Fluvastatin sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម រួមទាំង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 20~30mg នៅក្រោយអាហារពេលល្ងាច។ ត្រូវចាប់ផ្ដើមលេបពីកម្រិត20mg ដោយអាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ60mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទFibrates (Bezafibrateជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។
-
ផលរំខាន
ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ ចង់ក្អួត រាករូស ឈឺពោះ ឡើងកន្ទួលក្រហម រមាស់។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺសាច់ដុំ គ្មានកម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis) ជំងឺទាក់ទងនឹងសាច់ដុំ(Myopathy))
- រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)
- ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ក្ដៅខ្លួន ឆាប់ហត់ ស្រកទម្ងន់ (រោគប្រតិកម្ម(ជំងឺLupus Erythematosus))
- ក្ដៅខ្លួន ឈឺសន្លាក់ មានស្នាមជាំពណ៌ស្វាយឬក្រហមនៅលើដៃនិងជើង (រោគប្រតិកម្ម(ជំងឺរលាកសរសៃឈាម))
- ហើមត្របកភ្នែកនិងបបូរមាត់ ហើមនៅអណ្ដាតនិងបំពង់ក ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទFibrates (Bezafibrateជាដើម), ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធភាពស៊ាំ(Ciclosporinជាដើម), ឱសថNicotinic acid, ឱសថErythromycin - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង។
・ឱសថColestyramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFluvastatinថយចុះ។ ដូច្នេះ គួរទុកគម្លាតគ្នារយៈពេលយ៉ាងហោចណាស់3ម៉ោង។
・ឱសថCimetidine, ឱសថRanitidine, ឱសថOmeprazole, ឱសថFluconazole, ឱសថFosfluconazole, ឱសថEtravirine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFluvastatinកើនឡើង។
・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFluvastatinថយចុះ។
・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFluvastatinប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ម្ដាយនិងទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ស្របពេលជាមួយនឹងការប្រើប្រាស់ឱសថនេះ ព្រមទាំងគួរកាត់បន្ថយការជក់បារីនិងព្យាបាលជំងឺលើសសម្ពាធឈាមផងដែរ ដើម្បីបង្ការការកើតមានជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូង។
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។ ម្យ៉ាងទៀត អ្នកជំងឺដូចខាងក្រោមងាយនឹងកើតមានបញ្ហានេះ ៖
(1) អ្នកដែលមានមុខងារក្រពេញទីរ៉ូអ៊ីតចុះខ្សោយ
(2) អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំលក្ខណៈតំណពូជ ឬ អ្នកដែលមានសមាជិកគ្រួសារកើតមានជំងឺនេះ។
(3) អ្នកដែលធ្លាប់មានបញ្ហាទាក់ទងនឹងសាច់ដុំដោយសារការប្រើប្រាស់ឱសថណាមួយ។
(4) អ្នកដែលកំពុងកើតមានជំងឺឆ្លង។
(5) អ្នកទើបទទួលរងរបួសធ្ងន់ធ្ងរ។
(6) អ្នកដែលមានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងតុល្យភាពនៃអរម៉ូន ប្រតិកម្មផ្សេងៗ ឬ កម្រិតនៃអេឡិចត្រូឡាយនៅក្នុងខ្លួន។
(7) អ្នកដែលមានជំងឺប្រកាច់លក្ខណៈពិបាកគ្រប់គ្រង។
・ដំណើរការនៃការផលិតកូឡេស្តេរ៉ូលនៅក្នុងរាងកាយច្រើនមានសកម្មភាពខ្លាំងនៅពេលយប់ ដូច្នេះ ជាទូទៅ អ្នកជំងឺគួរប្រើប្រាស់ឱសថនេះនៅពេលល្ងាចដើម្បីបង្កើនប្រសិទ្ធិភាពទប់ស្កាត់ការផលិតកូឡេស្តេរ៉ូលនៅក្នុងរាងកាយនៅពេលយប់។
・បច្ចុប្បន្ននេះ ឱសថស្តាទីនជាឱសថដែលមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលខ្លាំងជាងគេ។ សម្រាប់អ្នកដែលឆាប់ អាចដឹងប្រសិទ្ធិភាពក្រោយប្រើអស់រយៈពេល1សប្ដាហ៍ ប៉ុន្តែ ភាគច្រើនគេអាចដឹងពីប្រសិទ្ធិភាពឱសថនេះក្រោយរយៈពេល4~8សប្ដាហ៍។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមHMG-CoA reductaseដែលជាអង់ស៊ីមមានតួនាទីនៅក្នុងការសំយោគសារធាតុកូឡេស្តេរ៉ូលនៅក្នុងថ្លើមនិងពោះវៀនតូច។ ម្យ៉ាងទៀត ដោយសារបរិមាណកូឡេស្តេរ៉ូលនៅក្នុងថ្លើមថយចុះ ធ្វើអោយសកម្មភាពនៃគ្រឿងទទួលLDLកើនឡើង ដើម្បីបង្កើនការស្រូបសារធាតុកូឡេស្តេរ៉ូលដែលភ្ជាប់ជាមួយម៉ូលេគុលLDL (LDL-Cholesterolឬកូឡេស្តេរ៉ូលអាក្រក់)ពីក្នុងឈាមចូលទៅក្នុងថ្លើម។ ជាលទ្ធផល ឱសថនេះអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាមបានយ៉ាងឆាប់រហ័ស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp