Levodopa = L-dopa
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinson's disease and Parkinsonism)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ250~750mg បែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ បន្ទាប់ពីនោះ បង្កើនកម្រិតម្ដង250mg/ថ្ងៃ រៀងរាល់2~3ថ្ងៃម្ដង រហូតដល់កម្រិតដែលសមស្រប (ជាទូទៅគឺ 1ថ្ងៃ1.5~3.5g)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ25~50mg បែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនដោយផ្ទាល់ ឬ ពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសជាដើម ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ចលនាមិនអាចគ្រប់គ្រងបាន(ញ័រ អណ្ដាតឬចង្ការមានចលនាដោយឯកឯង) ងងុយគេង ឈឺក្បាល ស្ងួតក វិលមុខ ឡើងកន្ទួលក្រហម អាការៈខ្វះឈាម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួនខ្លាំង សាច់ដុំរឹង ញ័រដៃជើង សាច់ដុំកន្ត្រាក់ (Syndrome malin)
- មិនស្គាល់ទីកន្លែងឬពេលវេលា ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត អស់កម្លាំង (វង្វេងវង្វាន់ រវើរវាយ ជំងឺបាក់ទឹកចិត្ត)
- ឈឺនៅចុងដង្ហើម ឈឺដូចគេសង្កត់ ក្អួតចង្អោរ (អាការៈនៃជំងឺដំបៅក្រពះឬគល់ពោះវៀនតូចកាន់តែធ្ងន់ធ្ងរ)
- អស់កម្លាំង បេះដូងលោតញាប់ ដង្ហក់ ទឹកនោមពណ៌ក្រហមត្នោត ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (ជំងឺខ្វះឈាមប្រភេទHemolytic anemia រោគសញ្ញានៃចំនួនប្លាកែតថយចុះ)
- ងងុយគេងភ្លាមៗ (ការគេងលក់ភ្លាមៗ)
- ភ្នែកព្រិល ឈឺភ្នែក ភ្នែកក្រហម ឈឺក្បាល ចង់ក្អួត (ជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថReserpine, ឱសថTetrabenazine - អាចធ្វើអោយសារធាតុដូប៉ាមីននៅក្នុងខួរក្បាលថយចុះ ហើយប្រសិទ្ធិភាពនៃLevodopaក៏ថយចុះ។
・ឱសថMethyldopa hydrate, ឱសថReserpine - អាចធ្វើអោយសកម្មភាពបញ្ចុះសម្ពាធឈាមកើនឡើង។
・ឱសថព្យាបាលជំងឺទាក់ទងនឹងស្មារតី (ឱសថប្រភេទPhenothiazine (Chlorpromazine ជាដើម), ឱសថប្រភេទButyrophenone(Haloperidol ជាដើម), ឱសថPerospirone ជាដើម) - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
・ឱសថសណ្ដំ (Halothane ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី។
・ឱសថPyridoxine - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
・ឱសថព្យាបាលអាការៈប៉ាឃីនសុនផ្សេងទៀត (ឱសថប្រឆាំងអាសេទីលកូលីន, ឱសថAmantadine hydrochloride, ឱសថBromocriptine mesilate) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងសរសៃប្រសាទស្មារតី។
・ឱសថប្រឆាំងគ្រឿងទទួលNMDA (Memantine hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពនៃLevodopaកើនឡើង។
・ឱសថPapaverine hydrochloride - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
・ឱសថជាតិដែក - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
・ឱសថIsoniazid - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថនេះអាចធ្វើអោយការបញ្ចេញទឹកដោះថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ឬការគេងលក់ភ្លាមៗ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយញើស ទឹកនោម ឬ ទឹកមាត់ ប្រែពណ៌ទៅជាខ្មៅ។
・ប្រើចំពោះអ្នកជំងឺដែលរោគសញ្ញាបានវិវត្តមួយកម្រិតហើយ ដោយឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយអាការៈគ្មានចលនា(Akinesia)និងសាច់ដុំរឹង(Rigidity)របស់អ្នកជំងឺប៉ាឃីនសុន។
・ត្រូវផ្ដល់ដំបូន្មានអោយអ្នកជំងឺដែលអាចកើតមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma) ទៅទទួលការពិនិត្យនៅផ្នែកចក្ខុ។
-
សកម្មភាពឱសថ
ឱសថនេះនឹងបំលែងទៅជាសារធាតុដូប៉ាមីន(Dopamine) ដោយគេសន្មតថាការខ្វះសារធាតុដូប៉ាមីននៅក្នុងខួរក្បាលធ្វើអោយកើតមានរោគសញ្ញាប៉ាឃីនសុន។ ដូច្នេះ ឱសថនេះមានតួនាទីបំពេញកង្វះខាតនៃសារធាតុដូប៉ាមីននៅក្នុងខួរក្បាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp