាំបិទលើស្បែក:

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - ជំងឺខ្សោយបេះដូងស្រួចស្រាវ (រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ)

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រក្សាសម្ពាធឈាមអោយនៅទាបក្នុងពេលវះកាត់

      - សង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីនៅក្នុងពេលវះកាត់

      - ជំងឺខ្សោយបេះដូងស្រួចស្រាវ (រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ)

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina)

      - កាត់បន្ថយការកន្ត្រាក់នៃសរសៃឈាមបេះដូងនៅក្នុងពេលអនុវត្តការថតរូបភាពនៃសរសៃឈាមបេះដូង។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំគ្រាប់ដាក់ក្រោមអណ្ដាត:

      មនុស្សពេញវ័យ:ប្រើ1ដង0.3~0.6mg។ ប្រសិនបើរោគសញ្ញាត្បៀតសរសៃឈាមបេះដូងមិនធូរស្បើយនៅប៉ុន្មាននាទីក្រោយទេ អាចប្រើ0.3~0.6mgបន្ថែមទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំបាញ់ក្រោមអណ្ដាត:

      មនុស្សពេញវ័យ:ប្រើ1ដង 0.3mg (1ចុច) ដោយបាញ់នៅក្រោមអណ្ដាល។ ករណីអាការៈមិនធូរស្បើយ អាចបាញ់1ចុចបន្ថែមទៀត។

      ករណីថ្នាំបិទលើស្បែក:

      មនុស្សពេញវ័យ:ការប្រើប្រាស់អាចខុសគ្នាទៅតាមប្រភេទឱសថ ដូចខាងក្រោម៖

      (1) ចំពោះជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)និងជំងឺខ្សោយបេះដូងស្រួចស្រាវ (រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ) ប្រើ1ដង1សន្លឹក (កម្រិតឱសថ5mg) 1ថ្ងៃ2ដងរៀងរាល់12ម៉ោងម្ដង បិទនៅលើទ្រូង ផ្នែកខាងលើនៃពោះ ខ្នង ដើមដៃ ឬ ភ្លៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      (2) ចំពោះជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) ប្រើ1ថ្ងៃ1ដង1សន្លឹក (កម្រិតឱសថ25mg) បិទនៅលើទ្រូង ចង្កេះ ឬ ដើមដៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើ2សន្លឹក។

      (3) ចំពោះជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) ប្រើ1ថ្ងៃ1ដង1សន្លឹក (កម្រិតឱសថ27mg) បិទនៅលើទ្រូង ចង្កេះ ឬ ដើមដៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើ2សន្លឹក។

      ករណីថ្នាំចាក់:

      ប្រើឱសថនេះដោយផ្ទាល់ ឬ ពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%ឬសេរ៉ូមឡាក់តាតជាដើម អោយបានកំហាប់0.005~0.05%(50~500μg/mL) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ ត្រូវប្រើឱសថនេះដោយព្យួរសេរ៉ូមក្នុងល្បឿនដែលបានកំណត់ទៅតាមទម្រង់នៃការប្រើប្រាស់ដូចខាងក្រោម៖

      ・ករណីប្រើនៅក្នុងការរក្សាសម្ពាធឈាមអោយនៅទាបក្នុងពេលវះកាត់:

      ចាប់ផ្ដើមប្រើពី 1~5μg/kg/នាទី ដើម្បីបញ្ចុះសម្ពាធឈាមមកដល់កម្រិតគោលដៅ បន្ទាប់មក អាចប្រែប្រួលល្បឿននៃសេរ៉ូម ដោយតាមដានសម្ពាធឈាមជាប់ជានិច្ច។

      ・ករណីប្រើនៅក្នុងការសង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីនៅក្នុងពេលវះកាត់:

      ចាប់ផ្ដើមប្រើពី 0.5~5μg/kg/នាទី ដើម្បីបញ្ចុះសម្ពាធឈាមមកដល់កម្រិតគោលដៅ បន្ទាប់មក អាចប្រែប្រួលល្បឿននៃសេរ៉ូម ដោយតាមដានសម្ពាធឈាមជាប់ជានិច្ច។

      ・ករណីជំងឺខ្សោយបេះដូងស្រួចស្រាវ (រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ):

      ចាប់ផ្ដើមប្រើពី 0.05~0.1μg/kg/នាទី ដោយបង្កើនម្ដង0.1~0.2μg/kg/នាទីរៀងរាល់5~15នាទី ព្រមទាំងតាមដានសម្ពាធឈាមនិងសម្ពាធក្នុងថតក្រោមខាងឆ្វេងនៃបេះដូងជាដើម ដើម្បីទទួលបានស្ថានភាពចរន្តឈាមដែលជាគោលដៅ រួចរក្សាល្បឿននៃសេរ៉ូមដែលសមល្មមបំផុតនោះសម្រាប់ការរក្សាស្ថានភាពល្អប្រសើរនៅក្នុងការគ្រប់គ្រងចរន្តឈាមរបស់អ្នកជំងឺ។

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina):

      ចាប់ផ្ដើមពីកម្រិត0.1~0.2μg/kg/នាទី ដោយបង្កើនម្ដង0.1~0.2μg/kg/នាទីរៀងរាល់5នាទី តាមរយៈការតាមដានសម្ពាធឈាមនិងអាការៈរបស់អ្នកជំងឺជាដើម។ រក្សាស្ថានភាពរបស់អ្នកជំងឺដោយប្រើឱសថនេះក្នុងកម្រិត1~2μg/kg/នាទីនិងបន្តក្នុងល្បឿននេះ។ ករណីមិនឃើញមានប្រសិទ្ធិភាព អាចប្រើ20~40μg/kgចាក់តាមសរសៃវ៉ែនយឺតៗ(1~3នាទី)បន្ថែមពីលើនោះរៀងរាល់1ម៉ោងម្ដង។

      ・ករណីប្រើនៅក្នុងការកាត់បន្ថយការកន្ត្រាក់នៃសរសៃឈាមបេះដូងនៅក្នុងពេលអនុវត្តការថតរូបភាពនៃសរសៃឈាមបេះដូង:

      មនុស្សពេញវ័យ:ប្រើឱសថនេះ0.2mg ដោយមិនចាំបាច់ពង្រាវ ចាក់ទៅក្នុងសរសៃអាកទែរបេះដូងក្នុងល្បឿនលឿនតាមរយៈឧបករណ៍Catheter។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite)

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)

      ・អ្នកដែលមានអាការៈខ្វះឈាមកម្រិតធ្ងន់ធ្ងរ

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)

      ・អ្នកដែលមានរបួសផ្នែកក្បាលឬកើតមានជំងឺហូរឈាមក្នុងខួរក្បាល (លើកលែងករណីថ្នាំចាក់)

      ・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ (លើកលែងករណីថ្នាំចាក់:)

    • ផលរំខាន

      ផលរំខានរួមមាន អាការៈខ្វះឈាមនៅក្នុងខួរក្បាល សម្ពាធឈាមធ្លាក់ចុះទាប អារម្មណ៍ក្ដៅ មុខក្រហម បេះដូងលោតញាប់ ឈឺក្បាល ធ្ងន់ក្បាល ក្អួតចង្អោរ ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ងងឹតមុខ វិលមុខ អស់កម្លាំង ដង្ហក់ ហត់ បាត់បង់ស្មារតី (សម្ពាធឈាមចុះទាបភ្លាមៗ បរិមាណឈាមច្របាច់ពីបេះដូងចុះថយ)។

    • អន្តរប្រតិកម្ម

      ・ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថបំពេញជាតិប៉ូតាស្យូមក្នុងរាងកាយ(Potassium chlorideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។

      ・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាមឬពង្រីកសរសៃឈាម (ឱសថប្រភេទCalcium antagonist, ឱសថប្រភេទACE Inhibitors, ឱសថប្រភេទBeta blockers, ឱសថបញ្ចុះទឹកនោម, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថប្រភេទMajor tranquilizers - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・ឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite)ផ្សេងទៀត - អាចធ្វើអោយកើតមានផលរំខានដូចជាឈឺក្បាលឬសម្ពាធឈាមធ្លាក់ចុះទាបជាដើម។

      ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Aspirinជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថNitroglycerinថយចុះ។

      ・គ្រឿងស្រវឹង - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・ឱសថPancuronium - អាចធ្វើអោយអូសបន្លាយរយៈពេលនៃប្រសិទ្ធិភាពឱសថPancuronium។

      ・ឱសថHeparin - អាចធ្វើអោយសកម្មភាពនៃឱសថHeparinថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមានទម្រង់ច្រើនប្រភេទ ដូច្នេះ ត្រូវយល់ច្បាស់អំពីចំណុចពិសេសនៃទម្រង់នីមួយៗ។

      -ប្រភេទថ្នាំគ្រាប់ដាក់ក្រោមអណ្ដាត:ប្រើនៅពេលមានអាការៈ។

      -ប្រភេទថ្នាំចាក់:សារធាតុឱសថអាចមានប្រតិកម្មភ្ជាប់ជាមួយនឹងឧបករណ៍ព្យូរសេរ៉ូមប្រភេទវីនីលក្លរ៉ាយ(Vinyl chloride) ដូច្នេះ ត្រូវប្រើប្រភេទប៉ូលីអេទីឡែន(Polyethylene)

      -ប្រភេទថ្នាំលប:មានប្រភេទធម្មតានិងប្រភេទបង្ហាញសកម្មភាពយូរ។ ថ្នាំលេបប្រភេទបង្ហាញសកម្មភាពយូរនឹងមិនមានប្រសិទ្ធិភាពទេប្រសិនបើប្រើដាក់ក្រោមអណ្ដាត។

      ករណីថ្នាំគ្រាប់ឬថ្នាំបាញ់ក្រោមអណ្ដាត:

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ឈឺក្បាល បញ្ហាស្មារតី ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសម្ពាធឈាមចុះទាបកាន់តែខ្លាំង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបិទលើស្បែក:

      ・អ្នកជំងឺអាចបិទឱសថនេះនៅលើផ្នែកទ្រូង ផ្នែកខាងលើនៃពោះ ផ្នែកខ្នង ចង្កេះ ឬ ដើមដៃ ប៉ុន្តែ ត្រូវចៀសវាងកន្លែងដែលមានបញ្ហាដូចជា ស្បែកដាច់រលាត់ កន្ទួលក្រហម ឬរលាក។ ប្រសិនបើមានញើស ទទឹក ឬប្រលាក់នៅលើស្បែក គួរជូតសម្អាតចេញសិនមុននឹងបិទឱសថនេះ។ ម្យ៉ាងទៀត គួរផ្លាស់ប្ដូរកន្លែងបិទបន្ដិចរាល់ដង ដើម្បីចៀសវាងកុំអោយមានអាការៈរោលនៅលើស្បែក។

    • សកម្មភាពឱសថ

      ឱសថនេះនឹងចូលទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាម ដោយបំលែងទៅជាអាសូតម៉ូណូអុកស៊ីត(NO) និងបង្កើនបរិមាណcGMPតាមរយៈសកម្មភាពនៃអង់ស៊ីមGuanylate cyclase បង្កអោយមានប្រតិកម្មមួយចំនួនដូចខាងក្រោម៖

      - ទប់ស្កាត់ការហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមចូលទៅក្នុងកោសិកា

      - ទប់ស្កាត់ការហូរចេញនៃអ៊ីយ៉ុងកាល់ស្យូមចេញពីកោសិកា។

      ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកន្ត្រាក់នៃសរសៃឈាម ធ្វើអោយសរសៃឈាមរីកធំទូលាយជាងមុខ ចរន្តឈាមក៏ដំណើរការបានស្រួល ហើយសម្ពាធឈាមក៏ថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp