Lomefloxacin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺរលាកពោះវៀនដោយសារការឆ្លងមេរោគ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺខ្ទុះនៅត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកភ្នែក(Conjunctivitis) ) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ប្រើនៅក្នុងការសម្លាប់មេរោគនៅមុននិងក្រោយការវះកាត់ភ្នែក។
ករណីថ្នាំបន្តក់ត្រចៀក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកផ្នែកខាងក្រៅនិងផ្នែកកណ្ដាលនៃត្រចៀក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 100~200mg, 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រភេទជំងឺនិងស្ថានភាពរោគសញ្ញា។
ករណីថ្នាំបន្តក់ភ្នែក(0.3%):
បន្តក់ក្នុងភ្នែក1ដង1តំណក់ 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ករណីថ្នាំបន្តក់ត្រចៀក(0.3%):
បន្តក់ក្នុងត្រចៀក1ដង6~10តំណក់ ដោយរក្សាឥរិយាបថដដែលរយៈពេលប្រហែល10នាទី។ ប្រើ1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថFlurbiprofen axetil ឬ ឱសថFlurbiprofen។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・កុមារ(ជាទូទៅ ក្រោមអាយុ15ឆ្នាំ)។
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំបន្តក់ត្រចៀក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន រាករូស ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ឡើងកន្ទួលក្រហមលើស្បែក រមាស់ ហើម ភ្នែកក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ភ្នែកនិងបបូរមាត់ហើមនិងក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ហើមភ្នែក ឆាប់ហត់ បរិមាណទឹកនោមថយចុះឬមិនមានទឹកនោម (មុខងារតម្រងនោមថយចុះ)
- អារម្មណ៍ហេវ ញ័រដៃជើង វិលមុខ (ជាតិស្ករក្នុងឈាមធ្លាក់ចុះ)
- ឈឺសាច់ដុំ អស់កម្លាំងដៃជើង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ក្តៅខ្លួន ពងទឹកលើស្បែក ដាច់រលាត់នៅភ្នែកនិងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ក្រហាមភ្នែក ឈឺភ្នែក រមាស់ភ្នែក រលាកត្របកភ្នែក រលាកភ្នែក ភ្នែកក្រហម ទើសក្នុងភ្នែក ចាំងភ្នែក ចេញទឹកភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកខៀវ បែកញើស ងងឹតមុខពេលក្រោកឈរ ពិបាកដកដង្ហើម ភ្នែកនិងបបូរមាត់ហើមនិងក្រហម កន្ទួលក្រហមឡើងប៉ោងនិងរមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
ករណីថ្នាំបន្តក់ត្រចៀក:
ផលរំខានរួមមាន រមាស់ត្រចៀក ឈឺត្រចៀកពេលបន្តក់ថ្នាំ ក្រហាយ ស្ដាប់មិនសូវលឺជាបណ្ដោះអាសន្ន ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ហើមមុខ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
・ឱសថ Flurbiprofen axetil, Flurbiprofen - អាចធ្វើអោយមានអាការៈប្រកាច់ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDiclofenac, Amfenac, Loxoprofen, Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។ អាចប្រើរួមគ្នាបាន ប៉ុន្តែត្រូវតាមដានផលរំខានអោយបានដិតដល់។
・ឱសថប្រឆាំងអាស៊ីតក្រពះដែលមានសារធាតុអាលុយមីញ៉ូម ម៉ាញេស្យូម - អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំLomefloxacin រយៈពេលយ៉ាងហោចណាស់ពីរម៉ោង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំបន្តក់ត្រចៀក:
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនគួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ក្នុងអំឡុងពេលប្រើឱសថនេះ ស្បែកអាចប្រតិកម្មខ្លាំងទៅនឹងពន្លឺព្រះអាទិត្យដូចជាឡើងកន្ទួលក្រហម ដូច្នេះ គួរចៀសវាងស្ថិតនៅក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទញូគីណូឡូនឬហ្វូលុយអូរ៉ូគីណូឡូន(New quinolone or Fluoroquinolone antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp