Gefitinib

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma ដែលរើឡើងវិញឬមិនអាចវះកាត់បាន និង ដែលពិនិត្យឃើញមានវត្តមាននៃសែនEGFRខុសប្រក្រតី។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 250mg។ គួរប្រើឱសថនេះក្រោយបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ស្បែកស្ងួត ប្រេះស្បែក រលាកស្បែក បញ្ហាក្រចក រាករូស ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ ប៉ះពាល់មុខងារថ្លើមឬសួត ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - រាករូស ដកដង្ហើមខុសប្រក្រតី បាត់បង់ស្មារតី (ខ្សោះជាតិទឹក)

      - ទឹកនោមមានលាយឈាម នោមញឹក នោមសល់ (រលាកនិងមានហូរឈាមក្នុងប្លោកនោម)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្អេះនិងខ្នង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែងស្រួចស្រាវ)

      - អាការៈខ្វះឈាម ឈឺពោះ លាមកពណ៌ខ្មៅ (ធ្លាយឬដំបៅឬហូរឈាមនៅក្នុងក្រពះឬពោះវៀន)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថRitonavir, ឱសថIndinavir, ឱសថDiltiazem hydrochloride, ឱសថVerapamil ជាដើម), ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃGefitinibកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Barbiturates, Phenobarbital ជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃGefitinibថយចុះ។

      ​・ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះ(Omeprazole, Ranitidineជាដើម) - នៅពេលក្រពះមានជាតិអាស៊ីតតិច អាចធ្វើអោយកំហាប់ក្នុងឈាមនៃGefitinibថយចុះ។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពWarfarinកើនឡើង បង្កជាអាការៈហូរឈាមផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើសួត ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយបាក់កម្លាំង ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・សារធាតុនៅក្នុងផ្លែក្រូចថ្លុង ឬ អាហារបំប៉នដែលមានសារធាតុSt.John's Wort អាចធ្វើអោយប្រសិទ្ធិភាពឱសថប្រែប្រួល ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមTyrosine kinaseនៅលើគ្រឿងទទួលEGFR(Epidermal Growth Factor Receptor)ដែលមានតួនាទីនៅក្នុងដំណើរការកើនចំនួននៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp