Ganciclovir

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus) ចំពោះអ្នកជំងឺអេដស៍ អ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គ(រួមទាំងHematopoietic stem cell transplantation) និង អ្នកជំងឺមហារីក។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ការព្យាបាលនៅដំណាក់កាលដំបូង:

      មនុស្សពេញវ័យ:ប្រើ1ដង 5mg/kg, 1ថ្ងៃ2ដង រៀងរាល់12ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ។

      ・ការព្យាបាលជាបន្ត (ករណីអ្នកជំងឺអេដស៍ឬអ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថទប់ស្កាត់ប្រព័ន្ធភាពស៊ាំ និង មានហានិភ័យខ្ពស់ក្នុងការកើតមានអាការៈឡើងវិញ):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ6mg/kg, 1សប្ដាហ៍5ថ្ងៃ ឬ ប្រើ1ថ្ងៃ5mg/kg, 1សប្ដាហ៍7ថ្ងៃ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ។

      ・ក្នុងដំណាក់កាលនៃការព្យាបាលជាបន្តឬក្រោយបញ្ចប់ការព្យាបាលជាបន្តខាងលើ ប្រសិនបើអ្នកជំងឺកើតមានរោគសញ្ញានៃការឆ្លងវីវុសសាយតូមេហ្កាឡូ(Cytomegalovirus)ឡើងវិញ អាចធ្វើការព្យាបាលដោយប្រើឱសថនេះក្នុងកម្រិតដែលអនុវត្តនៅក្នុងការព្យាបាលនៅដំណាក់កាលដំបូងជាថ្មីម្ដងទៀត។

      ម្យ៉ាងទៀត គួរបន្ថយកម្រិតប្រើប្រាស់ចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោម។

    • ហាមប្រើ

      ・អ្នកដែលមានប្រព័ន្ធផលិតគ្រាប់ឈាមនៃខួរឆ្អឹងកំពុងធ្លាក់ចុះធ្ងន់ធ្ងរ (ចំនួន Neutrophil ក្រោម 500/mm3 ឬ ចំនួនប្លាកែតក្រោម 25,000/mm3 ជាដើម)

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថGanciclovir ឬ Valganciclovir ឬសារធាតុផ្សេងទៀតនៅក្នុងឱសថនេះ ឬ ឱសថដែលមានម៉ូលេគុលស្រដៀងទៅនឹងGanciclovirឬValganciclovir (Aciclovir, Valaciclovirជាដើម)

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ

    • ផលរំខាន

      ផលរំខានរួមមាន អាការៈខ្វះឈាម ក្អួតចង្អោរ ឈឺក្បាល ឡើងកន្ទួលក្រហម មុខងារតម្រងនោមឬថ្លើមថយចុះ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អាការៈខ្វះឈាម ក្ដៅខ្លួន ចេញឈាមតាមច្រមុះឬអញ្ចាញធ្មេញ (បញ្ហាប៉ះពាល់ប្រព័ន្ធផលិតឈាមក្នុងរាងកាយ)

      - ឈឺពោះ លាមកមានពណ៌ខ្មៅ ក្អកឈាម (ជំងឺប្លាកែតថយចុះ ហូរឈាមនៅតាមប្រព័ន្ធរំលាយអាហារ)

      - បរិមាណទឹកនោមថយចុះ ហើម បាត់បង់ចំណង់អាហារ (មុខងារតម្រងនោមថយចុះ)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែង)

      - ក្ដៅខ្លួនខ្លាំង ញាក់ ឈឺសន្លាក់ ឈឺសាច់ដុំ (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងមេរោគដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ) ។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថZidovudine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZidovudineកើនឡើង ព្រមទាំងអាចបង្កជាអាការៈខ្វះឈាម

      ・ឱសថDidanosine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDidanosineកើនឡើង បង្កជាផលរំខានផ្សេងៗ

      ・ឱសថImipenem/Cilastatin - អាចធ្វើអោយមានអាការៈប្រកាច់

      ・ឱសថដែលមានឥទ្ធិពលលើប្រព័ន្ធផលិតឈាមនៃខួរឆ្អឹងនិងប្រព័ន្ធតម្រងនោម(Diaminodiphenyl sulfone, Vincristine sulfate, Vinblastine Sulfate, Doxorubicin hydrochloride, Hydroxycarbamide, Flucytosine, Amphotericin B, Pentamidine ជាដើម) - អាចធ្វើអោយផលរំខានរបស់ឱសថងាយកើតឡើង

      ・ឱសថZalcitabine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរប្រែប្រួល

      ・ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល

      ・ឱសថCiclosporin - អាចធ្វើអោយកម្រិតCreatinineក្នុងឈាមកើនឡើង

      ・ឱសថProbenecid - អាចធ្វើអោយការបញ្ចេញចោលនៃឱសថGanciclovirធ្លាក់ចុះ

      ・ឱសថMycophenolate mofetil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ សម្រាប់ស្ត្រីដែលអាចនឹងមានផ្ទៃពោះ គួរប្រើមធ្យោបាយពន្យារកំណើត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ចំពោះស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចបង្កជាផលរំខានធ្ងន់ធ្ងរលើប្រព័ន្ធផលិតឈាមរបស់អ្នកជំងឺ ដូច្នេះត្រូវធ្វើការពិនិត្យកម្រិតគ្រាប់ឈាមរបស់អ្នកជំងឺអោយបានញឹកញាប់ដើម្បីតាមដានឥទ្ធិពលនៃឱសថ។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាវិលមុខ សាច់ដុំកន្ត្រាក់ ចលនាមិននឹងនរ ស្មារតីដឹងខ្លួនធ្លាក់ចុះជាដើម ដូច្នេះ គួរចៀសវាងការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះអាចមានឥទ្ធិពលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺជាស្ត្រីគួរប្រើមធ្យោបាយពន្យារកំណើត ហើយអ្នកជំងឺជាបុរសក៏គួរប្រើមធ្យោបាយពន្យារកំណើតក្នុងអំឡុងប្រើប្រាស់ឱសថនិងក្រោយពីនោះ90ថ្ងៃផងដែរ។ ម្យ៉ាងទៀត ឱសថនេះអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល និង អាចបង្កជាមហារីក។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសCytomegalovirus ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp