Fentanyl citrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំបិទលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈឈឺចាប់ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ

      - បំបាត់អាការៈឈឺចាប់រ៉ាំរ៉ៃចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់

      ចំពោះករណីដែលពិបាកគ្រប់គ្រងអាការៈឈឺចាប់ដោយឱសថបំបាត់ការឈឺចាប់ប្រភេទមិនមែនអូភីអ័យនិងឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យខ្សោយ។ ប្រើឱសថនេះសម្រាប់ការប្ដូរពីឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យប៉ុណ្ណោះ។

      ករណីថ្នាំដាក់ចន្លោះធ្មេញនិងថ្ពាល់(Buccal tablets):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតឡើងភ្លាមៗ ចំពោះអ្នកជំងឺមហារីកដែលកំពុងប្រើឱសថបំបាត់អាការៈឈឺចាប់ប្រភេទអូភីអ័យកម្រិតខ្លាំងជាប្រចាំ។

      ករណីថ្នាំដាក់ក្រោមអណ្ដាត(Sublingual tablets):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតឡើងភ្លាមៗ ចំពោះអ្នកជំងឺមហារីកដែលកំពុងប្រើឱសថបំបាត់អាការៈឈឺចាប់ប្រភេទអូភីអ័យកម្រិតខ្លាំងជាប្រចាំ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ប្រើនៅក្នុងការអនុវត្តការសណ្ដំរាងកាយទាំងមូល

      - បំបាត់អាការៈឈឺចាប់នៅពេលអនុវត្តការសណ្ដំរាងកាយទាំងមូល

      - ជាជំនួយក្នុងការបំបាត់អាការៈឈឺចាប់នៅពេលអនុវត្តការបង្កការស្ពឹកនៅផ្នែកនៃរាងកាយ

      - បំបាត់អាការៈឈឺចាប់ខ្លាំងក្លា ដែលកើតមាននៅក្រោយពេលវះកាត់ ឬ នៅក្នុងជំងឺមហារីក ។ល។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបិទលើស្បែក:

      ត្រូវប្រើឱសថនេះដោយប្ដូរពីការប្រើឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យផ្សេងទៀតប៉ុណ្ណោះ។ របៀបប្រើប្រាស់អាចប្រែប្រួលទៅតាមឱសថនីមួយៗ។

      ត្រូវកំណត់កម្រិតប្រើប្រាស់នៅលើកដំបូង ទៅតាមកម្រិតនៃឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យដែលអ្នកជំងឺកំពុងប្រើប្រាស់ ដោយរួមមានកម្រិតដូចខាងក្រោម៖ 0.5mg 1mg 2mg 4mg និង 6mg។

      មនុស្សពេញវ័យ:អាចប្រើដោយបិទនៅផ្នែកទ្រូង ផ្នែកពោះ ដើមដៃ ភ្លៅជាដើម ដោយប្ដូររៀងរាល់1ថ្ងៃម្ដង (ប្រហែល24ម៉ោង)។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំដាក់ចន្លោះធ្មេញនិងថ្ពាល់(Buccal tablets):

      មនុស្សពេញវ័យ ចាប់ផ្ដើមប្រើពីកម្រិត1ដង50μgឬ100μg (កម្រិតFentanyl) នៅពេលមានអាការៈឈឺចាប់កើតឡើងភ្លាមៗ ដោយដាក់ឱសថនេះអោយរលាយនៅចន្លោះធ្មេញថ្គាមខាងលើ(Maxillary molar)និងថ្ពាល់។ ក្នុងដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ អាចបង្កើនកម្រិតជាដំណាក់កាលគឺ ប្រើក្នុងកម្រិត1ដង 50, 100, 200, 400, 600, 800µg (កម្រិតFentanyl) តាមលំដាប់លំដោយ ដើម្បីកំណត់យកកម្រិតប្រើប្រាស់ដែលផ្ដល់ប្រសិទ្ធិភាពល្អបំផុត។ ម្យ៉ាងទៀត ក្នុងដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ ប្រសិនបើប្រើក្នុងកម្រិត1ដង 50~600µgមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតឡើងភ្លាមៗនោះទេ អាចប្រើឱសថនេះម្ដងទៀតប៉ុណ្ណោះក្នុងកម្រិតដូចគ្នានៅ30នាទីបន្ទាប់ពីការប្រើលើកដំបូង។ ចូលដល់ដំណាក់កាលមានលំនឹង ក្រោយកំណត់កម្រិតប្រើប្រាស់ដែលផ្ដល់ប្រសិទ្ធិភាពល្អបំផុតសម្រាប់ប្រើជាប្រចាំ ត្រូវប្រើក្នុងកម្រិតនោះចំនួន1ដងនៅពេលមានអាការៈឈឺចាប់កើតឡើងភ្លាមៗ ដោយកម្រិតនោះមិនត្រូវលើសពី800µg (កម្រិតFentanyl)នោះទេ។

      ក្រៅពីការប្រើបន្ថែមនៅដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ អាចប្រើឱសថនេះត្រឹម4ដងក្នុង1ថ្ងៃ ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់4ម៉ោងរវាងការប្រើម្ដងៗ។

      ករណីថ្នាំដាក់ក្រោមអណ្ដាត(Sublingual tablets):

      មនុស្សពេញវ័យ ចាប់ផ្ដើមប្រើពីកម្រិត1ដង100μg (កម្រិតFentanyl) នៅពេលមានអាការៈឈឺចាប់កើតឡើងភ្លាមៗ ដោយដាក់ឱសថនេះនៅក្រោមអណ្ដាត។ ក្នុងដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ អាចបង្កើនកម្រិតជាដំណាក់កាលគឺ ប្រើក្នុងកម្រិត1ដង 100, 200, 300, 400, 600, 800µg (កម្រិតFentanyl) តាមលំដាប់លំដោយ ដើម្បីកំណត់យកកម្រិតប្រើប្រាស់ដែលផ្ដល់ប្រសិទ្ធិភាពល្អបំផុត។ ម្យ៉ាងទៀត ក្នុងដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ ប្រសិនបើប្រើក្នុងកម្រិត1ដង 100~600µgមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតឡើងភ្លាមៗនោះទេ អាចប្រើឱសថនេះម្ដងទៀតប៉ុណ្ណោះក្នុងកម្រិតដូចគ្នានៅ30នាទីបន្ទាប់ពីការប្រើលើកដំបូង។ ចូលដល់ដំណាក់កាលមានលំនឹង ក្រោយកំណត់កម្រិតប្រើប្រាស់ដែលផ្ដល់ប្រសិទ្ធិភាពល្អបំផុតសម្រាប់ប្រើជាប្រចាំ ត្រូវប្រើក្នុងកម្រិតនោះចំនួន1ដងនៅពេលមានអាការៈឈឺចាប់កើតឡើងភ្លាមៗ ដោយកម្រិតនោះមិនត្រូវលើសពី800µg (កម្រិតFentanyl)នោះទេ។

      ក្រៅពីការប្រើបន្ថែមនៅដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ អាចប្រើឱសថនេះត្រឹម4ដងក្នុង1ថ្ងៃ ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់2ម៉ោងរវាងការប្រើម្ដងៗ។

      ករណីថ្នាំចាក់:

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណឱសថនីមួយៗ។

    • ហាមប្រើ

      ករណីថ្នាំបិទលើស្បែក ថ្នាំដាក់ចន្លោះធ្មេញនិងថ្ពាល់(Buccal tablets) និង ថ្នាំដាក់ក្រោមអណ្ដាត(Sublingual tablets):
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ករណីថ្នាំចាក់:
      - ករណីចាក់តាមសរសៃវ៉ែន:
      ・អ្នកដែលត្រូវបានហាមមិនអោយប្រើឱសថប្រភេទបន្ធូរការកន្ត្រាក់សាច់ដុំ។
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ・អ្នកដែលងាយធ្លាក់ក្នុងស្ថានភាពប៉ះពាល់ប្រព័ន្ធដកដង្ហើម ដូចជាអ្នកដែលកំពុងបាត់បង់ស្មារតីដោយសាររងរបួសប៉ះទង្គិចក្បាលពីខាងក្រៅ ឬ ដោយសារជំងឺមហារីកខួរក្បាល ។ល។
      ・អ្នកដែលធ្លាប់មានអាការៈកន្ត្រាក់សាច់ដុំឬប្រកាច់។
      ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
      ・អ្នកដែលកំពុងប្រើប្រាស់ឱសថNalmefene hydrochloride hydrate ឬ ស្ថិតក្នុងអំឡុងពេល1សប្ដាហ៍បន្ទាប់ពីឈប់ប្រើឱសថនេះ។
      - ករណីចាក់នៅEpidural space:
      ・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណជុំវិញនេះ។
      ・អ្នកដែលមានអាការៈប្រតិកម្មទៅនឹងការជ្រៀតចូលនៃមេរោគក្នុងឈាម (Sepsis)។

      - ករណីចាក់នៅSubarachnoid:
      ・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណជុំវិញនេះ។
      ・អ្នកដែលមានអាការៈប្រតិកម្មទៅនឹងការជ្រៀតចូលនៃមេរោគក្នុងឈាម (Sepsis)។
      ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃប្រសាទកណ្ដាល (Meningitis, Poliomyelitis, Tabes dorsalis ជាដើម)។
      ・អ្នកដែលកំពុងកើតមានអាការៈនៃជំងឺរបេងនៅខួរឆ្អឹងនិងឆ្អឹងកងខ្នងឬរលាកនៅឆ្អឹងកងខ្នង ឬ ជំងឺមហារីកដែលរាលដាលទៅផ្នែកផ្សេងនៃរាងកាយ។
      ・អ្នកដែលត្រូវបានហាមមិនអោយប្រើឱសថប្រភេទបន្ធូរការកន្ត្រាក់សាច់ដុំ។
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ・អ្នកដែលងាយធ្លាក់ក្នុងស្ថានភាពប៉ះពាល់ប្រព័ន្ធដកដង្ហើម ដូចជាអ្នកដែលកំពុងបាត់បង់ស្មារតីដោយសាររងរបួសប៉ះទង្គិចក្បាលពីខាងក្រៅ ឬ ដោយសារជំងឺមហារីកខួរក្បាល ។ល។
      ・អ្នកដែលធ្លាប់មានអាការៈកន្ត្រាក់សាច់ដុំឬប្រកាច់។
      ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
      ・អ្នកដែលកំពុងប្រើប្រាស់ឱសថNalmefene hydrochloride hydrate ឬ ស្ថិតក្នុងអំឡុងពេល1សប្ដាហ៍បន្ទាប់ពីឈប់ប្រើឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើមានការឡើងកំដៅនៅកន្លែងបិទ អាចធ្វើអោយការស្រូបសារធាតុឱសថកើនឡើងហួសហេតុ ហើយអាចបង្កជាផលរំខានប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp