Nab-paclitaxel

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីក ដូចខាងក្រោម៖

      - ជំងឺមហារីកសុដន់

      - ជំងឺមហារីកក្រពះ

      - ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma

      - ជំងឺមហារីកលំពែងដែលមិនអាចវះកាត់បាន។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថនេះ ឬ ឱសថPaclitaxel ឬ សារធាតុAlbumin។

      ・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លង។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ញាណនៅដៃជើងចុះខ្សោយ ជ្រុះរោមឬសក់ ឈឺសន្លាក់ ឈឺសាច់ដុំ ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម ចង់ក្អួត ដំបៅក្នុងមាត់ រួយខ្លួន រាករូស ហើម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន រងាញាក់ ងាយហូរឈាម ឈាមក្រកក អាការៈខ្វះឈាម(ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - រងាញាក់ ក្ដៅខ្លួនខ្លាំងភ្លាមៗ ឈឺសាច់ដុំនិងសន្លាក់ រោគសញ្ញដូចផ្ដាសាយ រួយខ្លួន (ជំងឺឆ្លងបាក់តេរីចូលក្នុងឈាម(Sepsis)ជាដើម)

      - ស្ពឹកដៃជើង មិនអាចធ្វើការងារដែលប្រើចុងម្រាមបាន (ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទដៃជើង)

      - មិនអាចបិទភ្នែកបាន មិនអាចជ្រួញចិញ្ចើមបាន មិនអាចលេបបាន សម្លេងស្អក (ស្ពឹកប្រព័ន្ធសរសៃប្រសាទខួរក្បាល)

      - ពិបាកដកដង្ហើម ឈឺទ្រូង សម្ពាធឈាមធ្លាក់ចុះ ជីពចរលឿនឬយឺតខុសប្រក្រតី ក្ដៅមុខ ហើម បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - មានអាការៈពិបាកដកដង្ហើមភ្លាមៗ(ជំងឺAcute respiratory distress syndrome)

      - បេះដូងលោតញាប់ ដង្ហក់ ឈឺទ្រូង ពិបាកដកដង្ហើម (ស្ទះសរសៃឈាមបេះដូង មុខងារបញ្ជូនសញ្ញាបេះដូងមានបញ្ហា មុខងារបេះដូងចុះខ្សោយ)

      - ឈឺក្បាល វិលមុខ ចង់ក្អួត ពិបាកដកដង្ហើម ឈឺទ្រូង ឈឺនិងហើមតាមសរសៃឈាម (ស្ទះសរសៃឈាមក្នុងខួរក្បាល ស្ទះកំណកឈាមក្នុងសួត ទឹកក្នុងសួត រលាកសរសៃវ៉ែនដោយមានកំណកឈាម)

      - ពិបាកស្ដាប់លឺ ហ៊ឹងត្រចៀក

      - ឈឺពោះខ្លាំង បត់ជើងមានឈាម (ហូរឈាមឬដំបៅនៅតាមបំពង់រំលាយអាហារ)

      - ឈឺពោះខ្លាំង រាករូស (រលាកពោះវៀនធ្ងន់ធ្ងរ)

      - បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ទល់លាមកខ្លាំង ឈឺពោះ ហើមពោះ (ស្ទះពោះវៀន ពោះវៀនស្ពឹក)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង រួយខ្លួន បាត់បង់ចំណង់អាហារ(មុខងារថ្លើមថយចុះ ខាន់លឿង)

      - ឈឺផ្នែកខាងលើនៃពោះខ្លាំង (រលាកលំពែង)

      - នោមមិនចេញ នោមមានឈាម ហើម (មុខងារតម្រងនោមថយចុះ)

      - ក្តៅខ្លួន ស្នាមក្រហមរាងមូលលើស្បែក ក្ដៅខ្លួន ត្របកភ្នែកនិងភ្នែកក្រហម រលាត់បបូរមាត់និងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ងាយហូរឈាម ឈាមក្រកក (ជំងឺDisseminated intravascular coagulation syndrome, DIC)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

      ・ឱសថCisplatin - អាចធ្វើអោយផលរំខានដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រាសាទដៃជើងងាយកើតឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសថនេះនៅមុនពេលប្រើCisplatin និងត្រូវតាមដានអាការៈរបស់អ្នកជំងឺអោយបានដិតដល់។

      ・ឱសថDoxorubicin hydrochloride - អាចធ្វើអោយផលរំខានដែលប៉ះពាល់ដល់មុខងារបេះដូងងាយកើតឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសនេះនៅក្រោយពេលប្រើDoxorubicin និងត្រូវតាមដានអាការៈរបស់អ្នកជំងឺអោយបានដិតដល់។

      ・វិតាមីនA, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides(Erythromycin, Clarithromycin ជាដើម), អរម៉ូនប្រភេទស្តេរ៉ូអ៊ីត(Ethinylestradiolជាដើម), ឱសថបញ្ចុះសម្ពាធឈាមCalcium antagonistsប្រភេទDihydropyridine(Nifedipineជាដើម), Ciclosporin, Verapamil, Quinidine, Midazolam, Phenacetin, Lapatinib tosilate hydrate - អាចធ្វើអោយផលប៉ះពាល់ដល់មុខងារខួរឆ្អឹងងាយកើតឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈបណ្ដាលមកពីផលប៉ះពាល់ទៅលើខួរឆ្អឹង ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិត។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp