Lamivudine
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺឆ្លងវីរុសហ៊ីវ (HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
- ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB ដែលពិនិត្យឃើញភាពខុសប្រក្រតីនៃមុខងារថ្លើមដោយសារការកើនឡើងនៃវីរុសរលាកថ្លើមB។
-
កម្រិតប្រើប្រាស់
ករណីជំងឺឆ្លងវីរុសហ៊ីវ (HIV):
មនុស្សពេញវ័យ:លេប1ថ្ងៃ 300mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 100mg។
-
ហាមប្រើ
ករណីជំងឺឆ្លងវីរុសហ៊ីវ (HIV):
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីជំងឺឆ្លងវីរុសហ៊ីវ (HIV):
ផលរំខានរួមមាន ចង់ក្អួត បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម រាករូស ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង ឈឺក្បាល ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែកនៃដៃជើង (រោគសញ្ញាប៉ះពាល់ប្រព័ន្ធផលិតឈាម)
- ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)
- ដកដង្ហើមញាប់ ញ័រនិងស្ពឹកដៃជើង ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis) ខ្លាញ់រុំថ្លើម)
- ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis)
- សាច់ដុំកន្ត្រាក់ ស្ពឹកដៃជើង ពិបាកផ្ដុំអារម្មណ៍ (ជំងឺប៉ះពាល់សរសៃប្រសាទ ជំងឺប្រកាច់ ជំងឺវង្វេង)។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
ផលរំខានរួមមាន ឈឺក្បាល អស់កម្លាំង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)
- ឈឺសាច់ដុំដៃនិងជើង អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ករណីជំងឺឆ្លងវីរុសហ៊ីវ (HIV):
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយការបញ្ចេញចោលនៃឱសថLamividineថយចុះ។
・ឱសថSorbitol - អាចធ្វើអោយការស្រូបសារធាតុឱសថLamividineថយចុះ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLamivudineថយចុះ។
・ឱសថSorbitol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLamivudineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីជំងឺឆ្លងវីរុសហ៊ីវ (HIV):
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីដែលមានផ្ទៃពោះក្រោម3ខែ មិនគួរប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីជំងឺឆ្លងវីរុសហ៊ីវ (HIV):
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអ្នកជំងឺជាកុមារ ដោយតាមដានក្រែងមានផលរំខានធ្វើអោយរលាកក្រពេញលំពែង ដែលមានរោគសញ្ញាដូចជាឈឺពោះខ្លាំង ក្អួតចង្អោរ ក្ដៅខ្លួន។ល។ ក្នុងករណីនេះ ត្រូវបញ្ឈប់ការប្រើឱសថនេះភ្លាម។
・សម្រាប់អ្នកដែលមានជំងឺរលាកថ្លើមBរ៉ាំរ៉ៃ នៅក្រោយពេលបញ្ឈប់ការប្រើឱសថនេះ អ្នកជំងឺអាចកើតមានអាការៈរលាកថ្លើមរើឡើងវិញ ដូច្នេះត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
・ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ អ្នកជំងឺអាចនឹងកើតមានការកើនឡើងនៃវីរុសសារជាថ្មី ហើយមុខងារថ្លើមឬអាការៈរលាកថ្លើមមានសភាពកាន់តែមិនល្អ។ ដូច្នេះ ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺរៀងរាល់2សប្ដាហ៍ម្ដងយ៉ាងហោចណាស់រយៈពេល4ខែ ដោយពិនិត្យតាមដានHBV-DNA, ALT(GPT) (និងTotal bilirubin ប្រសិនបើចាំបាច់) ជាពិសេស អ្នកជំងឺដែលមានប្រតិកម្មនៃប្រព័ន្ធភាពស៊ាំខ្លាំង(អ្នកដែលធ្លាប់មានរោគសញ្ញាខាន់លឿង ឬ អ្នកដែលធ្លាប់កើតមានអាការៈស្រួចស្រាវធ្ងន់ធ្ងរ ជាដើម) ឬ អ្នកជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារថ្លើមបាន(Decompensated liver cirrhosis)។ អ្នកជំងឺទាំងនេះអាចនឹងត្រូវបន្តប្រើប្រាស់ឱសថនេះក្នុងរយៈពេលវែង។
・ត្រូវពន្យល់ប្រាប់អ្នកជំងឺថាប្រសិនបើបញ្ឈប់ការប្រើប្រាស់ឱសថដោយចិត្តឯង អាចធ្វើអោយវីរុសកើនចំនួនច្រើនឡើងវិញ។
-
សកម្មភាពឱសថ
・ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseនិងសកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
・ពេលចូលដល់ក្នុងកោសិកា ឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មLamivudine 5'-triphosphate ហើយនឹងបង្អាក់សកម្មភាពនៃអង់ស៊ីមDNA polymerase ដោយប្រជែងជាមួយDeoxycytidine 5'-triphosphateក្នុងការភ្ជាប់ទៅនឹងខ្សែDNAដើម្បីផលិតDNAថ្មីៗរបស់វីរុស។ ម្យ៉ាងទៀត ទោះជាLamivudine 5'-triphosphateត្រូវបានភ្ជាប់ទៅនឹងខ្សែDNAដោយអង់ស៊ីមDNA polymeraseក៏ដោយ ប៉ុន្តែដោយLamivudine 5'-triphosphateមិនមានផ្នែកOHសម្រាប់ភ្ជាប់បន្តទៅនុយក្លេអ៊ីតផ្សេងទៀត ការផលិតDNAថ្មីត្រូវបានបញ្ឈប់ត្រឹមនេះ។ ដូច្នេះ ឱសថនេះមានសកម្មភាព2 គឺប្រជែងដើម្បីភ្ជាប់ទៅនឹងអង់ស៊ីមDNA polymerase និង បញ្ឈប់ការសំយោគខ្សែDNAថ្មីរបស់វីរុស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp