Magnesium sulfate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈទល់លាមក។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺក្រួសទឹកប្រមាត់

      - រោគសញ្ញានៃកម្រិតម៉ាញ៉េស្យូមក្នុងឈាមធ្លាក់ចុះទាប

      - ជំងឺចង្វាក់បេះដូងញាប់ខុសប្រក្រតី (Tachycardia)

      - រោគសញ្ញាEclampsia

      - បង្ការនិងព្យាបាលរោគសញ្ញាEclampsiaនៅក្នុងជំងឺសម្ពាធឈាមកើនឡើងខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ

      - ទប់ស្កាត់ការកន្ត្រាក់នៃស្បូននៅក្នុងជំងឺទារកកើតមុនខែ(Threatened premature labor)

      - បំពេញបន្ថែមនៅក្នុងសេរ៉ូមអេឡិចត្រូឡាយ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      លេប 1ដង5~15g ពិសារជាមួយទឹកអោយបានច្រើន។

      ករណីថ្នាំចាក់:

      ・ករណីជំងឺក្រួសទឹកប្រមាត់:

      ប្រើជាសូលុយស្យុងកំហាប់ 20~50% បរិមាណ 20~50mL ដោយប្រើឱសថនេះជាមួយឧបករណ៍ Duodenal tube។

      ・ករណីរោគសញ្ញានៃកម្រិតម៉ាញ៉េស្យូមក្នុងឈាមធ្លាក់ចុះទាប:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ2~4g បែងចែកជាច្រើនដងក្នុង1ថ្ងៃ ចាក់តាមសាច់ដុំឬចាក់តាមសរសៃវ៉ែនដោយល្បឿនយឺតបំផុត និង បន្តប្រើរហូតដល់កម្រិតម៉ាញ៉េស្យូម(Mg)ក្នុងឈាមត្រឡប់មកភាពប្រក្រតីវិញ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺចង្វាក់បេះដូងញាប់ខុសប្រក្រតី (Tachycardia):

      ប្រើជាសូលុយស្យុងកំហាប់ 20ឬ25% ចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺតៗ ដោយមិនត្រូវប្រើលើសពីកម្រិត2.5gនោះទេ។

      ・ករណីរោគសញ្ញាEclampsia:

      ប្រើជាសូលុយស្យុងកំហាប់ 10~25% ដោយប្រើ1ដង10~20mL ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺតៗ ដោយមិនត្រូវប្រើលើសពីកម្រិត2.5gនោះទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ននៅពេលបង្កើនកម្រិតប្រើប្រាស់។ករណីប្រើនៅក្នុងការបង្ការនិងព្យាបាលរោគសញ្ញាEclampsiaនៅក្នុងជំងឺសម្ពាធឈាមកើនឡើងខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ:

      នៅលើកដំបូង ប្រើក្នុងកម្រិត4g ចាក់បញ្ចូលតាមសរសៃវ៉ែនដោយប្រើរយៈពេលយ៉ាងហោចណាស់20នាទី។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត 1g រៀងរាល1ម៉ោងម្ដង ដោយបញ្ចូលតាមសរសៃវ៉ែនជាប់បន្តឥតដាច់។ អាចបង្កើនកម្រិតប្រើប្រាស់ម្ដង0.5g រៀងរាល1ម៉ោងម្ដង។ កម្រិតអតិបរមាប្រើក្នុង1ម៉ោងគឺ2g។ ត្រូវប្រើឱសថនេះជាមួយឧបករណ៍បញ្ចូលឱសថជាប់ឥតដាច់ (Continuous infusion pump) លើកលែងតែនៅពេលប្រើលើកដំបូង។

      ・ករណីប្រើនៅក្នុងការទប់ស្កាត់ការកន្ត្រាក់នៃស្បូននៅក្នុងជំងឺទារកកើតមុនខែ(Threatened premature labor):

      នៅលើកដំបូង ប្រើក្នុងកម្រិត4g ចាក់បញ្ចូលតាមសរសៃវ៉ែនដោយប្រើរយៈពេលយ៉ាងហោចណាស់20នាទី។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត 1g រៀងរាល1ម៉ោងម្ដង ដោយបញ្ចូលតាមសរសៃវ៉ែនជាប់បន្តឥតដាច់។ ករណីនៅមិនអាចទប់ស្កាត់ការកន្ត្រាក់នៃស្បូន អាចបង្កើនកម្រិតប្រើប្រាស់ម្ដង0.5g រៀងរាល1ម៉ោងម្ដង។ កម្រិតអតិបរមាប្រើក្នុង1ម៉ោងគឺ2g។ ក្រោយការកន្ត្រាក់ស្បូនថយចុះ ត្រូវបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ រហូតដល់បញ្បប់ការប្រើប្រាស់នៅពេលសង្កេតឃើញគ្មានការកន្ត្រាក់ស្បូនទៀត។ ត្រូវប្រើឱសថនេះជាមួយឧបករណ៍បញ្ចូលឱសថជាប់ឥតដាច់ (Continuous infusion pump) លើកលែងតែនៅពេលប្រើលើកដំបូង។

      ・ករណីប្រើក្នុងការបំពេញបន្ថែមនៅក្នុងសេរ៉ូមអេឡិចត្រូឡាយ: ត្រូវប្រើដោយបន្ថែមឱសថនេះទៅក្នុងសេរ៉ូមសម្រាប់បំពេញសារធាតុអេឡិចត្រូឡាយ ទៅតាមកម្រិតជាតិទឹកនិងកម្រិតនៃកង្វះសារធាតុអេឡិចត្រូឡាយរបស់អ្នកជំងឺ។

    • ផលរំខាន

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អារម្មណ៍ក្ដៅក្នុងខ្លួន សម្ពាធឈាមធ្លាក់ចុះ មិនអាចដកដង្ហើមបាន (លើសកម្រិតម៉ាញ៉េស្យូមក្នុងឈាមធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថRitodrine hydrochloride - អាចធ្វើអោយកម្រិតCK(CPK)កើនឡើង។

      ・ឱសថប្រឆាំងមេរោគប្រភេទNew quinolone (Ciprofloxacin, Norfloxacin, Tosufloxacin), ឱសថប្រឆាំងមេរោគប្រភេទTetracycline(

      Minocycline, Doxycycline, Tetracycline ជាដើម), ឱសថEtidronate disodium, ឱសថPenicillamine, ឱសថCefdinir - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ ដូច្នេះគួរទុកគម្លាតពីគ្នានៅពេលប្រើប្រាស់រួមគ្នា។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចឆ្លងកាត់សុកធ្វើអោយប៉ះពាល់ដល់ទារក។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ប្រើចំពោះអាការៈទល់លាមកដែលកើតឡើងភ្លាមៗ(ម្ដងម្កាល)។

      ・ត្រូវពិសារទឹកអោយបានច្រើន។ មិនអាចប្រើចំពោះអ្នកដែលមានមុខងារតម្រងនោមចុះខ្សោយនោះទេ។ គេអាចសម្រួលពេលវេលានៃការបង្ហាញប្រសិទ្ធិភាពរបស់ឱសថនេះ ដោយផ្លាស់ប្ដូរកំហាប់នៃឱសថ(3~4%→2~3ម៉ោង, 10~20%→6~12ម៉ោង,)។

    • សកម្មភាពឱសថ

      ឱសថនេះនឹងផ្ដល់ជាអ៊ីយ៉ុងម៉ាញ៉េស្យូមដែលមានតួនាទីនៅក្នុងប្រតិកម្មផ្សេងៗនៃរាងកាយ។ ម្យ៉ាងទៀត ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការស្រូបជាតិទឹកពីពោះវៀន ធ្វើអោយជាតិទឹកនៅក្នុងពោះវៀនកើនឡើង ដើម្បីជម្រុញការបន្ទោរបង់លាមក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp