Miconazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីមេរោគផ្សិត ដូចជា ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅសួត ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ដែលបង្កឡើងដោយមេរោគផ្សិតCryptococcus, Candida, Aspergillus ឬ Coccidioides។

      ករណីថ្នាំលាបលើស្បែករឺក្រចក(1%):

      ជំងឺRingwormឬTinea (នៅតាមដងខ្លួន ក្រលៀន ជើង) ជំងឺកង់ឌីដាស៊ីស(Candidiasis)(នៅតាមម្រាម ក្រចក ប្រដាប់ភេទ ស្បែក។ល។) ជំងឺTinea versicolor។

      ករណីថ្នាំលាបក្នុងមាត់រឺលេបតាមមាត់(2%):

      ជំងឺកង់ឌីដាស៊ីស(Candidiasis) ក្នុងមាត់និងក្នុងបំពង់អាហារ។

      ករណីថ្នាំសុលតាមទ្វារមាស (Miconazole nitrate):

      ជំងឺរលាកខាងក្នុងឬខាងក្រៅទ្វារមាសដោយសារមេរោគកង់ឌីដា(ជំងឺCandidiasis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      ពង្រាវឱសថនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូស5% បរិមាណចាប់ពី200mLឡើងសម្រាប់ឱសថ200mg។ ចាប់ផ្ដើមប្រើនៅលើកដំបូងក្នុងកម្រិត1ដង200mg បន្ទាប់ពីនោះ ប្រើ1ដង200~400mg, 1ថ្ងៃ1~3ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30~60នាទីឡើងទៅ។ ករណីអ្នកជំងឺដែលត្រូវកម្រិតបរិមាណទឹកបញ្ចូលក្នុងរាងកាយ ប្រើដោយពង្រាវឱសថនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូស5% បរិមាណចាប់ពី50mLឡើងសម្រាប់ឱសថ200mg និង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30~60នាទីឡើងទៅ។ ករណីរលាកស្រោមខួរ ត្រូវអនុវត្តរួមជាមួយការចាក់ចូលក្នុងចន្លោះខួរឆ្អឹង(Medullary cavity)។

      ・ករណីចាក់ចូលក្នុងចន្លោះខួរឆ្អឹង(Medullary cavity):

      ប្រើ1ថ្ងៃ1ដង 5~20mg រៀងរាល់1~7ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំលាបលើស្បែករឺក្រចក(1%):

      លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ2~3ដង។

      ករណីថ្នាំលាបក្នុងមាត់រឺលេបតាមមាត់(2%):

      ・ជំងឺកង់ឌីដាស៊ីស (Candidiasis)ក្នុងមាត់:ប្រើ1ថ្ងៃ200~400mg (ត្រូវនឹងថ្នាំលាប10~20g) បែងចែកជា4ដងក្នុង1ថ្ងៃ(ក្រោយបរិភោគអាហារនិងមុនចូលគេង) ដោយលាបពេញក្នុងមាត់ ទុកចោលមួយរយៈពេល សឹមលេបចូល។

      ・ជំងឺកង់ឌីដាស៊ីស (Candidiasis)ក្នុងបំពង់អាហារ:ប្រើ1ថ្ងៃ200~400mg (ត្រូវនឹងថ្នាំលាប10~20g) បែងចែកជា4ដងក្នុង1ថ្ងៃ(ក្រោយបរិភោគអាហារនិងមុនចូលគេង) ដោយបៀមក្នុងមាត់ រួចលេបចូលបន្តិចម្ដងៗ។

      ជាទូទៅ រយៈពេលប្រើប្រាស់គឺ14ថ្ងៃ ប៉ុន្តែ ប្រសិនបើប្រើ7ថ្ងៃហើយ រោគសញ្ញាមិនធូរស្បើយទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះនិងប្ដូរទៅការព្យាបាលផ្សេងទៀត។

      ករណីថ្នាំសុលតាមទ្វារមាស (Miconazole nitrate):

      ប្រើ1ថ្ងៃ1ដង 100mg សុលដល់ផ្នែកជ្រៅនៃទ្វារមាស។ អាការៈអាចធូរស្បើយក្រោយប្រើរយៈពេល6ថ្ងៃ ប៉ុន្តែ ដើម្បីការពារការកើតឡើងវិញ គួរប្រើរយៈពេល14ថ្ងៃ។

    • ហាមប្រើ

      ករណីថ្នាំលាបលើស្បែករឺក្រចក និង ថ្នាំសុលតាមទ្វារមាស:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំលាបរឺលេបតាមមាត់ និង ថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:

       Warfarin, Pimozide, Quinidine, Triazolam, Simvastatin, Azelnidipine, Nisoldipine, Blonanserin, Ergotamine tartrate, Dihydroergotamine mesilate, Rivaroxaban, Asunaprevir, Lomitapide mesilate។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ករណីថ្នាំលាបលើស្បែករឺក្រចក:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហមឬស្នាមក្រហមលើស្បែក រមាស់ រលាកស្បែក រលាត់ ពងទឹកតូចៗ។ល។

      ករណីថ្នាំសុលតាមទ្វារមាស:

      ផលរំខានរួមមាន រមាស់ឬឡើងក្រហមឬឈឺនៅទា្វរមាស។ល។

      ករណីថ្នាំលាបរឺលេបតាមមាត់:

      ផលរំខានរួមមាន ក្អួតចង្អោរ ឈឺក្នុងមាត់ ឡើងកន្ទួលក្រហម។ល។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឡើងកន្ទួលក្រហម រមាស់ ឈឺក្បាល ធ្ងន់ក្បាល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្អួតចង្អោរ សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង ភ្នែកនិងស្បែកឡើងពណ៌លឿង បាត់បង់ចំណង់អាហារ (មុខងារថ្លើមថយចុះ ខាន់លឿង)

      - ហើម បរិមាណទឹកនោមថយចុះ ស្ងួតក (មុខងារតម្រងនោមថយចុះ)

      - ចង្វាក់បេះដូងលោតញាប់ អារម្មណ៍ខុសប្រក្រតីនៅក្នុងទ្រូង ឈឺទ្រូង (ជំងឺបេះដូងប្រភេទVentricular arrhythmia ឬ QTនៃចង្វាក់បេះដូងមានលក្ខណៈអូសបន្លាយ)

      - ងាយហូរឈាមតាមច្រមុះ តាមអញ្ចាញធ្មេញ ក្រោមស្បែក (ជំងឺប្លាកែតថយចុះ ជាដើម)

    • អន្តរប្រតិកម្ម

      ករណីថ្នាំលាបលើស្បែករឺក្រចក និង ថ្នាំសុលតាមទ្វារមាស:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - សារធាតុMiconazoleនឹងមិនត្រូវបានជ្រាបចូលក្នុងរាងកាយតាមស្បែកនោះទេ ប៉ុន្តែវាអាចបង្កអោយមានអាការៈងាយហូរឈាមនៅពេលប្រើរួមជាមួយឱសថWarfarin។

      ករណីថ្នាំលាបរឺលេបតាមមាត់ និង ថ្នាំចាក់:

      ・ឱសថដូចខាងក្រោម:Warfarin, Pimozide, Quinidine, Triazolam, Simvastatin, Azelnidipine, Nisoldipine, Blonanserin, Ergotamine tartrate, Dihydroergotamine mesilate, Rivaroxaban, Asunaprevir, Lomitapide Mesilate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បណ្ដាលអោយមានផលរំខានផ្សេងៗកើតឡើង ដូច្នេះហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដូចខាងក្រោម:ឱសថបញ្ចុះជាតិស្ករក្នុងឈាម(

      Glibenclamide, Gliclazide, Acetohexamideជាដើម) ឱសថPhenytoin,

      Carbamazepine, Docetaxel, Paclitaxel, Irinotecan hydrochloride hydrate, Ciclosporin, Tacrolimus hydrate, Atorvastatin, Vincristine, ឱសថបញ្ចុះសម្ពាធឈាមប្រភេទDihydropyridine calcium antagonists(Nifedipineជាដើម), Verapamil, Sildenafil, Alprazolam, Midazolam, Brotizolam, Methyl prednisolone, Selegiline, Evastin, Imatinib mesilate, Disopyramide, Cilostazol, ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV Protease inhibitors(Indinavir sulfate, Saquinavir mesilate, Ritonavirជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថRifampicin (សម្រាប់ថ្នាំចាក់ប៉ុណ្ណោះ) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថប្រឆាំងមេរោគផ្សិតប្រភេទAzoleថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលាបលើស្បែករឺក្រចក និង ថ្នាំសុលតាមទ្វារមាស:

      ស្ត្រីមានផ្ទៃពោះ(ជាពិសេសក្រោម3ខែ)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ករណីថ្នាំលាបរឺលេបតាមមាត់ និង ថ្នាំចាក់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលាបលើស្បែករឺក្រចក និង ថ្នាំសុលតាមទ្វារមាស:

      ・កាប៉ះពាល់ឱសថនេះជាមួយនឹងផលិតផលប្រើក្នុងការពន្យារកំណើតធ្វើអំពីLatexដូចជាស្រោមអនាម័យជាដើម អាចធ្វើអោយគុណភាពផលិតផលទាំងនេះចុះអន់ថយឬខូច ដូច្នេះ មិនត្រូវធ្វើអោយឱសថនេះប៉ះពាល់ត្រូវនឹងផលិតផលទាំងនេះទេ។

      ករណីថ្នាំលាបរឺលេបតាមមាត់:

      ・សូមសម្អាតមាត់ដោយខ្ពុរមាត់ជាមុនសិនមុននឹងប្រើ។

      ・សូមកុំដុសធ្មេញឬបរិភោគអាហារក្នុងអំឡុងពេលយ៉ាងហោចណាស់1ម៉ោងក្រោយពេលប្រើឱសថនេះ។

      ・សម្រាប់អ្នកដែលកំពុងប្រើធ្មេញសិប្បនិម្មិត ឱសថនេះអាចនឹងមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។ អ្នកជំងឺគួរលាងសម្អាតធ្មេញសិប្បនិម្មិត រួចលាបឱសថនេះលើធ្មេញសិប្បនិម្មិតផងដែរ។

      ករណីថ្នាំចាក់:

      ・ឱសថនេះអាចប្រតិកម្មជាមួយផលិតផលធ្វើអំពីPVCឬផលិតផលមួយចំនួនទៀត ដូច្នេះ សូមពិនិត្យមើលព័ត៌មានបន្ថែមសម្រាប់ការប្រើប្រាស់សម្ភារៈនៅពេលលាយថ្នាំជាដើមអោយបានត្រឹមត្រូវ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងមេរោគផ្សិត ដោយមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងភ្នាសខាងក្នុងនិងភ្នាសខាងក្រៅនៃកោសិការបស់មេរោគ ធ្វើអោយមានលក្ខណៈប្រែប្រួល បណ្ដាលអោយកោសិការបស់មេរោគផ្សិតលេចធ្លាយនិងមិនអាចរស់រានបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp