Nicardipine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- សង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីនៅក្នុងពេលវះកាត់
- អាការៈសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងភ្លាមៗ
- ជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
មនុស្សពេញវ័យ:លេប1ដង10~20mg, 1ថ្ងៃ3ដង។
<ប្រភេទរយៈពេលសកម្មភាពវែង (LA)>
ចំពោះជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ មនុស្សពេញវ័យ លេប1ដង20~40mg, 1ថ្ងៃ2ដង។
ករណីថ្នាំចាក់:
・ករណីប្រើនៅក្នុងការសង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីក្នុងពេលវះកាត់:
ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់0.01~0.02% (0.1~0.2mg/mL) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ ចាប់ផ្ដើមព្យួរសេរ៉ូមក្នុងល្បឿន 2~10μg/kg/នាទី រហូតដល់សម្ពាធឈាមចុះមកកម្រិតគោលដៅ។ បន្ទាប់ពីនោះ អាចប្រែប្រួលល្បឿននៃសេរ៉ូម ដោយតាមដានសម្ពាធឈាមជាបន្តបន្ទាប់។ ករណីចាំបាច់ត្រូវបញ្ចុះសម្ពាធឈាមជាបន្ទាន់ អាចចាក់បន្ថែមឱសថនេះក្នុងកម្រិត10~30μg/kg តាមសរសៃវ៉ែន។
・ករណីអាការៈសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងភ្លាមៗ:
ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់0.01~0.02% (0.1~0.2mg/mL) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ ព្យួរសេរ៉ូមក្នុងល្បឿន 0.5~6μg/kg/នាទី ដោយចាប់ផ្ដើមពីល្បឿន0.5μg/kg/នាទី រហូតដល់សម្ពាធឈាមចុះមកកម្រិតគោលដៅ។ បន្ទាប់ពីនោះ អាចប្រែប្រួលល្បឿននៃសេរ៉ូម ដោយតាមដានសម្ពាធឈាមជាបន្តបន្ទាប់។
・ករណីជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ):
ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់0.01~0.02% (0.1~0.2mg/mL) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ ចាប់ផ្ដើមព្យួរសេរ៉ូមក្នុងល្បឿន 1μg/kg/នាទី។ អាចប្រែប្រួលល្បឿននៃសេរ៉ូម ទៅតាមស្ថានភាពរបស់អ្នកជំងឺ ក្នុងចន្លោះ0.5~2μg/kg/នាទី។
-
ហាមប្រើ
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងមានអាការៈហូរឈាមនៅក្នុងក្បាល។
・អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមនៅក្នុងខួរក្បាលនិងមានសម្ពាធនៅក្នុងក្បាលកើនឡើងខ្ពស់។
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺត្បៀតនៅប្រឹសបេះដូងធ្ងន់ធ្ងរ ឬ ជំងឺសាច់ដុំបេះដូងរីកធំធ្វើអោយស្ទះ(Hypertrophic obstructive cardiomyopathy) ឬ ជំងឺសម្ពាធឈាមទាប ឬ អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ (ករណីប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ)
・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងដោយស្ថានភាពនៅមិនទាន់នឹងនរនៅឡើយ។ (ករណីប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ)
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ក្អួតចង្អោរ មិនស្រួលក្នុងក្រពះ មុខក្រហម អារម្មណ៍ក្ដៅ បេះដូងលោតញាប់ សម្ពាធឈាមចុះទាប ហើម អស់កម្លាំង ឡើងកន្ទួលក្រហម រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ឈឺក្បាល ធ្ងន់ក្បាល វិលមុខ អញ្ចាញធ្មេញក្រាស់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។
ករណីថ្នាំចាក់:
ផលរំខានរួមមាន ក្អួតចង្អោរ មិនស្រួលក្នុងក្រពះ មុខក្រហម អារម្មណ៍ក្ដៅ បេះដូងលោតញាប់ សម្ពាធឈាមចុះទាប ហើម អស់កម្លាំង ឡើងកន្ទួលក្រហម រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ឈឺក្បាល ធ្ងន់ក្បាល វិលមុខ អញ្ចាញធ្មេញក្រាស់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមពោះ ទល់លាមក ឈឺពោះ ក្អួតចង្អោរ (ជំងឺស្ទះពោះវៀន)
- ដកដង្ហើមញាប់ ស្បែកពណ៌ខៀវស្វាយ (រោគសញ្ញានៃការខ្វះអុកស៊ីសែនក្នុងឈាម)
- ពិបាកដកដង្ហើម សម្លេងដង្ហើមខុសប្រក្រតី (ទឹកដក់ក្នុងសួត)
- ឈឺទ្រូង ថប់ទ្រូងដូចត្រូវគេរឹតឬសង្កត់ (រោគសញ្ញាត្បៀតសរសៃឈាមក្នុងបេះដូង)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។
・ឱសថប្រភេទBeta blockers (Propranolol ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាបនិងប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថDantrolene sodium hydrate - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថTandospirone citrate - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។
・ឱសថNitroglycerin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថទប់ស្កាត់ប្រព័ន្ធភាពស៊ាំ (Ciclosporin, Tacrolimus ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយសកម្មភាពនៃPhenytoinកើនឡើងនិងសកម្មភាពនៃNicardipineថយចុះ។
・ឱសថCimetidine - អាចធ្វើអោយសកម្មភាពនៃNicardipineកើនឡើង។
・ឱសថRifampicin - អាចធ្វើអោយសកម្មភាពនៃNicardipineថយចុះ។
・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Saquinavir, Ritonavir ជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNicardipineកើនឡើង។
・ផ្លែក្រូចថ្លុង - អាចធ្វើអោយសកម្មភាពនៃNicardipineកើនឡើង។
・ឱសថFentanyl - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។ (ករណីថ្នាំចាក់:)
・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំ - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំកើនឡើង។ (ករណីថ្នាំចាក់)
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារក។ (លើកលែងករណីថ្នាំចាក់:)
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងចម្លងកាល់ស្យូម(Calcium channel)ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមបេះដូងនិងសរសៃឈាមពេញរាងកាយ ធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ជាលទ្ធផល សម្ពាធឈាមក៏ចាប់ផ្ដើមថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp