Insulin glargine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈនៃកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

    • ផលរំខាន

      ផលរំខានរួមមាន កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ឡើងកន្ទួលក្រហម កើនទម្ងន់ ឈឺនៅកន្លែងចាក់ ប៉ះពាល់ដល់ភ្នែក អស់កម្លាំង។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើសទាំងត្រជាក់ (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរលឿន ឡើងកន្ទួលក្រហម ហើមត្របកភ្នែកនិងបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic Antidepressants (Nortriptyline hydrochlorideជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទSalicylic acid (Aspirin, Ethenzamideជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថCyclophosphamide, ឱសថWarfarin, ឱសថChloramphenicol, ឱសថប្រភេទSulfonamides, ឱសថCibenzoline succinate, ឱសថDisopyramide, ឱសថPirmenol, ឱសថReserpine, ឱសថBezafibrate - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Trichlormethiazide, Cyclopenthiazide), ឱសថបញ្ចុះទឹកនោមប្រភេទLoop diuretics(Furosemide), ឱសថស្តេរ៉ូអ៊ីត(Prednisolone, Triamcinolone), ឱសថTetracosactide Acetate, ឱសថAdrenalin, ឱសថGlucagon, ឱសថLevothyroxine, ឱសថSomatropin, ឱសថEthinylestradiol, ឱសថពន្យារកំណើត, ឱសថNicotinic acid, ឱសថConcentrated glycerin, ឱសថIsoniazid, ឱសថDanazol, ឱសថPhenytoin, ឱសថBuserelin acetate, ឱសថប្រភេទPhenothiazine - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថMestanolone, ឱសថOctreotide acetate, ឱសថLanreotide acetate, ឱសថPentamidine, ឱសថCeliprolol, ឱសថPropranolol, ឱសថAtenolol, ឱសថPindolol, ឱសថLithium carbonate, ឱសថClonidine - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ត្រូវប្រុងប្រយ័ត្ន ករណីប្រើប្រាស់ឱសថនេះចំពោះស្ត្រីមានផ្ទៃពោះ។ តម្រូវការនៃបរិមាណអាំងស៊ុយលីនងាយប្រែប្រួលទៅតាមដំណាក់កាលនៃការមានផ្ទៃពោះនិងដំណាក់កាលបំបៅដោះកូនរបស់ស្ត្រី។ ជាទូទៅ នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អ្នកជំងឺត្រូវការកម្រិតអាំងស៊ុយលីនតិចជាងនៅដំណាក់កាលពាក់កណ្ដាលនិងចុងក្រោយនៃការមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ សម្រាប់ទម្រង់ជាប៊ិច មិនតម្រូវអោយរក្សាទុកនៅក្នុងទូទឹកកកនោះទេក្រោយពេលបើកប្រើ។ ប៉ុន្តែ ក៏មានប្រភេទដែលត្រូវរក្សាទុកក្នុងទូទឹកកកផងដែរ សូមពិនិត្យមើលព័ត៌មានបន្ថែម។ ម្យ៉ាងទៀត ប្រសិនបើឃើញមានការប្រែពណ៌ឬកករ សូមកុំបន្តប្រើប្រាស់ឱសថបែបនោះ។

      ・ការចាក់ថ្នាំអាំងស៊ុយលីននៅក្រោមស្បែកអាចធ្វើឡើងនៅដើមដៃ ភ្លៅ ឬ ពោះ។ អ្នកជំងឺគួរកំណត់យកផ្នែកណាមួយក្នុងចំណោមផ្នែកនៃរាងកាយខាងលើ ប៉ុន្តែ គួរចាក់នៅត្រង់កន្លែងផ្សេងគ្នារាល់ពេលដោយខុសគ្នាពី2ទៅ3សង់ទីម៉ែត្រ។

      ・ឱសថនេះជាប្រភេទដែលបង្ហាញសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមយឺតៗប៉ុន្តែជាប់រហូត។ ជាទូទៅ ឱសថនេះត្រូវប្រើនៅមុនពេលបរិភោគអាហារ(ក្នុងអំឡុងពេល30នាទីមុនបរិភោគអាហារ)ឬមុនចូលគេងក៏បាន ប៉ុន្តែត្រូវកំណត់ពេលវេលាប្រើប្រាស់ច្បាស់លាស់និងដូចគ្នាជារៀងរាល់ថ្ងៃ។

      ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖

      (1) អ្នកដែលមានជំងឺថ្លើមឬតម្រងនោមធ្ងន់ធ្ងរ

      (2) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ

      (3) អ្នកដែលកំពុងមានអាការៈផ្នែកប្រព័ន្ធរំលាយអាហារ(រាករូស ក្អួតចង្អោរជាដើម)

      (4) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលា

      (5) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា

      (6) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

      (7) មនុស្សចាស់

      (8) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះជាអរម៉ូនអាំងស៊ុយលីនសិប្បនិម្មិតដែលបង្ហាញសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមយឺតៗប៉ុន្តែជាប់រហូត។

      ឱសថនេះនឹងទៅភ្ជាប់នឹងគ្រឿងទទួលនៃអរម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយដើម្បីបង្ហាញសកម្មភាពដូចខាងក្រោម ៖

      (1) ជម្រុញអោយមានការស្រូបជាតិស្ករចូលទៅក្នុងកោសិកាសាច់ដុំឬកោសិកាខ្លាញ់ដើម្បីប្រើប្រាស់ជាថាមពល។

      (2) បង្អាក់សកម្មភាពសំយោគគ្លុយកូសនៅក្នុងថ្លើម

      (3) បង្អាក់សកម្មភាពបំបែកម៉ូលេគុលខ្លាញ់និងប្រូតេអ៊ីននៅក្នុងកោសិកាខ្លាញ់ និង ជម្រុញសកម្មភាពសំយោគប្រូតេអ៊ីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp