Nevirapine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 200mg រយៈពេល14ថ្ងៃ។ បន្ទាប់ពីនោះ លេប1ថ្ងៃ400mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់មានរោគសញ្ញានៃជំងឺស្បែកធ្ងន់ធ្ងរដោយសារការប្រើឱសថនេះ។
・អ្នកដែលកំពុងមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានបញ្ហាថ្លើមដោយសារការប្រើឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថKetoconazole (ថ្នាំលេប)
・អ្នកដែលកំពុងប្រើប្រាស់ឱសថពន្យារកំណើត (រួមទាំងមធ្យោបាយពន្យារកំណើតផ្សេងទៀតដែលប្រើសារធាតុអរម៉ូន)
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្ដៅខ្លួន ចង់ក្អួត ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន ពងទឹកលើស្បែក រលាត់ស្បែកនៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)។
- ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ រមាស់ ហើមសរសៃ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អស់កម្លាំង ភ្នែកនិងស្បែកឡើងពណ៌លឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)
- អារម្មណ៍ក្រៀមក្រំ មិនសូវឃ្លានអាហារ គេងមិនលក់ (ជំងឺបាក់ទឹកចិត្ត)
-
អន្តរប្រតិកម្ម
・ឱសថKetoconazole(ថ្នាំលេប) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃKetoconazoleថយចុះ និង កំហាប់ក្នុងឈាមនៃNevirapineកើនឡើង ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថពន្យារកំណើត (រួមទាំងមធ្យោបាយពន្យារកំណើតផ្សេងទៀតដែលប្រើសារធាតុអរម៉ូន) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃថ្នាំពន្យារកំណើតថយចុះ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease Inhibitors (Indinavir, Saquinavir, Ritonavir, Fosamprenavir) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A (Cimetidine, Itraconazole, ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNevirapineប្រែប្រួល។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A (Rifampicin, Rifabutin) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNevirapineប្រែប្រួល។
・ឱសថផ្សេងទៀតដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNevirapineប្រែប្រួល។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពនៃWarfarinប្រែប្រួល។
・អាហារបំប៉នដែលមានសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNevirapineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះអាចបង្កអោយមានជំងឺស្បែកធ្ងន់ធ្ងរ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ Stevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN ឬ Lyell syndrome)) ដូច្នេះ ត្រូវប្រុងប្រយ័ត្ននូវចំណុចដូចខាងក្រោម:
- រោគសញ្ញានៃជំងឺស្បែកធ្ងន់ធ្ងរ អាចកើតឡើងជាពិសេសនៅក្នុងអំឡុងពេលគិតចាប់ពីពេលចាប់ផ្ដើមប្រើឱសថនេះរហូតដល់សប្ដាហ៍ទី18។
- រោគសញ្ញារួមមាន ក្ដៅខ្លួន ពងទឹកលើស្បែក ខុសប្រក្រតីនៅក្នុងមាត់ រលាកភ្នែក ហើមមុខនិងដៃជើង ឈឺសាច់ដុំ ឈឺសន្លាក់ អស់កម្លាំង។ ប្រសិនបើមានរោគសញ្ញាទាំងនេះ ត្រូវបញ្ឈប់ការប្រើឱសថនេះភ្លាម។
・ការប្រើឱសថនេះអាចបង្កអោយមានជំងឺថ្លើមធ្ងន់ធ្ងរ ដូច្នេះត្រូវប្រុងប្រយ័ត្នដូចខាងក្រោម:
- មុនពេលចាប់ផ្ដើមប្រើឱសថនេះ ត្រូវពិនិត្យមុខងារថ្លើមរបស់អ្នកជំងឺជាមុនសិន។ ម្យ៉ាងទៀត ក្រោយពេលចាប់ផ្ដើមប្រើឱសថ ក៏ត្រូវតាមដានមុខងារថ្លើមរបស់អ្នកជំងឺអោយបានទៀតទាត់ (យ៉ាងហោចណាស់1ដងក្នុងមួយខែនៅរយៈពេល6ខែដំបូងនៃការប្រើឱសថ)។ ប្រសិនបើឃើញមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp