L-Asparaginase

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ (Acute leukemia) រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ។

      - ជំងឺមហារីកMalignant lymphoma។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីចាក់តាមសរសៃវ៉ែន:

      ជាទូទៅ ប្រើ1ថ្ងៃ50~200K.U./kg(ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រៀងរាល់ថ្ងៃឬ2ថ្ងៃម្ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងស្ថានភាពរាងកាយទាំងមូលរបស់អ្នកជំងឺ។

      ・ករណីចាក់ក្នុងសាច់ដុំ:

      ជាទូទៅ ប្រើ1ថ្ងៃ1ដង10000K.U./m2 (ផ្ទៃក្រឡារាងកាយ) 1សប្ដាហ៍3ដង ឬ ប្រើ1ថ្ងៃ1ដង25000K.U./m2 (ផ្ទៃក្រឡារាងកាយ) 1សប្ដាហ៍1ដង ដោយចាក់ក្នុងសាច់ដុំ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ មិនឃ្លានអាហារ ក្ដៅខ្លួន កម្រិតអាម៉ូញ៉ាក់កើនឡើងខ្ពស់ក្នុងឈាម ស្សុក(Shock) ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រងាញាក់ បេះដូងលោតញាប់ បែកញើស ស្លេកស្លាំង (ស្សុក(Shock) រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis))

      - ឈឺក្បាល ក្អួត ចង្អោរ ពិបាកនិយាយ (បញ្ហាកំណកឈាមធ្ងន់ធ្ងរ ដូចជា ហូរឈាមក្នុងខួរក្បាល ស្ទះសរសៃឈាមក្នុងខួរក្បាល ហូរឈាមក្នុងសួត ជាដើម)

      - ក្ដៅខ្លួន ក្អួត ចង្អោរ ឈឺពោះភ្លាមៗ (រលាកលំពែងស្រួចស្រាវលក្ខណៈធ្ងន់ធ្ងរ)

      - រួយខ្លួន ស្រកទម្ងន់ ស្ងួតក្នុងមាត់និងក (ជំងឺទឹកនោមផ្អែមដោយសារការរលាកផ្នែកបញ្ចេញអរម៉ូនអាំងស៊ុយលីននៃក្រពេញលំពែង)

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ មិនអាចផ្ដុំអារម្មណ៍ពិចារណាបាន ញ័រដៃដូចទទះស្លាប (រោគសញ្ញានៃការកើនឡើងសារធាតុអាម៉ូញ៉ាក់ក្នុងឈាម)

      - សាច់ដុំកន្ត្រាក់ គំហើញធ្លាក់ចុះ ស្មារតីសម្រេចចិត្តធ្លាក់ចុះ ក្អួត ឈឺក្បាល បាត់បង់ស្មារតី (រោគសញ្ញានៃផលប៉ះពាល់ខួរក្បាល)

      - រួយខ្លួន មិនឃ្លានអាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (បញ្ហាថ្លើមធ្ងន់ធ្ងរ)

      - រួយខ្លួន ក្ដៅខ្លួន ឈាមច្រមុះ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង)

      - រោគសញ្ញាស្រដៀងផ្ដាសាយ រួយខ្លួន ក្ដៅខ្លួន (ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ ដូចជា រលាកសួត ជាដើម)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះ ក្នុងករណីចាំបាច់ប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។

    • សកម្មភាពឱសថ

      ឱសថនេះជាអង់ស៊ីមដែលមានសកម្មភាពបំលែងAsparagineទៅជាAspartic acidនិងAmmonia ធ្វើអោយបរិមាណAsparagineនៅក្នុងឈាមថយចុះ។ ឱសថនេះមានប្រសិទ្ធភាពសម្លាប់កោសិកាមហារីកគ្រាប់ឈាមសដែលពឹងផ្អែកលើAsparagineពីក្រៅរាងកាយនៅក្នុងការសំយោគនិងមេតាបូលីសនៃប្រូតេអ៊ីន ដោយសារកោសិកាទាំងនេះខ្វះអង់ស៊ីមAsparagine synthetase សម្រាប់ការសំយោគAsparagine។ ឱសថនេះនឹងបំបែកAsparagine ធ្វើអោយសារធាតុនេះកាន់តែខ្សត់សម្រាប់ផ្គត់ផ្គង់ទៅអោយកោសិកាមហារីកទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp