Lamotrigine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ប្រើតែឯងដើម្បីព្យាបាលជំងឺប្រកាច់ ដែលមានអាការៈដូចខាងក្រោម៖

      (1) អាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures)

      (2) Tonic-clonic seizures

      (3) Typical absence seizure

      - ប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតនៅក្នុងការព្យាបាលអាការៈដូចខាងក្រោម ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

      (1) អាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures)

      (2) Tonic-clonic seizures

      (3) អាការៈប្រកាច់ពេញរាងកាយ(Generalized seizures)ដែលកើតមាននៅក្នុងបណ្ដុំរោគសញ្ញាLennox-Gastaut

      - ទប់ស្កាត់ការកើតឡើងម្ដងហើយម្ដងទៀតនៃអាការៈស្មារតីឡើងចុះ(បាក់ទឹកចិត្តនិងសប្បាយរីករាយខ្លាំង)នៅក្នុងជំងឺBipolar disorder។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ឈឺក្បាល វិលមុខ ប៉ះពាល់ក្រពះពោះវៀន ងងុយគេង វិលមុខ ភ្នែកស្រវាំង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម របកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមមុខ (បណ្ដុំរោគសញ្ញាប្រតិកម្មទៅនឹងឱសថ)

      - ក្ដៅខ្លួន អាការៈឈឺឬដូចត្រូវសង្កត់នៅផ្នែកពោះឆ្វេងខាងលើ ហើមកូនកណ្ដុរ (Hemophagocytic syndrome)

      - ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម វិលមុខ (ជំងឺខ្វះឈាមប្រភេទAplastic anemia, បញ្ហាឈាមដូចជារោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - រឹងក ក្ដៅខ្លួន ឈឺក្បាល ចង់ក្អួត ស្មារតីដឹងខ្លួនថយចុះ (រលាកស្រោមខួរមិនបណ្ដាលមកពីបាក់តេរី)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថSodium valproate - អាចធ្វើអោយការបញ្ចេញចោលនៃLamotrigineអូសបន្លាយ។

      ・ឱសថPhenytoin, Carbamazepine, Phenobarbital, Primidone, Rifampicin, Lopinavir/Ritonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLamotrigineថយចុះ។

      ・ឱសថAtazanavir/Ritonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLamotrigineថយចុះ។

      ・ឱសថCarbamazepine - អាចធ្វើអោយកើតមានអាការៈដូចជា វិលមុខ ភ្នែកស្រវាំង ចង់ក្អួត ។ល។

      ・ឱសថRisperidone - អាចធ្វើអោយកើតមានអាការៈងងុយគេង ជាដើម។

      ・ឱសថពន្យារកំណើត (Ethinylestradiol/Levonorgestrel) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLamotrigineថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) និង បណ្ដុំរោគសញ្ញាប្រតិកម្មប្រឆាំងនឹងឱសថ ជាដើម ព្រោះផលប៉ះពាល់ទាំងនេះអាចមានគ្រោះថ្នាក់ដល់ជីវិត ដោយធ្វើការតាមដានរោគសញ្ញាដំបូង រួមមាន កន្ទួលក្រហម ក្ដៅខ្លួន ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់និងភ្នាសក្នុងមាត់ ឈឺបំពង់ក អស់កម្លាំង ហើមកូនកណ្ដុរ ជាដើម។ ប្រសិនបើមានរោគសញ្ញាទាំងនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះជាបន្ទាន់។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃគ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Na+ channel) ធ្វើអោយភ្នាសកោសិកាសរសៃប្រសាទមានលំនឹង ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុភ្ញោចដំណើរការនៃការចម្លងសញ្ញាសរសៃប្រសាទ មានដូចជា គ្លុយតាមីន ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp