Nedaplatin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទ ដូចជា មហារីកនៅផ្នែកក្បាលនិងក មហារីកសួតប្រភេទNon-small-cell lung carcinomaនិងប្រភេទSmall-cell lung carcinoma មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកពងស្វាស មហារីកក្រពេញអូវែរ មហារីកកស្បូន។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
1. មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ថ្ងៃ1ដង 80~100mg/m2(ផ្ទៃក្រឡារាងកាយ) បន្ទាប់មកផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់4សប្ដាហ៍ (1វដ្ដ)។ បន្តអនុវត្តដូចនេះតទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ជំងឺនិងរោគសញ្ញា។
2. នៅពេលប្រើប្រាស់ឱសថនេះ គួរលាយនៅក្នុងសូលុយស្យុងអំបិលឬសូលុយស្យុងXylitol 5% បរិមាណយ៉ាងហោចណាស់300mL ដោយបង្កើនបរិមាណទៅតាមកម្រិតឱសថ រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេល60នាទីឡើងទៅ។
3. បន្ទាប់ពីបញ្ចូលឱសថនេះ គួរព្យួរសេរ៉ូមបន្តបរិមាណចាប់ពី1000mLឡើងទៅ។
-
ហាមប្រើ
・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលមានផ្ទុកសារធាតុប្លាទីន(Pt)ផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ មិនឃ្លានអាហារ ជ្រុះរោមឬសក់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- មុខក្រហម ពិបាកដកដង្ហើម រងាញាក់ (ស្សុក(Shock) រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis))
- ក្ដៅខ្លួន រងាញាក់ ក្អក ឈាមច្រមុះ វិលមុខ ងាយហូរឈាម ឈាមក្រកក មានស្នាមជាំពណ៌ស្វាយ អស់កម្លាំង ដង្ហក់ ឈឺបំពង់ក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- បរិមាណទឹកនោមថយចុះ ពិបាកនោម ហើមមុខនិងដៃជើង (មុខងារតម្រងនោមថយចុះ)
- ស្តាប់សម្លេងមិនសូវលឺ ហ៊ឹងត្រចៀក (ប៉ះពាល់សោតវិញាណ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside - អាចធ្វើអោយផលប៉ះពាល់ដល់តម្រងនោមឬត្រចៀកកើនឡើង។
・ឱសថប្រឆាំងបាក់តេរីVancomycin hydrochloride - អាចធ្វើអោយផលប៉ះពាល់ដល់តម្រងនោមឬត្រចៀកកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈបណ្ដាលមកពីផលប៉ះពាល់ទៅលើខួរឆ្អឹងនិងតម្រងនោម ដោយតម្រូវអោយអ្នកជំងឺត្រូវទទួលការពិនិត្យឈាមជាញឹកញាប់។
-
សកម្មភាពឱសថ
ឱសថនេះនឹងផ្ដល់ជាប្លាទីន(Pt)និងអ៊ីយ៉ុងជាច្រើនប្រភេទដែលសារធាតុទាំងនេះមានសកម្មភាពភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកាមហារីក ដើម្បីបង្អាក់ដំណើរការផលិតDNAដែលចាំបាច់សម្រាប់ការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp