Midazolam
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើក្នុងបម្រើប្រាស់ដូចខាងក្រោម៖
- ព្យាបាលអាការៈនៅក្នុងរោគសញ្ញាប្រកាច់លក្ខណៈអូសបន្លាយ (Status epilepticus)។
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ។
- ប្រើនៅក្នុងការចាប់ផ្ដើមនិងរក្សាស្ថានភាពសណ្ដំពេញខ្លួន (General anesthesia)
- ប្រើជាឱសថរំងាប់អារម្មណ៍ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយឧបករណ៍ដកដង្ហើមសិប្បនិម្មិតនៅក្នុងបន្ទប់ប្រពោធនកម្ម (ICU)
- ប្រើជាឱសថរំងាប់អារម្មណ៍នៅក្នុងការវះកាត់ឬការព្យាបាលទាក់ទងនឹងមាត់ធ្មេញ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (Ritonavir, Saquinavir, Indinavir, Nelfinavir, Darunavir, Atazanavir, Fosamprenavir), ឱសថEfavirenz, ឱសថCobicistat។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma) ឬ មានអាការៈពុលជាតិអាល់កុលស្រួចស្រាវដោយកំពុងមានសញ្ញាជីវិតមិនល្អ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហមពេញខ្លួន ក្ដៅខ្លួន ត្អើក ក្អក មានស្លេស្ម សម្ពាធកើនឡើងឬចុះទាប វិលមុខ ឈឺក្បាល ភ្នែកមើលមិនច្បាស់ ចង់ក្អួត ក្អួត កន្ទាលត្រអាក រមាស់ស្បែក ហើមមុខ បែកញើស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ដកដង្ហើមរាក់ៗ ដកដង្ហើមលឿនពេលកំពុងគេងលក់ (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)
- ចង្វាក់បេះដូងដើរលឿន គាំងបេះដូង
- ទឹកមុខស្លេកស្លាំង សម្ពាធឈាមចុះទាប (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ នៅស្ងៀមមិននិយាយស្ដី(Syndrome malin)
- ក្រោយពេលបន្ថយបរិមាណឬឈប់ប្រើប្រាស់ឱសថ មានអារម្មណ៍មិនស្ងប់ឬគេងមិនលក់ ញ័រដៃជើង រវើរវាយ សាច់ដុំកន្ត្រាក់ (អាការៈញៀន)។
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម៖ ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (Ritonavir, Saquinavir, Indinavir, Nelfinavir, Darunavir, Atazanavir, Fosamprenavir) - អាចធ្វើអោយសកម្មភាពរំងាប់អារម្មណ៍កើនឡើង និង ប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដង្ហើម។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថEfavirenz, ឱសថCobicistat - អាចធ្វើអោយសកម្មភាពរំងាប់អារម្មណ៍កើនឡើង ប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដង្ហើម និង ប៉ះពាល់ដល់ចង្វាក់បេះដូង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors, គ្រឿងស្រវឹង) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាលកើនឡើង។
・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A4ជាចម្បង (ឱសថCarbamazepine, Clobazam, Topiramate ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះឬឱសថMidazolamកើនឡើង។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Ketoconazole, Fluconazole, Itraconazole ជាដើម), ឱសថCimetidine, Erythromycin, Clarithromycin, Telithromycin, Quinupristin/Dalfopristin ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាលកើនឡើង។
・ឱសថប្រឆាំងជំងឺមហារីក (Vinorelbine, Paclitaxel ជាដើម) - អាចធ្វើអោយផលប៉ះពាល់ដល់មុខងារខួរឆ្អឹងកើនឡើង។
・ឱសថPropofol - អាចធ្វើអោយប៉ះពាល់ដល់សម្ពាធឈាម ចង្វាក់បេះដូង ជាដើម។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (ឱសថRifampicin, Carbamazepine, Phenytoin, Phenobarbital, Enzalutamide, Dabrafenib, Mitotane, Amenalief ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃMidazolamថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈឈប់ដកដង្ហើមដែលអាចកើតមានឡើងនិងមានគ្រោះថ្នាក់ដល់ជីវិត។
・ចំពោះអ្នកជំងឺជាទារកទើបកើតឬទារកកើតមិនគ្រប់ទម្ងន់ មិនត្រូវចាក់បញ្ចូលឱសថនេះតាមសរសៃវ៉ែនដោយល្បឿនលឿននោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp