Lixisenatide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង20μg ចាក់ក្រោមស្បែក មុនអាហារពេលព្រឹក។ ប៉ុន្តែ ត្រូវចាប់ផ្ដើមពីកម្រិត1ថ្ងៃ1ដង10μg។ ក្រោយប្រើរយៈពេល1សប្ដាហ៍ឬយូរជាងនេះ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង15μg។ ហើយក្រោយប្រើរយៈពេល1សប្ដាហ៍ឬយូរជាងនេះទៀត អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង20μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយកម្រិតអតិបរមាក្នុង1ថ្ងៃគឺ20μg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបន្ទាន់ដូចជាការវះកាត់ជាដើម ដែលគួរគ្រប់គ្រងស្ថានភាពកម្រិតជាតិស្ករដោយឱសថចាក់អាំងស៊ុយលីន។

    • ផលរំខាន

      ផលរំខានរួមមាន កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ទល់លាមកឬរាករូស ឈឺពោះ ឈឺក្បាល វិលមុខ ងងុយគេង។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ ញ័រដៃជើង អារម្មណ៍ឃ្លានខ្លាំង វិលមុខ អស់កម្លាំង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - ឈឺខ្លាំងនៅផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្អួតចង្អោរ ក្ដៅខ្លួន (រលាកលំពែងស្រួចស្រាវ)

      - អស់កម្លាំង អារម្មណ៍ក្ដៅច្រាល ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម)។ល។ - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថAdrenalin(ឬEpinephrine), ឱសថស្តេរ៉ូអ៊ីត(Methylprednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម)។ល។ - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម) ។ល។ - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល។

      ・ឱសថប្រឆាំងមេរោគ, ឱសថពន្យារកំណើត ជាដើម - អាចធ្វើអោយការស្រូបសារធាតុឱសថក៏ដូចជាប្រសិទ្ធិភាពនៃLixisenatideថយចុះ។

      ・ឱសថWarfarin - អាចធ្វើអោយINRអូសបន្លាយ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើថ្នាំចាក់អាំងស៊ុយលីនជាជាងប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។

      ・ជាទូទៅ ឱសថនេះមិនតម្រូវអោយរក្សាទុកនៅក្នុងទូទឹកកកនោះទេក្រោយពេលបើកប្រើ។ ម្យ៉ាងទៀត ប្រសិនបើឃើញមានការប្រែពណ៌ឬកើតមានកករ សូមកុំបន្តប្រើប្រាស់ឱសថបែបនោះ។

      ・ជាទូទៅ ឱសថនេះប្រើនៅក្នុងអំឡុងពេល1ម៉ោងមុនបរិភោគអាហារពេលព្រឹក។

      ・ការចាក់ថ្នាំអាំងស៊ុយលីននៅក្រោមស្បែកអាចធ្វើឡើងនៅដើមដៃ ភ្លៅ ឬ ពោះ។ អ្នកជំងឺគួរកំណត់យកផ្នែកណាមួយក្នុងចំណោមផ្នែកនៃរាងកាយខាងលើ ប៉ុន្តែ គួរចាក់នៅត្រង់កន្លែងផ្សេងគ្នារាល់ពេលដោយខុសគ្នាពី2ទៅ3សង់ទីម៉ែត្រ។

      ・ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្រោយប្រើប្រាស់ឱសថនេះរយៈពេល3ទៅ4ខែហើយនោះទេ គួរជ្រើសរើសវិធីព្យាបាលផ្សេងទៀត។

      ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖

      (1) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ

      (2) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារឬអ្នកដែលមានសុខភាពរាងកាយទន់ខ្សោយ

      (3) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា

      (4) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ដូចទៅនឹងសារធាតុGLP-1នៅក្នុងរាងកាយរបស់មនុស្ស ដោយមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៃសារធាតុGLP-1 ដើម្បីភ្ញោចអោយមានការបញ្ចេញអរម៉ូនអាំងស៊ុយលីន(ជាអរម៉ូនបញ្ចុះជាតិស្ករក្នុងឈាម) និង ទប់ស្កាត់ការបញ្ចេញអរម៉ូនគ្លុយកាហ្កុង(Glucagon)(ជាអរម៉ូនបង្កើនជាតិស្ករក្នុងឈាម)ពីក្រពេញលំពែង នៅពេលមានការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp