Human insulin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ ម្យ៉ាងទៀត អាចមានករណីដែលឱសថត្រូវបានប្រើនៅក្នុងការបន្សាបការពុលឱសថប្រភេទCalcium antagonistsផងដែរ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈនៃកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
-
ផលរំខាន
ផលរំខានរួមមាន កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើសទាំងត្រជាក់ (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
- ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរលឿន (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត កន្ទាលត្រអាក ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic Antidepressants (Nortriptyline hydrochlorideជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថប្រភេទSalicylic acid (Aspirin, Ethenzamideជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថCyclophosphamide, ឱសថPropranolol, ឱសថAtenolol, ឱសថPindolol, ឱសថWarfarin, ឱសថChloramphenicol, ឱសថBezafibrate, ឱសថប្រភេទSulfonamides, ឱសថCibenzoline succinate, ឱសថDisopyramide, ឱសថPirmenol - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Trichlormethiazide, Cyclopenthiazide), ឱសថស្តេរ៉ូអ៊ីត(Prednisolone,
Triamcinolone), ឱសថTetracosactide Acetate, ឱសថAdrenalin, ឱសថGlucagon, ឱសថLevothyroxine, ឱសថSomatropin, ឱសថEthinylestradiol, ឱសថពន្យារកំណើត, ឱសថNicotinic acid, ឱសថConcentrated glycerin,
ឱសថIsoniazid, ឱសថDanazol, ឱសថPhenytoin - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។
・ឱសថMestanolone, ឱសថOctreotide acetate, ឱសថLanreotide acetate - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ត្រូវប្រុងប្រយ័ត្ន ករណីប្រើប្រាស់ឱសថនេះចំពោះស្ត្រីមានផ្ទៃពោះ។ តម្រូវការនៃបរិមាណអាំងស៊ុយលីនងាយប្រែប្រួលទៅតាមដំណាក់កាលនៃការមានផ្ទៃពោះនិងដំណាក់កាលបំបៅដោះកូនរបស់ស្ត្រី។ ជាទូទៅ នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អ្នកជំងឺត្រូវការកម្រិតអាំងស៊ុយលីនតិចជាងនៅដំណាក់កាលពាក់កណ្ដាលនិងចុងក្រោយនៃការមានផ្ទៃពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ សម្រាប់ទម្រង់ជាប៊ិច មិនតម្រូវអោយរក្សាទុកនៅក្នុងទូទឹកកកនោះទេក្រោយពេលបើកប្រើ។ ប៉ុន្តែ ក៏មានប្រភេទដែលត្រូវរក្សាទុកក្នុងទូទឹកកកផងដែរ សូមពិនិត្យមើលព័ត៌មានបន្ថែម។ ម្យ៉ាងទៀត ប្រសិនបើឃើញមានការប្រែពណ៌ឬកំណកពណ៌ស សូមកុំបន្តប្រើប្រាស់ឱសថបែបនោះ។
・ការចាក់ថ្នាំអាំងស៊ុយលីននៅក្រោមស្បែកអាចធ្វើឡើងនៅដើមដៃ ភ្លៅ ឬ ពោះ។ អ្នកជំងឺគួរកំណត់យកផ្នែកណាមួយក្នុងចំណោមផ្នែកនៃរាងកាយខាងលើ ប៉ុន្តែ គួរចាក់នៅត្រង់កន្លែងផ្សេងគ្នារាល់ពេលដោយខុសគ្នាពី2ទៅ3សង់ទីម៉ែត្រ។
・ឱសថនេះស្ថិតក្នុងប្រភេទលឿន ដូច្នេះ ជាទូទៅ ឱសថនេះត្រូវប្រើនៅមុនពេលបរិភោគអាហារ (ក្នុងអំឡុងពេល30នាទីមុនបរិភោគអាហារ)។
・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖
(1) អ្នកដែលមានជំងឺថ្លើមឬតម្រងនោមធ្ងន់ធ្ងរ
(2) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ
(3) អ្នកដែលកំពុងមានអាការៈផ្នែកប្រព័ន្ធរំលាយអាហារ(រាករូស ក្អួតចង្អោរជាដើម)
(4) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលា
(5) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា
(6) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន
(7) មនុស្សចាស់
(8) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។
・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះជាអរម៉ូនអាំងស៊ុយលីនសិប្បនិម្មិត ដោយមានរចនាសម្ព័ន្ធដូចទៅនឹងអរម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយមនុស្ស។ ឱសថនេះនឹងទៅភ្ជាប់នឹងគ្រឿងទទួលនៃអរម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយដើម្បីបង្ហាញសកម្មភាពដូចខាងក្រោម ៖
(1) ជម្រុញអោយមានការស្រូបជាតិស្ករចូលទៅក្នុងកោសិកាសាច់ដុំឬខ្លាញ់ដើម្បីប្រើប្រាស់ជាថាមពល។
(2) បង្អាក់សកម្មភាពសំយោគគ្លុយកូសនៅក្នុងថ្លើម
(3) ជម្រុញអោយមានការប្រមូលផ្ដុំគ្លុយកូសដើម្បីផលិតជាគ្លីកូជេន(Glycogen)
(4) ជម្រុញសកម្មភាពបំបែកជាតិស្ករនៅក្នុងថ្លើម
(5) ជម្រុញសកម្មភាពសំយោគសារធាតុខ្លាញ់នៅក្នុងជាលិកាខ្លាញ់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp