Mefenamic acid
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- កាត់បន្ថយអាការៈរលាកនិងហើមនៅក្រោយពេលវះកាត់ឬរបួស។
- បំបាត់អាការៈរលាកនិងឈឺចាប់ផ្សេងៗ ដូចជា ឈឺសន្លាក់ ឈឺចង្កេះ ឈឺតាមសរសៃប្រសាទ ឈឺក្បាល(ករណីឱសថផ្សេងមិនមានប្រសិទ្ធិភាព) ឈឺចាប់ពេលមករដូវ ឈឺក្រោយពេលសម្រាលកូន ឈឺធ្មេញ អាការៈរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ។ល។
- បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការកាត់បន្ថយអាការៈរលាកនិងហើមនៅក្រោយពេលវះកាត់ឬរបួស។ អាការៈរលាកនិងឈឺចាប់ផ្សេងៗ ដូចជា ឈឺសន្លាក់ ឈឺចង្កេះ ឈឺតាមសរសៃប្រសាទ ឈឺក្បាល(ករណីឱសថផ្សេងមិនមានប្រសិទ្ធិភាព) ឈឺចាប់ពេលមករដូវ ឈឺក្រោយពេលសម្រាលកូន ឈឺធ្មេញ អាការៈរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) និង អាការៈក្ដៅខ្លួន:
មនុស្សពេញវ័យ:លេប1ដង 500mg។ បន្ទាប់ពីនោះ លេប1ដង 250mg រៀងរាល់6ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរចៀសវាងប្រើនៅពេលពោះទទេ។
・ករណីប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ:
- មនុស្សពេញវ័យ:លេប1ដង 500mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ត្រូវប្រើត្រឹម2ដងក្នុង1ថ្ងៃ ហើយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1500mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។
- កុមារ:ពិសារ1ដង 6.5mg/kg (ថ្នាំទឹក3.25%ត្រូវនឹង0.2mL/kg) នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ត្រូវប្រើត្រឹម2ដងក្នុង1ថ្ងៃ។ គួរចៀសវាងប្រើនៅពេលពោះទទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈរាករូសដោយសារឱសថនេះពីមុន។
・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូស ឡើងកន្ទួលក្រហម ស្នាមជាំស្វាយលើស្បែក កន្ទាលត្រអាក រមាស់ ក្អួតឈាម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ស្ពឹកដៃជើង ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អាការៈខ្វះឈាម ឈឺក្បាលនិងបំពង់ក រងាញាក់ ក្ដៅខ្លួនខ្លាំង (ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺគ្រាប់ឈាមសធ្លាក់ចុះប្រភេទAgranulocytosis)
- បេះដូងលោតញាប់ វិលមុខ ងាយហូរឈាម (ប៉ះពាល់មុខងារខួរឆ្អឹង)
- ក្តៅខ្លួន ឡើងកន្ទួលក្រហមនិងពងទឹកលើស្បែកនិងភ្នាសផ្សេងៗ ភ្នែកក្រហម ឈឺបំពង់ក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- បរិមាណទឹកនោមថយចុះ ហើម បាត់បង់ចំណង់អាហារ (មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome រលាកតម្រងនោមប្រភេទInterstitial nephritis)
- ឈឺនៅចុងដង្ហើម ក្អួតចង្អោរ រាករូស (ដំបៅក្រពះឬពោះវៀន រលាកពោះវៀនធំ)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាម(Warfarin, Rivaroxaban ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថLithium - អាចធ្វើអោយផលរំខាននៃLithiumកើតឡើង។
・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics (Hydrochlorothiazide, ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថបញ្ចុះសម្ពាធឈាមប្រភេទARB និង ប្រភេទACE inhibitors - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះនិងបង្កអោយមានប៉ះពាល់ដល់តម្រងនោម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ វិលមុខ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន ព្រោះឱសថនេះអាចជាប់នៅបំពង់អាហារធ្វើអោយកើតជាដំបៅនៅបំពង់អាហារ។ ជាពិសេស គួរចៀសវាងពិសាឱសថនេះនៅមុនពេលចូលគេង។
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp