Mycophenolate mofetil = Mycophenolic acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ប្រតិកម្មបដិសេធ(Transplant rejection)លក្ខណៈពិបាកព្យាបាល ដែលកើតមានក្រោយការវះកាត់ផ្លាស់ប្ចូរសរីរាង្គតម្រងនោម (ករណីដែលត្រូវបានចាត់ទុកថាជាប្រតិកម្មបដិសេធពិបាកព្យាបាលដោយសារការប្រើឱសថកន្លងមកមិនមានប្រសិទ្ធិភាពឬមិនអាចប្រើឱសថទាំងនោះព្រោះវាបង្កផលរំខានផ្សេងៗ)។
- ប្រតិកម្មបដិសេធ(Transplant rejection) ដែលកើតមាននៅក្នុងការវះកាត់ផ្លាស់ប្ចូរសរីរាង្គដូចខាងក្រោម៖ តម្រងនោម បេះដូង ថ្លើម សួត លំពែង។
- ជំងឺរលាកតម្រងនោមលូពូស(Lupus nephritis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីវះកាត់ផ្លាស់ប្ដូរតម្រងនោម:
- ព្យាបាលប្រតិកម្មបដិសេធ(Transplant rejection)លក្ខណៈពិបាកព្យាបាល ដែលកើតមានក្រោយការវះកាត់ផ្លាស់ប្ចូរសរីរាង្គតម្រងនោម: មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង 1500mg 1ថ្ងៃ2ដង រៀងរាល់12ម៉ោង នៅក្រោយពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- ទប់ស្កាត់ប្រតិកម្មបដិសេធ(Transplant rejection)ដែលកើតមាននៅក្នុងការវះកាត់ផ្លាស់ប្ចូរសរីរាង្គតម្រងនោម: មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង 1000mg 1ថ្ងៃ2ដង រៀងរាល់12ម៉ោង នៅក្រោយពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត3000mgក្នុង1ថ្ងៃនោះទេ។ ចំពោះកុមារ លេបក្នុងកម្រិត1ដង300~600mg/m2 1ថ្ងៃ2ដង រៀងរាល់12ម៉ោង នៅក្រោយពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត2000mgក្នុង1ថ្ងៃនោះទេ។
・ករណីទប់ស្កាត់ប្រតិកម្មបដិសេធ(Transplant rejection)ដែលកើតមាននៅក្នុងការវះកាត់ផ្លាស់ប្ចូរសរីរាង្គបេះដូង ថ្លើម សួត ឬ លំពែង:
មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង 500~1500mg 1ថ្ងៃ2ដង រៀងរាល់12ម៉ោង នៅក្រោយពេលបរិភោគអាហារ។ ប៉ុន្តែ កម្រិតបង្ហាញប្រសិទ្ធិភាពចំពោះអ្នកជំងឺម្នាក់ៗមានលក្ខណៈខុសគ្នា ដូច្នេះ គេអាចនឹងចាំបាច់ត្រូវផ្លាស់ប្ដូរកម្រិតប្រើប្រាស់ដោយប្រុងប្រយ័ត្នដើម្បីទទួលបានប្រសិទ្ធិភាពល្អបំផុត។
・ករណីជំងឺរលាកតម្រងនោមលូពូស(Lupus nephritis):
មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង 250~1000mg 1ថ្ងៃ2ដង រៀងរាល់12ម៉ោង នៅក្រោយពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត3000mgក្នុង1ថ្ងៃនោះទេ។ ចំពោះកុមារ លេបក្នុងកម្រិត1ដង150~600mg/m2 1ថ្ងៃ2ដង រៀងរាល់12ម៉ោង នៅក្រោយពេលបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត2000mgក្នុង1ថ្ងៃនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ក្នុងអំឡុងពេលប្រើឱសថនេះ អ្នកជំងឺមិនត្រូវទទួលការចាក់វ៉ាក់សាំងប្រភេទវ៉ាក់សាំងរស់(Attenuated ឬ live vaccine)នោះទេ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រោគសញ្ញាស្រដៀងនឹងផ្ដាសាយ រួយខ្លួន ក្ដៅខ្លួន ក្អួតចង្អោរ (ជំងឺឆ្លង)
- ភ្លេចភ្លាំង ពិបាកផ្ដុំអារម្មណ៍ពិចារណា ស្ពឹកដៃជើង ពិបាកនិយាយ សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (Progressive multifocal leukoencephalopathy, PML)
- រួយខ្លួន ឈឺក្បាល ក្ដៅខ្លួន ហើម ឈឺផ្នែកខាងក្រោមនៃពោះ នោមញឹក នោមសល់ នោមឈាម បរិមាណទឹកនោមថយចុះ (ជំងឺតម្រងនោមBK virus nephropathy)
- រួយខ្លួន វិលមុខ បេះដូងលោតញាប់ ដកដង្ហើមដង្ហក់ ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក ហ៊ឹងត្រចៀក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែក ងាយហូរឈាម មានស្នាមជាំលើស្បែក ឈាមក្រកក (ប៉ះពាល់ប្រព័ន្ធឈាមធ្វើអោយគ្រាប់ឈាមគ្រប់ប្រភេទថយចុះ)
- ហើមកូនកណ្ដុរ បែកញើសពេលគេង ក្ដៅខ្លួន ស្រកទម្ងន់ មិនឃ្លានអាហារ ងាយហូរឈាម រោគសញ្ញាខ្វះឈាម (ជំងឺMalignant Lymphoma ជំងឺលក្ខណៈកោសិកាទឹករងៃកើនឡើងច្រើនហួសហេតុ(Lymphoproliferative disease))
- ប្រជ្រុយមានអាការៈរមាស់ ឈឺចាប់ ចេញឈាម មានក្រមរពណ៌ក្រហមត្នោត ឡើងដំបៅ ឬ មានទំហំធំជាងមុន (ដុំសាច់មហារីកជាពិសេសនៅលើស្បែក)
- លាមកមានឈាម លាមកពណ៌ខ្មៅ ក្អួតចង្អោរ កំអួតមានឈាម ឈឺក្រពះ ឈឺពោះខ្លាំងក្លា មិនបន្ទោរបង់ឬផោម (ដំបៅក្រពះពោះវៀន ហូរឈាមនៅក្រពះពោះវៀន ធ្លាយក្រពះពោះវៀន ស្ទះពោះវៀន(ileus))
- បែកញើស លាមកជ្រាយ លាមករាវដូចទឹក ឈឺពោះខ្លាំង ចង់ក្អួត (រាករូសធ្ងន់ធ្ងរ)
- ពិបាកផ្ដុំអារម្មណ៍ពិចារណា ពិបាកធ្វើការសម្រេចចិត្ត ស្មារតីដឹងខ្លួនធ្លាក់ចុះ ធ្ងន់ក្បាល ដកដង្ហើមវែងៗ ពិបាកដកដង្ហើម ឈប់ដកដង្ហើមរយៈពេលខ្លី វិលមុខ ញ័រដៃជើង អស់កម្លាំង រួយខ្លួន បរិមាណទឹកនោមថយចុះ ស្ងួតក (ការឡើងជាតិអាស៊ីតក្នុងឈាម(Acidosis) ស្ថានភាពខ្វះអុកស៊ីសែនក្នុងរាងកាយ ខ្សោះជាតិទឹក)
- ផឹកទឹកច្រើន នោមច្រើន រួយខ្លួន ស្រកទម្ងន់ ស្ងួតក (ជំងឺទឹកនោមផ្អែម)
- ក្អួតចង្អោរ កំអួតលាយឈាម ហើមពោះ ឈឺទ្រូង ថប់ទ្រូងដូចគេរឹត ឈឺពោះខ្លាំង ហូរឈាម ឈឺជើងខ្លាំង ស្ពឹក អារម្មណ៍ដូចត្រូវសង្កត់នៅទ្រូង (ជំងឺកើតមានកំណកឈាម(Thrombosis))
- ក្ដៅខ្លួន បរិមាណទឹកនោមថយចុះ ឈឺក្បាល មិនឃ្លានអាហារ ស្ងួតក ហើមដៃជើង ហើមមុខ (ប៉ះពាល់មុខងារតម្រងនោមធ្ងន់ធ្ងរ)
- ដកដង្ហើមងាយស្រួលនៅពេលអង្គុយជាជាងនៅពេលទម្រេតខ្លួន ពិបាកដកដង្ហើម ដង្ហក់ ហើមពេញខ្លួន រួយខ្លួន ឆាប់ហត់ មិនឃ្លានអាហារ បេះដូងលោតញាប់ អារម្មណ៍ដូចត្រូវសង្កត់នៅទ្រូង បែកញើស ឈឺទ្រូង អារម្មណ៍ដូចត្រូវរឹតនៅទ្រូង បាត់បង់ស្មារតី ឈប់ដកដង្ហើម (មុខងារបេះដូងចុះខ្សោយ ជំងឺត្បៀតសរសៃឈាមបេះដូង ជំងឺសម្ពាធឈាមកើនឡើងនៅសួត អាការៈបេះដូងឈប់ដើរ)
- ជីពចរខុសប្រក្រតី អារម្មណ៍មិនស្រួលនៅទ្រូង ឈឺទ្រូង បេះដូងលោតញាប់ ស្មារតីដឹងខ្លួនធ្លាក់ចុះ វិលមុខ បាត់បង់ស្មារតី ដកដង្ហើមដង្ហក់ (ជំងឺចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia))
- ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត ក្អួតចង្អោរ មិនឃ្លានអាហារ រមាស់ស្បែក រួយខ្លួន (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម ក្អួតចង្អោរ ដកដង្ហើមងាយស្រួលនៅពេលអង្គុយជាជាងពេលទម្រេតខ្លួន ឈប់ដកដង្ហើមរយៈពេលចាប់ពី10វិនាទីឡើង ឈឺទ្រូង (ទឹកដក់ក្នុងសួត រោគសញ្ញាមិនដកដង្ហើម(Apnea) ខ្យល់ដក់ក្នុងទ្រូង)
- សាច់ដុំកន្ត្រាក់ ស្មារតីវង្វេងវង្វាន់ ពិបាកផ្ដុំអារម្មណ៍ពិចារណា ឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត មិនអាចប្រាស្រ័យទាក់ទងនឹងអ្នកដទៃបាន ម៉ួរម៉ៅ អារម្មណ៍រំភើបហួសហេតុ មិនអាចគ្រប់គ្រងអារម្មណ៍បាន (ជំងឺផ្លូវចិត្ត)
- រោគសញ្ញាហឺត កន្ទាលត្រអាក តឹងច្រមុះ ហូរសម្បោរ រមាស់ភ្នែក កណ្ដាស់ (រោគប្រតិកម្មអាលែកហ្ស៊ី)
- មិនលឺសម្លេង ពិបាកស្ដាប់ ហ៊ឹងត្រចៀក (រោគសញ្ញាពិបាកស្ដាប់លឺ)។
-
អន្តរប្រតិកម្ម
・វ៉ាក់សាំងរស់ - អាចធ្វើអោយកើតមានជំងឺដែលត្រូវបង្ការនោះនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពប្រព័ន្ធភាពស៊ាំកំពុងធ្លាក់ចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថAzathioprine ឱសថMizoribine - អាចធ្វើអោយផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងងាយកើតឡើង។
・ឱសថCiclosporin ឱសថColestyramine ឱសថColestimide ឱសថបន្សាបអាស៊ីតក្រពះដែលមានផ្ទុកសារធាតុអាលុយមីញ៉ូម(Al)ឬម៉ាញេស្យូម(Mg) ឱសថLansoprazole ឱសថSevelamer ឱសថCiprofloxacin ឱសថAmoxicillin/Clavulanic acid ឱសថRifampicin - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថMycophenolate mofetil ថយចុះ។
・ឱសថAciclovir ឱសថValaciclovir ឱសថGanciclovir ឱសថValganciclovir - អាចធ្វើអោយកើតមានផលរំខានផ្សេងៗ។
・វ៉ាក់សាំងអសកម្ម (Inactivated vaccine) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះវាអាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ ព្រោះមិនមានការធានាថាឱសថនេះមិនជ្រាបចូលក្នុងទឹកដោះម្ដាយនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចបង្កផលប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ ដូច្នេះ អ្នកជំងឺជាស្ត្រីត្រូវទទួលការពិនិត្យបញ្ជាក់ថាមិនកំពុងមានផ្ទៃពោះជាមុនសិនមុននឹងចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត ស្ត្រីត្រូវប្រើប្រាស់វិធីពន្យារកំណើតដែលអាចទុកចិត្តបានចាប់ពីពេលមុនប្រើរហូតដល់6សប្ដាហ៍ក្រោយបញ្ឈប់ការប្រើឱសថនេះ ដោយទទួលការពិនិត្យផ្ទៃពោះអោយបានជាប្រចាំ។
-
សកម្មភាពឱសថ
ពេលចូលដល់ក្នុងរាងកាយ ឱសថនេះនឹងបំលែងទៅជាសារធាតុMPAយ៉ាងឆាប់រហ័ស និងបង្អាក់សកម្មភាពនៃអង់ស៊ីម IMP dehydrogenase (IMPDH)នៅក្នុងប្រព័ន្ធde novo ក្នុងចំណោមប្រព័ន្ធសំយោគសារធាតុពួរីន(រួមមាន2ប្រព័ន្ធគឺ de novo និង salvage)។ សកម្មភាពនេះធ្វើអោយបរិមាណGTPនិងDeoxy-GTPថយចុះច្រើន ហើយដំណើរការសំយោគDNAត្រូវបានរាំងស្ទះ។
កោសិកាទឹករងៃរួមមានកោសិកាBនិងកោសិកាTពឹងផ្អែកជាចម្បងលើប្រព័ន្ធde novoដើម្បីសំយោគDNA ដូច្នេះ ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកើនឡើងនៃកោសិកាទឹករងៃ ដោយមិនមានឥទ្ធិពលទៅលើប្រព័ន្ធsalvageដែលដំណើរការជាចម្បងស្របជាមួយនឹងប្រព័ន្ធde novoនៅក្នុងកោសិកាផ្សេងទៀតក្រៅពីកោសិកាក្នុងប្រព័ន្ធភាពស៊ាំនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp