Fluorouracil (5-FU)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេបនិង ថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      ・ជំងឺមហារីកក្រពះ ថ្លើម ពោះវៀន(Colon, Rectum) ដោះ លំពែង កស្បូន តួស្បូន ក្រពេញអូវែរ

      ・ជំងឺមហារីកនៅបំពង់អាហារ សួត ផ្នែកក្បាលនិងក មហារីកលំពែងដែលពិបាកវះកាត់ (ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម)។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកដែលកើតមាននៅលើស្បែក

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTegafur/Gimeracil/Oteracil potassium ឬ ស្ថិតក្នុងអំឡុងពេល7ថ្ងៃបន្ទាប់ពីឈប់ប្រើឱសថTegafur/Gimeracil/Oteracil potassium។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ រាករូស អស់កម្លាំង ក្អួតចង្អោរ ជ្រុះរោមឬសក់ ឡើងកន្ទួលក្រហម ដំបៅក្នុងមាត់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រាករូសខ្លាំង ស្មារតីដឹងខ្លួនធ្លាក់ចុះ ដកដង្ហើមធំៗ (អាការៈខ្វះជាតិទឹក)

      - ឈឺពោះខ្លាំង រាករូស ឈាមក្នុងលាមក (រលាកពោះវៀនធ្ងន់ធ្ងរ)

      - ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង មានស្នាមជាំ វិលមុខ (ប៉ះពាល់មុខងារខួរឆ្អឹងដូចជាគ្រាប់ឈាមសធ្លាក់ចុះ ខ្វះឈាម ប្លាកែតធ្លាក់ចុះ។ល។)

      - វិលមុខពេលដើរ ស្ពឹកដៃជើង រឹងអណ្ដាត (ប៉ះពាល់ខួរក្បាល(Leukoencephalopathy))

      - ស្នាមក្រហមនៅលើបាតដៃនិងបាតជើង ហើមនិងឈឺ (ជំងឺHand-foot syndrome)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - អស់កម្លាំង បាត់បង់ចំណីអាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ក្អួតចង្កោរ ឈឺក្រពះ ឈឺក្នុងមាត់ (ដំបៅនៅតាមបំពង់រំលាយអាហារ ដំបៅក្នុងមាត់ធ្ងន់ធ្ងរ)

      - ច្រមុះហិតមិនដឹងក្លិន (ប៉ះពាល់ឃានវិញាណ)

      - ឈឺក្នុងទ្រូង បែកញើសទាំងត្រជាក់ ថប់ទ្រូង (ប៉ះពាល់មុខងារបេះដូង)

      - អស់កម្លាំង ឆាប់ហត់ ពិបាកបញ្ចេញទឹកនោម (ប៉ះពាល់មុខងារតម្រងនោម)

      - ឈឺខ្លាំងនៅចង្កេះនិងខ្នង ក្ដៅខ្លួន ក្អួតចង្អោរ (រលាកលំពែងស្រួចស្រាវ)។

      ករណីថ្នាំលាប:

      ផលរំខាន រួមមាន ឈឺចាប់ ប្រែពណ៌ ឡើងក្រហម ងាយហូរឈាម។ល។

      ប្រសិនបើមានអាការៈឈឺចាប់នៅកន្លែងដែលបានលាបថ្នាំ សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ឱសថTegafur/Gimeracil/Oteracil potassium (TS-1) - អាចបង្កជាផលរំខានធ្ងន់ធ្ងរទាក់ទងនឹងប្រព័ន្ធឈាមនិងប្រព័ន្ធរំលាយអាហារ ដូច្នេះ ហាមប្រើរួមគ្នា។ ម្យ៉ាងទៀត ក្នុងអំឡុងពេល7ថ្ងៃបន្ទាប់ពីឈប់ប្រើឱសថTegafur/Gimeracil/Oteracil potassium ក៏មិនត្រូវប្រើឱសថFluorouracilនេះដែរ។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPhenytoin, Warfarin, Trifluridine/Tipiracil hydrochloride - អាចធ្វើអោយសកម្មភាពឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងនិងប្រព័ន្ធរំលាយអាហារកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប ថ្នាំចាក់ និង ថ្នាំលាប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលាប:

      ・ជាទូទៅ ដើម្បីបង្កើនប្រសិទ្ធិភាពថ្នាំនិងការពារកុំអោយថ្នាំរាលដាលទៅបរិវេណជុំវិញ គេប្រើផ្លាស្ទិចមិនជ្រាបទឹករុំពីលើកន្លែងដែលលាបថ្នាំហើយ(វិធីODT)។

      ・ត្រូវលាងសម្អាតដៃចេញភ្លាមក្រោយលាបថ្នាំរួច និង មិនត្រូវអោយថ្នាំចូលភ្នែកនោះទេ។

      ・កន្លែងដែលលាបថ្នាំហើយ មិនគួរអោយត្រូវពន្លឺថ្ងៃច្រើននោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការបង្កើតDNAនិងRNAរីបូសូមនៅក្នុងកោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp