Levofolinate calcium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្កើនប្រសិទ្ធិភាពប្រឆាំងជំងឺមហារីកនៃឱសថFluorouracil នៅក្នុងការព្យាបាលជំងឺមហារីកក្រពះដែលមិនអាចវះកាត់បានឬដែលកើតឡើងវិញ និង ជំងឺមហារីកផ្នែកColonឬRectumនៃពោះវៀនធំ (វិធីព្យាបាលដោយប្រើឱសថLevofolinateនិងឱសថFluorouracilរួមគ្នា)។

      - បង្កើនប្រសិទ្ធិភាពប្រឆាំងជំងឺមហារីកនៃឱសថFluorouracil នៅក្នុងការព្យាបាលជំងឺមហារីកផ្នែកColonឬRectumនៃពោះវៀនធំ ជំងឺមហារីកពោះវៀនតូច និង ជំងឺមហារីកលំពែងដែលមិនអាចវះកាត់អោយជាសះស្បើយបាន (វិធីព្យាបាលដោយប្រើឱសថLevofolinateនិងឱសថFluorouracilចាក់បញ្ចូលតាមសរសៃវ៉ែនជាប់ជានិច្ច)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានបញ្ហាមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងចុះខ្សោយកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានអាការៈរាករូស។

      ・អ្នកដែលកំពុងកើតមានជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញាទឹកដក់ក្នុងពោះ(ទាចទឹក) ឬ ទឹកដក់ក្នុងទ្រូងក្នុងបរិមាណច្រើន។

      ・អ្នកដែលកំពុងឬធ្លាប់មានបញ្ហាទាក់ទងនឹងមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានស្ថានភាពរាងកាយទាំងមូលមិនល្អ។

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថFluorouracil។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTegafur/Gimeracil/Oteracil ឬ ស្ថិតក្នុងអំឡុងពេល7ថ្ងៃបន្ទាប់ពីឈប់ប្រើឱសថTegafur/Gimeracil/Oteracil។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ក្អួតចង្អោរ មិនឃ្លានអាហារ រលាកក្នុងមាត់(ពងបែកក្នុងមាត់) ក្ដៅខ្លួន កន្ទួលក្រហមលើស្បែក ជីវ្ហាវិញាណខុសប្រក្រតី ឈឺពោះ ឈឺនៅក្បែកចុងដង្ហើម ស្ងួតក ទល់លាមក រលាកអញ្ចាញធ្មេញ រលាកបបូរមាត់ រលាកគែមមាត់ រលាកអណ្ដាត ហើមពោះ បត់ជើងមានឈាម ក្រហាយទ្រូង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អាការៈរាករូសខ្លាំង

      - ក្ដៅខ្លួន ងាយហូរឈាម រងាញាក់ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ឈឺពោះខ្លាំងក្លា រាករូស (រលាកពោះវៀនកម្រិតធ្ងន់ធ្ងរ)

      - ពិបាកដកដង្ហើម អារម្មណ៍ច្រាលក្ដៅពេញខ្លួន កន្ទាលត្រអាក (រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis))

      - អស់កម្លាំង មិនឃ្លានអាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)

      - បរិមាណទឹកនោមថយចុះ ហើមដៃជើង រួយខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)។

    • អន្តរប្រតិកម្ម

      ・ឱសថTegafur/Gimeracil/Oteracil (TS-1) - អាចបង្កជាផលរំខានធ្ងន់ធ្ងរទាក់ទងនឹងប្រព័ន្ធឈាមនិងប្រព័ន្ធរំលាយអាហារ ដូច្នេះ ហាមប្រើរួមគ្នា។ ម្យ៉ាងទៀត ក្នុងអំឡុងពេល7ថ្ងៃបន្ទាប់ពីឈប់ប្រើឱសថTegafur/Gimeracil/Oteracil ក៏មិនត្រូវប្រើឱសថនេះដែរ។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPhenytoin, Warfarin - អាចធ្វើអោយសកម្មភាពឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងនិងប្រព័ន្ធរំលាយអាហារកើនឡើង។

      ・ឱសថប្រភេទទប់ស្កាត់មេតាបូលីសនៃអាស៊ីតហ្វូលិក (Sulfamethoxazole/Trimethoprim ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការព្យាបាលដោយប្រើឱសថLevofolinateនិងឱសថFluorouracil រួមគ្នា អាចបង្កើនសកម្មភាពនៃឱសថFluorouracilប៉ុន្តែ វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។ ដូច្នេះ ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។

      ・ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង និង អាចធ្វើអោយមានអាការៈរាករូសធ្ងន់ធ្ងរ ជាដើម ដែលអាចគ្រោះថ្នាក់ដល់អ្នកជំងឺ។ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ជាពិសេសនៅក្នុងរយៈពេលចាប់ផ្ដើមប្រើដំបូង អ្នកជំងឺត្រូវទទួលការពិនិត្យឈាម មុខងារថ្លើម មុខងារតម្រងនោម អោយបានទៀងទាត់។

    • សកម្មភាពឱសថ

      Levofolinate ជួយបង្កើនសកម្មភាពនៃឱសថFluorouracil នៅពេលប្រើរួមគ្នា។

      ឱសថFluorouracil ធ្វើសកម្មភាពដោយបំលែងទៅជាសារធាតុសកម្មDeoxyuridine monophosphate(FdUMP) រួចភ្ជាប់ទៅនឹងអង់ស៊ីមThymidylate synthase (TS) ដើម្បីរារាំងសកម្មភាពនៃអង់ស៊ីមនេះ ធ្វើអោយរាំងស្ទះដល់ប្រតិកម្មសំយោគម៉ូលេគុលThymidylic acid សម្រាប់ដំណើរការផលិតDNAថ្មី។

      ឱសថLevofolinateនឹងទទួលប្រតិកម្មរេដុកម្មនៅក្នុងកោសិកាក្លាយទៅជាសារធាតុ5,10-CH2-THF ដោយសារធាតុនេះនឹងភ្ជាប់ខ្លួនទៅនឹងFdUMPនិងTS បង្កើតបានជាសមាសធាតុរួមផ្សំដោយ3ម៉ូលេគុល ដើម្បីពន្យារពេលផ្ដាច់គ្នានៃFdUMPនិងTS ដូច្នេះ វាធ្វើអោយសកម្មភាពរារាំងអង់ស៊ីមTSដោយFdUMPអាចបន្តយូរជាងធម្មតា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp