Ibandronate sodium hydrate = Ibandronic acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ខែ1ដង100mg នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់60នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ខែ1ដង100mg ចាក់តាមសរសៃវ៉ែនយឺតៗ។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・អ្នកដែលមានបញ្ហានៅបំពង់អាហារធ្វើអោយការឆ្លងកាត់បំពង់អាហារមានសភាពយឺត(ជំងឺបំពង់អាហាររួមតូច ជំងឺខ្សោយបំពង់អាហារ(Achalasia) ជាដើម)។
・អ្នកដែលមិនអាចរក្សាឥរិយាបថអង្គុយឬឈរយ៉ាងហោចណាស់60នាទីបានក្រោយប្រើប្រាស់ឱសថ។
・អ្នកដែលមានកម្រិតកាល់ស្យូមនៅក្នុងឈាមទាប។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・អ្នកដែលមានកម្រិតកាល់ស្យូមនៅក្នុងឈាមទាប។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ ចង់ក្អួត ទល់លាមកឬរាករូស រលាកក្រពះពោះវៀន ក្អួតចង្អោរ ឡើងកន្ទួលក្រហម រមាស់ វិលមុខ ឈឺសន្លាក់ ឈឺខ្នង ឈឺឆ្អឹង ឈឺសាច់ដុំ រលាកភ្នែក ឈឺក្បាល។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្រហាយទ្រូង ឈឺទ្រូង ឈឺនៅពេលលេប ក្អួតឈាម (រលាកឬដំបៅបំពង់អាហារ បំពង់អាហាររួមតូចឬធ្លាយ)
- ក្អួតឈាម លាមកមានលាយឈាម លាមកពណ៌ខ្មៅ ឈឺចុងដង្ហើម ឈឺនៅពេលសង្កត់ (ដំបៅក្រពះឬពោះវៀន)
- រួយខ្លួន វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ទឹកមុខស្លេកស្លាំង ហើមភ្នែកនិងជុំវិញបបូរមាត់ សម្លេងស្អក ពិបាកដកដង្ហើម បេះដូងលោតញាប់ រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺឬហើមចង្កា ស្ពឹកនៅចង្កា ធ្ងន់ចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ ក្ដៅខ្លួន (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)
- ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឬប្រេះឆ្អឹងភ្លៅ)
- រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក មិនស្រួលក្នុងត្រចៀក រមាស់ឬក្ដៅក្នុងត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)។
ករណីថ្នាំចាក់:
ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ ចង់ក្អួត ទល់លាមកឬរាករូស រលាកក្រពះពោះវៀន ក្អួតចង្អោរ ឡើងកន្ទួលក្រហម រមាស់ វិលមុខ ឈឺសន្លាក់ ឈឺខ្នង ឈឺឆ្អឹង ឈឺសាច់ដុំ រលាកភ្នែក ឈឺក្បាល។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ទឹកមុខស្លេកស្លាំង ហើមភ្នែកនិងជុំវិញបបូរមាត់ សម្លេងស្អក ពិបាកដកដង្ហើម បេះដូងលោតញាប់ រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺឬហើមចង្កា ស្ពឹកនៅចង្កា ធ្ងន់ចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ ក្ដៅខ្លួន (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)
- ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឬប្រេះឆ្អឹងភ្លៅ)
- រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក មិនស្រួលក្នុងត្រចៀក រមាស់ឬក្ដៅក្នុងត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថឬអាហារដែលមានផ្ទុកជាតិកាល់ស្យូម(Ca) ម៉ាញ៉េស្យូម(Mg) អាលុយមីញ៉ូម(Al) ជាតិដែក(Fe) ជាដើម - អាចធ្វើអោយការស្រូបសារធាតុAlendronate sodium hydrateថយចុះ។ ដូច្នេះ គួរប្រើប្រាស់ឱសថឬអាហារទាំងនោះយ៉ាងហោចណាស់រយៈពេល60នាទីក្រោយប្រើប្រាស់ឱសថIbandronate sodium hydrate។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មុនចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យមាត់ធ្មេញ ហើយប្រសិនបើមានបញ្ហាមាត់ធ្មេញដែលត្រូវការដកធ្មេញឬវះកាត់ អ្នកជំងឺគួរធ្វើការព្យាបាលមាត់ធ្មេញចប់រួចរាល់ជាមុនសិន ព្រោះការដកធ្មេញជាដើមអាចធ្វើអោយផលរំខាននៃឱសថនេះរប៉ះពាល់ដល់ចង្កាងាយនឹងកើតឡើង។ ម្យ៉ាងទៀត អ្នកជំងឺគួររក្សាអនាម័យមាត់ធ្មេញជានិច្ច ព្រមទាំងទទួលការពិនិត្យសុខភាពមាត់ធ្មេញអោយបានទៀងទាត់។
・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមអោយបានគ្រប់គ្រាន់។
ករណីថ្នាំលេប:
・ជាទូទៅ អ្នកជំងឺត្រូវប្រើឱសថនេះនៅក្រោយពេលក្រោកពីគេងភ្លាមជាមួយទឹក1កែវពេញ(180mL) ហើយមិនត្រូវស្ថិតក្នុងឥរិយាបថទម្រេតខ្លួននោះទេយ៉ាងហោចណាស់រយៈពេល60នាទី ព្រោះប្រសិនបើឱសថនេះនៅជាប់នឹងបំពង់អាហារ វាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់បំពង់អាហារ។
・គួរលេបឱសថនេះជាមួយទឹកតែប៉ុណ្ណោះ ព្រោះភេសជ្ជៈដែលមានផ្ទុកជាតិរ៉ែ(Ca, Mg ជាដើម) អាហារនិងឱសថផ្សេងទៀត អាចធ្វើអោយការស្រូបសារធាតុនៃឱសថនេះថយចុះនៅពេលប្រើប្រាស់ក្នុងពេលតែមួយ។
-
សកម្មភាពឱសថ
ឱសថនេះងាយភ្ជាប់ទៅនឹងសារធាតុHydroxyapatiteដែលជាសារធាតុផ្សំសំខាន់នៅក្នុងឆ្អឹង។ នៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ នៅពេលចូលដល់ក្នុងឆ្អឹង ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃវដ្ដអាស៊ីតមេវ៉ាឡូនិច(Mevalonate pathway)និងប្រតិកម្មផ្សេងៗទៀតនៅក្នុងកោសិកាបំបែកឆ្អឹង ធ្វើអោយកោសិកានេះមិនអាចធ្វើសកម្មភាពរំលាយឆ្អឹងបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp