Mefloquine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺគ្រុនចាញ់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការព្យាបាល:

      កំណត់កម្រិតប្រើប្រាស់ឱសថនេះក្នុងចន្លោះ 825mg~1100mg ទៅតាមទម្ងន់របស់អ្នកជំងឺ ដោយបែងចែកជា2ដង ដូចខាងក្រោម៖

      + ទម្ងន់30kg~ក្រោម45kg:នៅលើកដំបូង លេប550mg។ 6~8ម៉ោងក្រោយ លេប275mg។ ចៀសវាងលេបនៅពេលពោះទទេ។

      + ទម្ងន់45kgឡើងទៅ:នៅលើកដំបូង លេប550mg។ 6~8ម៉ោងក្រោយ លេប550mg។ ចៀសវាងលេបនៅពេលពោះទទេ។

      ទៅតាមតំបន់កំពុងកើតមានជំងឺគ្រុនចាញ់(តំបន់រាតត្បាតជំងឺគ្រុនចាញ់ដែលស៊ាំនឹងឱសថMefloquine)និងរោគសញ្ញា អាចកំណត់កម្រិតប្រើប្រាស់ឱសថនេះក្នុងចន្លោះ 1100mg~1650mg ទៅតាមទម្ងន់របស់អ្នកជំងឺ ដោយបែងចែកជា2~3ដង ដូចខាងក្រោម៖

      + ទម្ងន់30kg~ក្រោម45kg:នៅលើកដំបូង លេប825mg។ 6~8ម៉ោងក្រោយ លេប275mg។ ចៀសវាងលេបនៅពេលពោះទទេ។

      + ទម្ងន់45kg~ក្រោម60kg:នៅលើកដំបូង លេប825mg។ 6~8ម៉ោងក្រោយ លេប550mg។ ចៀសវាងលេបនៅពេលពោះទទេ។

      + ទម្ងន់60kgឡើងទៅ:នៅលើកដំបូង លេប825mg។ 6~8ម៉ោងក្រោយ លេប550mg។ 6~8ម៉ោងក្រោយទៀត លេប275mg។ ចៀសវាងលេបនៅពេលពោះទទេ។

      ・ករណីប្រើនៅក្នុងការបង្ការ:

      កំណត់កម្រិតប្រើប្រាស់ឱសថនេះក្នុងចន្លោះ 206.25mg~275mg ទៅតាមទម្ងន់របស់អ្នកជំងឺដូចខាងក្រោម ដោយចាប់ផ្ដើមលេបចាប់ពី1សប្ដាហ៍មុនទៅដល់តំបន់គ្រុនចាញ់ និងបន្តលេបឱសថនេះដោយទុកគម្លាតរយៈពេល1សប្ដាហ៍(លេបនៅថ្ងៃដូចគ្នារៀងរាល់សប្ដាហ៍)។ ក្រោយចាកចេញពីតំបន់គ្រុនចាញ់ ក៏ត្រូវបន្តលេបឱសថនេះរយៈពេល4សប្ដាហ៍ទៀតផងដែរ។

      + ទម្ងន់30kg~ក្រោម45kg:លេប206.25mg។ ចៀសវាងលេបនៅពេលពោះទទេ។

      + ទម្ងន់45kgឡើងទៅ:លេប275mg។ ចៀសវាងលេបនៅពេលពោះទទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលមានសារធាតុស្រដៀងនឹងសារធាតុQuinine(Quinidine, Chloroquine ជាដើម)។

      ・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត ទារកក្រោមអាយុ1ឆ្នាំ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានឬធ្លាប់មានជំងឺប្រកាច់។

      ・អ្នកដែលមានឬធ្លាប់មានជំងឺទាក់ទងនឹងស្មារតី។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថQuinine។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថHalofantrine។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល វិលមុខ ចង់ក្អួត ហើមពោះ មិនស្រួលក្នុងក្រពះ រមាស់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្នាមក្រហមលើស្បែក ភ្នែកក្រហម ក្ដៅខ្លួន (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ស្មារតីខុសប្រក្រតី មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត វង្វេង រវើរវាយ

      - ចង្វាក់បេះដូងលោតយឺត វិលមុខ អាការៈប្រកាច់ (ជំងឺទាក់ទងនឹងចង្វាក់បេះដូង)

      - ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អក ស្លេស្ម (រលាកសួត)

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកឡើងលឿង (រលាកថ្លើម)។

    • អន្តរប្រតិកម្ម

      ・ឱសថQuinine និង ឱសថដែលមានសារធាតុស្រដៀងនឹងQuinine(Quinidine, Chloroquine ជាដើម) - អាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថHalofantrine - អាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង ឱសថប្រភេទCalcium channel blockers ឱសថប្រភេទBeta blockers ឱសថប្រភេទAntihistamines ឱសថប្រភេទPhenothiazine derivatives ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants - អាចធ្វើអោយមានផលរំខានទាក់ទងនឹងចង្វាក់បេះដូង។

      ・ឱសថDigoxin - អាចធ្វើអោយសកម្មភាពនៃឱសថDigoxinកើនឡើង។

      ・វ៉ាក់សាំងគ្រុនពោះវៀនជាថ្នាំលេប - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងធ្លាក់ចុះ។ គួរបញ្ចប់ការប្រើវ៉ាក់សាំងអោយបានយ៉ាងហោចណាស់3ថ្ងៃមុនប្រើឱសថMefloquine។

      ・ឱសថព្យាបាលជំងឺប្រកាច់(Sodium valproateជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពឱសថនេះធ្លាក់ចុះ។

      ・វ៉ាក់សាំងជំងឺឆ្កែឆ្កួត(HDCV) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងធ្លាក់ចុះ។ គួរបញ្ចប់ការប្រើវ៉ាក់សាំងអោយបានមុនពេលប្រើឱសថMefloquine។

      ・ឱសថដែលបង្អាក់ឬបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Cimetidine, Itraconazole, Ritonavir, Macrolide antibiotics, Dexamethasone, Rifampicin, Phenobarbital ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថប្រែប្រួល។

      ・គ្រឿងស្រវឹង - អាចធ្វើអោយមានអាការៈរវើរវាយ មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត ។ល។

      ・ក្រូចថ្លុង - អាចធ្វើអោយប្រសិទ្ធិភាពឱសថMefloquineប្រែប្រួល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះគួរធ្វើការពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេល3ខែ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាវិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ គ្មានលំនឹងជាដើម ដូច្នេះ ក្រោយប្រើឱសថនេះរយៈពេល4សប្ដាហ៍ អ្នកជំងឺមិនគួរធ្វើការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់នោះទេ។

      ・ការពិសារគ្រឿងស្រវឹងក្នុងពេលប្រើឱសថនេះ អាចផ្ដល់ផលរំខានប៉ះពាល់ដល់ស្មារតីនិងខួរក្បាល ដូច្នេះ គួរចៀសវាងពិសារគ្រឿងស្រវឹង។

      ・គួរប្រើឱសថនេះសម្រាប់ការបង្ការជំងឺគ្រុនចាញ់ ក្នុងករណីអ្នកប្រើប្រាស់មានហានិភ័យខ្ពស់ក្នុងការកើតជំងឺគ្រុនចាញ់តែប៉ុណ្ណោះ ឧទាហរណ៍មុននិងក្រោយធ្វើដំណើរទៅតំបន់គ្រុនចាញ់ ។ល។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងប៉ារ៉ាស៊ីតPlasmodiumដែលបង្កអោយមានជំងឺគ្រុនចាញ់ ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃការចាប់យកអេម៉ូក្លូប៊ីននៅក្នុងគ្រាប់ឈាមក្រហមរបស់ប៉ារ៉ាស៊ីត ធ្វើអោយប៉ារ៉ាស៊ីតមិនអាចរស់រានបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp