Isosorbide dinitrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេបឬដាក់ក្រោមអណ្ដាតឬបិទលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)
- ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction)
- ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត។
ករណីថ្នាំបាញ់ក្នុងមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបន្ថយអាការៈត្បៀតសរសៃឈាមក្នុងបេះដូងដែលកំពុងកើតឡើង។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺខ្សោយបេះដូងស្រួចស្រាវ(Acute heart failure) (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ)
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina)
- កាត់បន្ថយអាការៈកន្ត្រាក់នៃសរសៃឈាមបេះដូងនៅពេលត្រូវថតរូបភាពសរសៃឈាមបេះដូង។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
មនុស្សពេញវ័យ:លេប1ដង5~10mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
<ប្រភេទរយៈពេលសកម្មភាពវែង (R)>
មនុស្សពេញវ័យ:លេប1ដង20mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំដាក់ក្រោមអណ្ដាត:
មនុស្សពេញវ័យ:នៅពេលកើតមានអាការៈ ប្រើ1ដង5~10mg ដាក់ក្រោមអណ្ដាត។ ក្រៅពីពេលកើតមានអាការៈ ប្រើ1ដង5~10mg 1ថ្ងៃ3~4ដង ដាក់ក្រោមអណ្ដាត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបិទលើស្បែក:
មនុស្សពេញវ័យ:ប្រើ1ដង40mg បិទនៅលើទ្រូង ផ្នែកខាងលើនៃពោះ ឬ ខ្នង ដោយផ្លាស់ប្ដូររៀងរាល់24ម៉ោងឬ48ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ករណីថ្នាំបាញ់ក្នុងមាត់:
មនុស្សពេញវ័យ:ប្រើ1ដង1.25mg (1ចុច) បាញ់នៅក្នុងមាត់។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើ1ដង1.25mg (1ចុច)បន្ថែមទៀត។
ករណីថ្នាំចាក់:
・ករណីជំងឺខ្សោយបេះដូងស្រួចស្រាវ(Acute heart failure) (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ):
មនុស្សពេញវ័យ:ប្រើឱសថនេះដោយផ្ទាល់ ឬ ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់ 0.05~0.001% រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនក្នុងល្បឿន1.5~8mg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាគឺ10mg/ម៉ោង។
・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina):
មនុស្សពេញវ័យ:ប្រើឱសថនេះដោយផ្ទាល់ ឬ ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់ 0.05~0.001% រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនក្នុងល្បឿន2~5mg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ករណីប្រើនៅក្នុងការកាត់បន្ថយអាការៈកន្ត្រាក់នៃសរសៃឈាមបេះដូងនៅពេលត្រូវថតរូបភាពសរសៃឈាមបេះដូង:
មនុស្សពេញវ័យ:ប្រើឱសថនេះដោយមិនពង្រាវ ក្នុងកម្រិត5mg បញ្ចូលទៅក្នុងផ្នែក Valsalva sinus នៃបេះដូង តាមរយៈឧបករណ៍Catheter ដោយប្រើរយៈពេលតិចជាង1នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាគឺ10mg។
-
ហាមប្រើ
ករណីថ្នាំគ្រាប់លេបឬដាក់ក្រោមអណ្ដាតឬបាញ់ក្នុងមាត់ឬបិទលើស្បែក:
・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)
・អ្នកដែលមានរបួសផ្នែកក្បាលឬកើតមានជំងឺហូរឈាមក្នុងខួរក្បាល
・អ្នកដែលមានអាការៈខ្វះឈាមកម្រិតធ្ងន់ធ្ងរ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite)
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)។
ករណីថ្នាំចាក់:
・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឹនៃបណ្ដុំរោគសញ្ញាអាយហ្សេនមេនចឺ(Eisenmenger's syndrome)ឬជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួតបឋម(Primary pulmonary hypertension)
・អ្នកដែលមានជំងឹស្ទះសរសៃឈាមនៅថតក្រោមស្ដាំនៃបេះដូង(Right ventricular infarction)
・អ្នកដែលកំពុងមានអាការៈខ្វះជាតិទឹក
・អ្នកដែលមានជំងឺNeurocirculatory asthenia (NCA)
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)
・អ្នកដែលមានរបួសផ្នែកក្បាលឬកើតមានជំងឺហូរឈាមក្នុងខួរក្បាល
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite)
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)។
-
ផលរំខាន
ករណីថ្នាំគ្រាប់លេបឬដាក់ក្រោមអណ្ដាតឬបាញ់ក្នុងមាត់:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ឈឺក្បាល វិលមុខ អារម្មណ៍ក្ដៅ មុខក្រហម ផ្សាក្នុងមាត់ ក្អួតចង្អោរ ឈឺផ្នែកខាងលើនៃពោះ។ល។
ករណីថ្នាំចាក់:
ផលរំខានរួមមាន សម្ពាធឈាមធ្លាក់ចុះទាប វិលមុខ បេះដូងលោតញាប់ ហើមដៃជើង ឈឺក្បាល ក្អួតចង្អោរ ឡើងកន្ទួលក្រហម ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខនិងខ្លួនមានលក្ខណៈស្លេកខៀវ បែកញើសទាំងត្រជាក់ វិលមុខ ដង្ហក់ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- បេះដូងលោតខ្លាំង វិលមុខ បាត់បង់ស្មារតី ដង្ហក់ (ជំងឺញ័រថតខាងក្រោមនៃបេះដូង)។
ករណីថ្នាំបិទលើស្បែក:
ផលរំខានរួមមាន ក្រហមស្បែក រមាស់ ឡើងកន្ទួលក្រហម ឈឺក្បាល សម្ពាធឈាមធ្លាក់ចុះ។ល។
-
អន្តរប្រតិកម្ម
・ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・គ្រឿងស្រវឹង - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។ (លើកលែងករណីថ្នាំចាក់:)
・ឱសថបញ្ចុះទឹកនោម - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។
・ឱសថដែលមានសកម្មភាពពង្រីកសរសៃឈាម ឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite) - អាចធ្វើអោយកើតមានផលរំខានដូចជាឈឺក្បាលឬសម្ពាធឈាមធ្លាក់ចុះទាបជាដើម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំគ្រាប់លេបឬដាក់ក្រោមអណ្ដាតឬបាញ់ក្នុងមាត់ឬបិទលើស្បែក:
・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងឹតមុខនៅពេលក្រោកឈរ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលមានអាការៈបែបនេះ។
・ឱសថនេះក៏អាចផ្ដល់ផលរំខានដូចជា ឈឺក្បាល បញ្ហាស្មារតី ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយសម្ពាធឈាមចុះទាបកាន់តែខ្លាំង ឬកើតមានអាការៈឈឺក្បាល វិលមុខ ងងឹតមុខ ជាដើម ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ករណីថ្នាំបិទលើស្បែក អាចបិទនៅផ្នែកទ្រូង ផ្នែកខាងលើនៃពោះ ឬ ផ្នែកខ្នង ដោយចៀសវាងកន្លែងដែលមានរបួស កន្ទួលក្រហម ឬ អាការៈរលាក។
-
សកម្មភាពឱសថ
ឱសថនេះនឹងចូលទៅក្នុងកោសិកានៃសរសៃឈាមវ៉ែន សរសៃឈាមបេះដូង និង សរសៃឈាមតូចៗ ដោយបំលែងទៅជាអាសូតម៉ូណូអុកស៊ីត(NO)ដែលមានប្រសិទ្ធិភាពភ្ញោចសកម្មភាពនៃអង់ស៊ីមGuanylate cyclase ធ្វើអោយបរិមាណcGMPកើនឡើង។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពទធ្វើអោយសរសៃឈាមរីកធំទូលាយជាងមុខ ចរន្តឈាមក៏ដំណើរការបានស្រួល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp