Famotidine

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ ជំងឺរលាកក្រពះមានហូរឈាម) ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) បណ្ដុំរោគសញ្ញាZollinger-Ellison។

      - បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ ជំងឺរលាកក្រពះមានហូរឈាម)

      - បណ្ដុំរោគសញ្ញាZollinger-Ellison

      - ទប់ស្កាត់អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើដោយសារការវះកាត់ឬរបួសនៅលើរាងកាយ (នៅក្រោយការវះកាត់លក្ខណៈធំ ជំងឺដែលប៉ះពាល់សរសៃឈាមខួរក្បាល របួសក្បាលពីខាងក្រៅ មុខងារសរីរាង្គច្រើនចុះខ្សោយ រលាកភ្លើងទំហំធំ ដែលត្រូវការគ្រប់គ្រងស្ថានភាពរាងកាយដិតដល់(ICU))

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីព្យាបាលដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ ជំងឺរលាកក្រពះមានហូរឈាម) ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) បណ្ដុំរោគសញ្ញាZollinger-Ellison:

      មនុស្សពេញវ័យ:លេប1ដង20mg 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចប្រើ1ថ្ងៃ1ដង40mg មុនពេលចូលគេងក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ ជាទូទៅ គេចាប់ផ្ដើមព្យាបាលដោយប្រើថ្នាំចាក់ជាមុនសិន រហូតដល់ពេលអ្នកជំងឺអាចប្ដូរមកប្រើថ្នាំលេបវិញ។

      ・ករណីព្យាបាលបញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ:

      មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចប្រើ1ថ្ងៃ1ដង20mg មុនពេលចូលគេងក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      ・ករណីព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ ជំងឺរលាកក្រពះមានហូរឈាម) បណ្ដុំរោគសញ្ញាZollinger-Ellison និង ករណីទប់ស្កាត់អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើដោយសារការវះកាត់ឬរបួសនៅលើរាងកាយ (នៅក្រោយការវះកាត់លក្ខណៈធំ ជំងឺដែលប៉ះពាល់សរសៃឈាមខួរក្បាល របួសក្បាលពីខាងក្រៅ មុខងារសរីរាង្គច្រើនចុះខ្សោយ រលាកភ្លើងទំហំធំ ដែលត្រូវការគ្រប់គ្រងស្ថានភាពរាងកាយដិតដល់(ICU)):

      មនុស្សពេញវ័យ:ប្រើឱសថនេះ1ដង20mg ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសបរិមាណ20mL រួចប្រើ1ថ្ងៃ2ដង (រៀងរាល់12ម៉ោងម្ដង) ចាក់តាមសរសៃវ៉ែនយឺតៗ។ អាចលាយជាមួយសេរ៉ូមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនក៏បាន ឬក៏អាចប្រើ1ដង20mg 1ថ្ងៃ2ដង (រៀងរាល់12ម៉ោងម្ដង) ដោយចាក់ក្នុងសាច់ដុំក៏បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើនិងបណ្ដុំរោគសញ្ញាZollinger-Ellison ជាទូទៅ គេតាមដានប្រសិទ្ធិភាពឱសថក្នុងអំឡុងពេល1សប្ដាហ៍ ហើយនៅពេលអ្នកជំងឺអាចប្រើថ្នាំលេបបានហើយ គេនឹងប្ដូរពីការប្រើថ្នាំចាក់ទៅជាថ្នាំលេបវិញ។ ចំពោះករណីទប់ស្កាត់អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើនៅក្រោយការវះកាត់លក្ខណៈធំ ជាទូទៅ គេប្រើឱសថនេះរយៈពេល3ថ្ងៃ ហើយចំពោះអាការៈហូរឈាមដោយសារជំងឺឬរបួសផ្សេងៗ ជាទូទៅ គេប្រើឱសថនេះរយៈពេល7ថ្ងៃ។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      មនុស្សពេញវ័យ:ប្រើ1ដង20mg ចាក់ក្នុងសាច់ដុំ នៅ1ម៉ោងមុនចាប់ផ្ដើមសណ្ដំ។ ឬក៏អាចប្រើឱសថនេះលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសបរិមាណ20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ នៅ1ម៉ោងមុនចាប់ផ្ដើមសណ្ដំ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ហើមមុខ ទល់លាមក រដូវមិនទៀង ឡើងដោះ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកខៀវ បែកញើសទាំងត្រជាក់ ងងឹតមុខពេលក្រោកឈរ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - រួយខ្លួន ក្ដៅខ្លួន ឈាមច្រមុះ ហូរឈាមក្រោមស្បែក ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ អាការៈខ្វះឈាម (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស គ្រាប់ឈាមក្រហម ប្លាកែត)

      - ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា រលាកថ្លើមខាន់លឿង)

      - ក្តៅខ្លួន អស់កម្លាំង កន្ទួលក្រហមនៅលើស្បែក ភ្នែកនិងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ក្ដៅខ្លួន ក្អក ដង្ហក់ (រលាកសួតប្រភេទInterstitial pneumonia)

      - បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃItraconazoleថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបង្អាក់ដំណើរការនៃការភ្ញោចគ្រឿងទទួលហ៊ីស្តាមីនH2 (H2 receptors)ដែលស្ថិតនៅលើភ្នាសនៅក្នុងក្រពះ ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុអាស៊ីតក្រពះច្រើនហួសហេតុ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp