Hydroxocobalamin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបន្សាបការពុលសារធាតុស្យាន(Cyan) ឬ សមាសធាតុស្យាន(Cyanide)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ការប្រើនៅលើកដំបូង:
- មនុស្សពេញវ័យ:លាយឱសថនេះ5gនៅក្នុងសេរ៉ូមប្រៃបរិមាណ200mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេលចាប់ពី15នាទីឡើងទៅ។
- កុមារ:ប្រើក្នុងកម្រិត70mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេលចាប់ពី15នាទីឡើងទៅ។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ5g។ សម្រាប់ឱសថនេះ5gត្រូវការសេរ៉ូមប្រៃបរិមាណ200mLដើម្បីលាយមុននឹងប្រើ។
・ការប្រើបន្ថែម:
ទៅតាមរោគសញ្ញា អាចប្រើបន្ថែមម្ដងទៀតក្នុងកម្រិតដដែល។ នៅពេលប្រើបន្ថែម ត្រូវព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទី~2ម៉ោង។ កម្រិតអតិបរមាប្រើសរុបសម្រាប់មនុស្សពេញវ័យគឺ10g ហើយសម្រាប់កុមារគឺ140mg/kg(ប៉ុន្តែមិនត្រូវលើសពី10gនោះទេ)។
-
ហាមប្រើ
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ(Hydroxocobalamin) ឬ វីតាមីនB12 (Cyanocobalamin)។
-
ផលរំខាន
ផលរំខានរួមមាន ចង្វាក់បេះដូងខុសប្រក្រតី ភ្លេចភ្លាំង វិលមុខ ហើមភ្នែក ក្រហាយភ្នែក ស្ងួតក ពិបាកដកដង្ហើម រាករូស ចង់ក្អួត ឈឺក្បាល ហើមដៃជើង ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក នៅមិនស្ងៀម ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមអណ្ដាត ស្នាមក្រហមលើស្បែក (រោគសញ្ញាស្រដៀងរោគប្រតិកម្មធ្ងន់ធ្ងរ)
- បរិមាណទឹកនោមថយចុះ អស់កម្លាំង ហើម (ប៉ះពាល់មុខងារតម្រងនោមលក្ខណៈស្រួចស្រាវ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថSodium thiosulfate - អាចធ្វើអោយប្រសិទ្ធិភាពបន្សាបជាតិពុលថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពផ្លាស់ប្ដូរអ៊ីយ៉ុងអ៊ីដ្រុកស៊ីត(Hydroxide ion, OH-)ដែលស្ថិតនៅភ្ជាប់នឹងអ៊ីយ៉ុងកូបាល់(Co3+)នៃម៉ូលេគុលឱសថនេះ ជាមួយនឹងអ៊ីយ៉ុងស្យាន(CN-) ដើម្បីក្លាយជាម៉ូលេគុលCyanocobalamin (Vitamin B12) និង បញ្ចេញចោលទៅតាមទឹកនោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp