Heparin sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលជំងឺកកើតកំណកឈាមច្រើនក្នុងសរសៃឈាម (ជំងឺDisseminated intravascular coagulation syndrome, DIC)
- ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលប្រើប្រាស់ឧបករណ៍ក្រៅរាងកាយទាក់ទងនឹងចរន្តឈាម ដូចជា ឧបករណ៍លាងឈាម ឧបករណ៍ជំនួសមុខងារបេះដូងនិងសួត(Heart-lung machine) ជាដើម។
- ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលស៊កបំពង់Catheterទៅក្នុងសរសៃឈាម។
- ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលធ្វើការបញ្ចូលឈាមឬការពិនិត្យឈាម។
- បង្ការនិងព្យាបាលជំងឺស្ទះដោយសារកំណកឈាម (ជំងឺកើតមានកំណកឈាមនៅសរសៃឈាមវ៉ែន ជំងឺស្ទះសរសៃឈាមក្នុងបេះដូង ជំងឺស្ទះកំណកឈាមនៅក្នុងសួត ជំងឺស្ទះកំណកឈាមនៅក្នុងខួរក្បាល ជំងឺស្ទះកំណកឈាមនៅតាមសរសៃឈាមអាកទែរនៃអវៈយវៈ ការស្ទះកំណកឈាមនៅក្នុងពេលឬក្រោយពេលវះកាត់។ល។)។
ករណីថ្នាំលាប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈឈឺចាប់ និង ជំងឺប្រភេទរលាកមួយចំនួន ដែលបណ្ដាលមកពីចរន្តឈាមរត់មានបញ្ហា (អាការៈរឹងនិងឈឺចាប់ក្រោយពេលចាក់ថ្នាំ)
- អាការៈហើមក្រោយរបួសដោយការប៉ះទង្គិច(ដំណំ គ្រេច ថ្លោះ) អាការៈដក់ឈាម អាការៈរលាកសរសៃកែង ឈឺសាច់ដុំ រលាកសន្លាក់
- ព្យាបាលនិងបង្កាកុំអោយស្នាមរបួសឡើងក្រាស់ឬផ្លែ
- អាការៈរលាកសរសៃវ៉ែនដោយសារកំណកឈាម (Thrombophlebitis)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
ករណីថ្នាំចាក់:
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការថយចុះនៃចំនួនប្លាកែត(Thrombocytopenic purpura) ជំងឺឈាមក្រកក(Hemophilia) កំពុងមករដូវ កំពុងទទួលការវះកាត់ ជំងឺដំបៅក្រពះពោះវៀន ជំងឺហូរឈាមនៅប្រព័ន្ធតម្រងនោម មានអាការៈក្អួតឈាម រលូតកូន ទើបសម្រាលកូនរួចភ្លាម កំពុងសង្ស័យថាមានហូរឈាមក្នុងក្បាល ។ល។)
・អ្នកដែលអាចកើតមានអាការៈហូរឈាម (ជំងឺមហារីកនៃសរីរាង្គខាងក្នុង ជំងឺរលាកពោះវៀនធំ ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis) ជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ ជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ ។ល។)
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលទើបទទួលការវះកាត់ផ្នែកប្រព័ន្ធសរសៃប្រសាទឬក្រោយទទួលការរងរបួសរួច។
・អ្នកដែលធ្លាប់មានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)។
ករណីថ្នាំលាប:
・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាមលក្ខណៈមានអាការៈហូរឈាម។
・អ្នកដែលអាចនឹងទទួលលទ្ធផលមិនល្អលក្ខណៈធ្ងន់ធ្ងរ ប្រសិនបើមានការហូរឈាមតែបន្តិចបន្តួចក៏ដោយ។
・ការប្រើនៅលើស្បែកដែលរលាត់ឬដំបៅ។
・ការប្រើនៅភ្នែក។
-
ផលរំខាន
ករណីថ្នាំចាក់:
ផលរំខានរួមមាន រមាស់ស្បែក កន្ទាលត្រអាក រងាញាក់ ក្ដៅខ្លួន រលាកច្រមុះ អាការៈហឺត ហូរទឹកភ្នែក ជ្រុះរោមឬសក់ ស្នាមពណ៌សលើស្បែក ពុកឆ្អឹង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម សម្បុរខៀវស្វាយ កន្ទាលត្រអាក ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អាការៈហូរឈាមនៅក្នុងខួរក្បាល នៅក្នុងក្រពះពោះវៀន ក្នុងសួត ក្នុងពោះ។ល។
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើង (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។
ករណីថ្នាំលាប:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្នាមក្រហម រមាស់ស្បែក ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំចាក់:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាម, ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថដែលទប់ស្កាត់សកម្មភាពរបស់ប្លាកែត(Aspirin, Dipyridamole, Ticlopidine ជាដើម) - អាចធ្វើអោយការហូរឈាមងាយកើតឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន, ឱសថបង្កើនសកម្មភាពបេះដូង(ឱសថDigitalis), ឱសថប្រភេទNitroglycerin - អាចធ្វើអោយសកម្មភាពនៃឱសថHeparin Sodium ថយចុះ។
・ឱសថSugammadex sodium - អាចធ្វើអោយសកម្មភាពនៃឱសថHeparin Sodium កើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំចាក់:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំចាក់:
・ការបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាមៗអាចធ្វើអោយកើតមានកំណកឈាមនាំអោយមានគ្រោះថ្នាក់ ដូច្នេះ ករណីឈប់ប្រើប្រាស់ឱសថនេះ ត្រូវបញ្ចុះកម្រិតប្រើប្រាស់បន្តិចម្ដងៗ។
・ដើម្បីបន្សាបឥទ្ធិពលនៃHeparin sodiumនៅពេលមានបញ្ហាកើតឡើង គេអាចប្រើប្រាស់សារធាតុProtamine sulfate ដោយត្រូវការ1~1.5mgសម្រាប់Heparin 100 IU (1mg)។
ករណីថ្នាំលាប:
・មិនត្រូវប្រើឱសថនេះនៅលើស្បែកដែលរលាត់ មានដំបៅ ឬ របួស ឬ នៅលើភ្នាសសើមដូចជាភ្នែកជាដើម។
-
សកម្មភាពឱសថ
ករណីថ្នាំចាក់:
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកកើតកំណកឈាម ដោយមានសកម្មភាពភ្ញោចសារធាតុអង់ទីត្រុំប៊ីនIII (Antithrombin III)ដើម្បីទប់ស្កាត់សកម្មភាពនៃសារធាតុត្រុំប៊ីន កត្តាកំណកឈាមIXaដល់XIIa និង សារធាតុKallikrein ក្នុងដំណើរការបង្កើតកំណកឈាម។
ករណីថ្នាំលាប:
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ទប់ស្កាត់ការបំលែងពីProthrombinទៅជាThrombin ក៏ដូចជាទប់ស្កាត់ការកកើតកំណកឈាម
- ជម្រុញចរន្តឈាមរត់ និង ចរន្តរត់នៃប្រព័ន្ធទឹករងៃផងដែរ
- ទប់ស្កាត់ការភ្ជាប់នៃសារធាតុហ្វីប្រីន(Fibrin)ទៅនឹងជាលិកា ដើម្បីបំបាត់អាការៈរលាកនៅសន្លាក់ឬសរសៃកែងជាដើម
- ធ្វើប្រតិកម្មបន្ថែមជាតិទឹកដល់ស្នាមរបួសនិងរំលាយសារធាតុមួយចំនួនក្នុងជាលិកា ធ្វើអោយស្នាមរបួសមានលក្ខណៈទន់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp