Milnacipran hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ25mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ 100mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- មនុស្សចាស់:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ25mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ និង អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ 60mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride)។
・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត ងងុយគេង ពិបាកនោម ទល់លាមក ឈឺពោះ ឈឺក្បាល ជីពចរដើរលឿន ស្ងួតក ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ ជីពចរដើរលឿន(Syndrome malin)
- អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងខ្ពស់ ក្ដៅខ្លួន បែកញើស (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome))
- ក្ដៅខ្លួនខ្លាំង ពងទឹកលើស្បែក រលាត់ភ្នាសនៅភ្នែកឬមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome)
- សាច់ដុំកន្ត្រាក់ កើនទម្ងន់ភ្លាមៗដោយមិនមានអាការៈហើម បាត់បង់ស្មារតី (SIADH)
- ឈឺក្បាល ដង្ហក់ ឈាមច្រមុះ អារម្មណ៍មិននឹងនរ (វិបត្តិនៃការកើនឡើងសម្ពាធឈាមខ្ពស់(Hypertensive crisis))។
-
អន្តរប្រតិកម្ម
・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់14ថ្ងៃ ក្នុងករណីប្រើឱសថMilnacipranចំពោះអ្នកជំងឺដែលបានទទួលឱសថប្រភេទMonoamine oxidase inhibitors។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・គ្រឿងស្រវឹង - អាចបង្កើនសកម្មភាពឱសថព្យាបាលជំងឺបាក់ទឹកចិត្ត។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថបញ្ចុះសម្ពាធឈាម(ឱសថClonidine hydrochloride ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថបញ្ចុះសម្ពាធឈាមថយចុះ។
・ឱសថLithium carbonate - អាចធ្វើអោយសកម្មភាពនៃសេរ៉ូតូនីនកើនឡើង បង្កជាបណ្ដុំរោគសញ្ញាសេរ៉ូតូនីន ជាដើម។
・ឱសថប្រភេទTriptan (Sumatriptan ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់សម្ពាធឈាមឬសរសៃឈាមបេះដូង។
・ឱសថMethylthioninium chloride hydrate - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome)។
・ឱសថDigoxin - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ និង ជីពចរដើរលឿន។
・ឱសថAdrenaline, ឱសថNoradrenaline - អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្ពស់។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ការប្រើប្រាស់ឱសថនេះ អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្ពស់ ដូច្នេះ អ្នកដែលមានជំងឺលើសសម្ពាធឈាមឬជំងឺបេះដូង គួរធ្វើការវាស់សម្ពាធឈាមអោយបានទៀងទាត់។
・ដោយសារឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុន័រអាដ្រេណាលីន ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma)ឬជំងឺរីកក្រពេញប្រូស្តាតជាដើម។
・ឱសថនេះបង្ហាញប្រសិទ្ធិភាពលឿនជាងឱសថSSRI ហើយអាការៈធូរស្បើយក៏ច្រើន។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុន័រអាដ្រេណាលីន(Noradrenaline) និង សារធាតុសេរ៉ូតូនីន(Serotonin)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុប្រភេទម៉ូណូអាមីនទាំងនេះកើនឡើងនៅក្នុងស៊ីណាប់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp