Leuprorelin acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬសម្រាលជំងឺដូចខាងក្រោម៖

      - ជំងឺភ្នាសក្នុងស្បូន (Endometriosis)

      - ជំងឺដុំសាច់នៅសាច់ដុំស្បូន (Uterine fibroids)

      - ជំងឺមហារីកសុដន់មុនអស់រដូវ

      - ជំងឺមហារីកក្រពេញប្រូស្តាត

      - ជំងឺឆាប់ពេញវ័យខុសប្រក្រតីទាក់ទងនឹងខួរក្បាល (Central precocious puberty)

      - ជំងឺស្វិតសាច់ដុំដោយសារបញ្ហាឆ្អឹងខ្នងនិងផ្នែកMedullaនៃខួរក្បាល (Spinal and bulbar muscular atrophy, SBMA)

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ករណីប្រើឱសថនេះចំពោះជំងឺភ្នាសក្នុងស្បូន (Endometriosis) ជំងឺដុំសាច់នៅសាច់ដុំស្បូន (Uterine fibroids) និង ជំងឺឆាប់ពេញវ័យខុសប្រក្រតីទាក់ទងនឹងខួរក្បាល (Central precocious puberty):

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថLH-RHផ្សេងទៀត។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលមានអាការៈចេញឈាមតាមទ្វារមាសដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។

      ករណីប្រើឱសថនេះចំពោះជំងឺមហារីកសុដន់មុនអស់រដូវ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថLH-RHផ្សេងទៀត។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។

      ករណីប្រើឱសថនេះចំពោះជំងឺមហារីកក្រពេញប្រូស្តាត:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថLH-RHផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន អារម្មណ៍ក្រៀមក្រំ ធ្លាក់ទឹកចិត្ត ក្ដៅច្រាល រួយស្មា ឈឺក្បាល គេងមិនលក់ឬងងុយគេង វិលមុខ បែកញើសទាំងត្រជាក់ ឈឺសន្លាក់និងឆ្អឹង រលាកឬស្ងួតទ្វារមាស ឈឺឬតឹងនៅដោះ ជ្រុះរោមឬសក់ ដុះរោមច្រើន បញ្ហាក្រចក ក្អួតចង្អោរ ឈឺពោះ ហើមពោះ រាករូសឬទល់លាមក នោមញឹក ពិបាកនោម ឡើងកន្ទួលក្រហម រមាស់ស្បែក ស្ពឹកដៃជើងនិងមាត់ ហ៊ឹងត្រចៀក ក្ដៅខ្លួន កើនទម្ងន់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ឡើងកន្ទួលក្រហមនិងរមាស់ ពិបាកដកដង្ហើម ហើមភ្នែកនិងជុំវិញមាត់(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមថយចុះ ខាន់លឿង)

      - ឈឺក្បាល គំហើញនៃភ្នែកខុសប្រក្រតី (ជំងឺPituitary apoplexy)

      - ពិបាកដកដង្ហើម ឈឺទ្រូង អារម្មណ៍ថប់ក្នុងទ្រូង (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism)ដូចជា ស្ទះសរសៃឈាមនៅបេះដូង ឬ ខួរក្បាល ឬ សួត ឬ ក្នុងសរសៃវ៉ែន)

      - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទអរម៉ូន (Estradiol, Estriol, Estrogen, Progesterone/Estrogen ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពឱសថLeuprorelinថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ស្ត្រីគួរទទួលការពិនិត្យផ្ទៃពោះមុននឹងចាប់ផ្ដើមប្រើឱសថនេះ និង គួរប្រើប្រាស់វិធីពន្យារកំណើតក្រៅអំពីវិធីប្រើថ្នាំអរម៉ូនក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះចំពោះជំងឺដុំសាច់នៅសាច់ដុំស្បូន (Uterine fibroids)មិនមែនជាវិធីព្យាបាលអោយជាសះស្បើយនោះទេ គឺត្រឹមអាចរក្សាស្ថានភាពជំងឺអោយមានលំនឹងទម្រាំដល់ពេលត្រូវវះកាត់ឬដល់ពេលអ្នកជំងឺអស់រដូវ។ ម្យ៉ាងទៀត នៅដំណាក់កាលដំបូង ឱសថនេះមិនមានប្រសិទ្ធិភាពបំបាត់អាការៈឈឺចង្កេះឬផ្នែកក្រោមពោះនោះទេ ដូច្នេះ គួរប្រើវិធីផ្សេងទៀតដើម្បីបំបាត់អាការៈទាំងនោះក្នុងអំឡុងពេលឱសថនេះមិនទាន់មានប្រសិទ្ធិភាព។

      ・ករណីប្រើឱសថនេះនៅក្នុងការព្យាបាលជំងឺមហារីកសុដន់មុនអស់រដូវ ជាទូទៅ អ្នកជំងឺត្រូវទទួលការពិនិត្យដើម្បីបញ្ជាក់អោយដឹងថាមានការកើតមានគ្រឿងទទួលអរម៉ូន(Receptor)ដែរឬទេ ប្រសិនបើមិនឃើញមានទេ នោះមិនត្រូវប្រើឱសថនេះនៅក្នុងការព្យាបាលឡើយ។

      ・ជាទូទៅ ឱសថនេះប្រើតាមរយៈការចាក់ក្រោមស្បែក ព្រោះការចាក់ចូលក្នុងសរសៃឈាម អាចបង្កអោយកើតមានបញ្ហាកំណកឈាម។ ចំណុចគួរចងចាំនៅក្នុងការចាក់បញ្ចូលថ្នាំតាមក្រោមស្បែក រួមមាន៖

      (1) ជ្រើសរើសផ្នែកដើមដៃ ផ្នែកពោះ ឬ ផ្នែកគូទ។

      (2) ត្រូវប្ដូរកន្លែងចាក់រាល់ពេល គឺមិនត្រូវចាក់នៅកន្លែងដដែលៗច្រើនដងនោះទេ។

      (3) ត្រូវប្រុងប្រយ័ត្នកុំអោយម្ជុលចាក់ចូលក្នុងសរសៃឈាម។

      (4) មិនត្រូវញីនៅត្រង់កន្លែកដែលចាក់ហើយនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចប្រព័ន្ធរវាងក្រពេញPituitary glandនិងក្រពេញភេទនៅដំណាក់កាលដំបូងនៃការប្រើប្រាស់ ដោយធ្វើអោយការផលិតអរម៉ូនភេទកើនឡើងមួយរយៈខ្លី បន្ទាប់មក ដោយសារសញ្ញាពីការកើនឡើងអរម៉ូនបែបនេះ ធ្វើអោយបរិមាណនៃអរម៉ូនភ្ញោចក្រពេញភេទ(Gonadotropin)ដែលផលិតនិងបញ្ចេញដោយក្រពេញPituitary glandដើម្បីភ្ញោចក្រពេញភេទមានការថយចុះទៅវិញ ម្យ៉ាងទៀត ឱសថនេះធ្វើអោយក្រពេញភេទមិនសូវប្រតិកម្មទៅនឹងអរម៉ូនភ្ញោចក្រពេញភេទនៅក្នុងការបង្កើតអរម៉ូនEstradiolនិងអរម៉ូនTestosterone ជាលទ្ធផល ធ្វើអោយបរិមាណនៃអរម៉ូនទាំងនេះថយចុះនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp