Ethinylestradiol + Levonorgestrel

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការពន្យារកំណើតសម្រាប់ស្ត្រី។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ករណីឱសថមាន21គ្រាប់:

      (1)6គ្រាប់ដំបូង មានផ្ទុកសារធាតុEthinylestradiol 0.030mgនិងសារធាតុLevonorgestrel 0.050mg, (2)5គ្រាប់បន្ទាប់ មានផ្ទុកសារធាតុEthinylestradiol 0.040mgនិងសារធាតុLevonorgestrel 0.075mg, (3)10គ្រាប់ចុងក្រោយ មានផ្ទុកសារធាតុEthinylestradiol 0.030mgនិងសារធាតុLevonorgestrel 0.125mg។

      នៅវដ្ដទី1 លេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀតសម្រាប់វដ្ដទី2 នៅថ្ងៃទី29(គិតពីថ្ងៃដំបូងនៃវដ្ដទី1) ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ បន្តលេបដូចគ្នាបែបនេះតទៅ។

      ករណីឱសថមាន28គ្រាប់:

      (1)6គ្រាប់ដំបូង មានផ្ទុកសារធាតុEthinylestradiol 0.030mgនិងសារធាតុLevonorgestrel 0.050mg, (2)5គ្រាប់បន្ទាប់ មានផ្ទុកសារធាតុEthinylestradiol 0.040mgនិងសារធាតុLevonorgestrel 0.075mg, (3)10គ្រាប់បន្ទាប់ មានផ្ទុកសារធាតុEthinylestradiol 0.030mgនិងសារធាតុLevonorgestrel 0.125mg, (4)7គ្រាប់ចុងក្រោយ មិនមានផ្ទុកសារធាតុណាមួយឡើយ (Placebo)។

      នៅវដ្ដទី1 លេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល28ថ្ងៃ ដោយមិនមានផ្អាកការប្រើប្រាស់ឱសថទេ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀតសម្រាប់វដ្ដទី2 នៅថ្ងៃទី29(គិតពីថ្ងៃដំបូងនៃវដ្ដទី1) ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល28ថ្ងៃ។ បន្តលេបដូចគ្នាបែបនេះតទៅ។

      ចាប់ផ្ដើមលេបឱសថនេះពីថ្ងៃទី1នៃការមករដូវ។ ប្រសិនបើយឺតយ៉ាវមិនបានលេបពីថ្ងៃទី1ទេ ត្រូវអនុវត្តវិធីពន្យារកំណើតផ្សេងទៀតរយៈពេល1សប្ដាហ៍ដំបូងគិតពីពេលចាប់ផ្ដើមលេបឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism ) ឬ ជំងឺទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬបេះដូង។

      ・អ្នកដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅនិងមានទម្លាប់ជក់បារីលើសពី15ដើម/ថ្ងៃ។

      ・អ្នកដែលមានជំងឺប្រកាំង(Migraine)ដែលតែងតែទទួលរោគសញ្ញាអោយដឹងមុនពេលចាប់ផ្ដើមឈឺក្បាល។

      ・អ្នកដែលមានជំងឺប្រឹសបេះដូង រួមជាមួយនឹងជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួត(Pulmonary hypertension)ឬជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)។

      ・អ្នកជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់សរសៃឈាម (អ្នកដែលមានជំងឺភ្នែកឬតម្រងនោមដោយសារជំងឺទឹកនោមផ្អែម។ល។)។

      ・អ្នកដែលមានកត្តាហានិភ័យងាយនឹងកើតជំងឺកំណកឈាម។

      ・អ្នកដែលមានជំងឺកើតមានអង់ទីករប្រឆាំងសារធាតុផូស្វ័រលីពីតនៅក្នុងរាងកាយ(Antiphospholipid syndrome)។

      ・អ្នកដែលស្ថិតនៅក្នុងអំឡុងពេល4សប្ដាហ៍មុនពេលវះកាត់ ឬ ក្នុងអំឡុងពេល2សប្ដាហ៍ក្រោយការវះកាត់ ឬ ក្នុងអំឡុងពេល4សប្ដាហ៍ក្រោយការសម្រាលកូន ឬ អ្នកដែលត្រូវសម្រាកនៅស្ងៀមរយៈពេលយូរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ ឬ មានជំងឺមហារីកថ្លើម។

      ・អ្នកដែលមានប្រតិកម្មទាក់ទងនឹងសារធាតុខ្លាញ់នៅក្នុងរាងកាយខុសប្រក្រតី(ជំងឺលើសជាតិខ្លាញ់ក្នុងឈាម)។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាម (លើកលែងករណីលើសសម្ពាធឈាមកម្រិតស្រាល)

      ・អ្នកដែលមានជំងឺរឹងកូនឆ្អឹងត្រចៀកខាងក្នុង(Otosclerosis)។

      ・អ្នកដែលធ្លាប់មានជំងឺខាន់លឿងឬអាការរមាស់ឥតដាច់ឬជំងឺរើមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលអាចនឹងមិនទាន់ឈប់លូតលាស់ឆ្អឹង។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ចង់ក្អួត ធ្លាក់ឈាម ឈឺពោះ ឈឺក្បាល ឈឺដោះ ងងុយគេង ឡើងកន្ទួលក្រហម កន្ទាលត្រអាក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើម ឈឺនិងស្ពឹកជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល មើលមិនសូវច្បាស់ភ្លាមៗ (ជំងឺកំណកឈាម(Thrombosis))។

    • អន្តរប្រតិកម្ម

      ・ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir - អាចធ្វើអោយកម្រិតនៃALT(GPT)កើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Imipramineជាដើម), ឱសថSelegiline hydrochloride, ឱសថCiclosporin, ឱសថTheophylline, ឱសថOmeprazole, ឱសថTizanidine - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថRifampicin, ឱសថប្រភេទBarbiturate(Phenobarbitalជាដើម), ឱសថPhenytoin, ឱសថCarbamazepine, ឱសថBosentan, ឱសថModafinil, ឱសថTopiramate, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទPenicillin(Ampicillinជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrel/Ethinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។

      ・ឱសថTerbinafine hydrochloride - អាចធ្វើអោយការមករដូវមានលក្ខណៈខុសប្រក្រតី។

      ・ឱសថប្រភេទGn-RH (Buserelin acetateជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថTelaprevir - អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrel/Ethinylestradiolថយចុះ។

      ・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Nelfinavir mesilate, Ritonavir, Darunavir, Fosamprenavir, Lopinavir/Ritonavir ជាដើម), ឱសថNevirapine- អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrel/Ethinylestradiolថយចុះ។

      ・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Atazanavir, Indinavir), ឱសថEtravirine, ឱសថFluconazole, ឱសថVoriconazole, ឱសថAcetaminophenឬParacetamol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថLevonorgestrel/Ethinylestradiolកើនឡើង។

      ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs Wort - អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrel/Ethinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។

      ・ឱសថLamotrigine, ឱសថMorphine, ឱសថSalicylic acid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត ប្រសិនបើពិនិត្យឃើញមានផ្ទៃពោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយនិងអាចធ្វើអោយបរិមាណនិងគុណភាពទឹកដោះថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថពន្យារកំណើតនឹងមិនមានប្រសិទ្ធិភាពក្នុងការការពារជំងឺឆ្លងវីរុសហ៊ីវឬជំងឺកាមរោគផ្សេងៗទៀតនោះទេ។

      ・ជាទូទៅ ស្ត្រីគួរចាប់ផ្តើមប្រើប្រាស់ឱសថនេះនៅថ្ងៃទីមួយនៃការមករដូវ។ ប្រសិនបើយឺតជាងនេះ ស្ត្រីគួរប្រើវិធីពន្យារកំណើតផ្សេងទៀតជាបណ្ដោះអាសន្នក្នុងអំឡុងពេល1សប្ដាហ៍បន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត ក្រោយចាប់ផ្តើមប្រើ ស្ត្រីគួរប្រើប្រាស់ឱសថនេះនៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ ហើយប្រសិនបើភ្លេចលេបចាប់ពី2ថ្ងៃឡើងទៅ ស្ត្រីត្រូវរង់ចាំដល់ការមករដូវបន្ទាប់ដើម្បីចាប់ផ្ដើមប្រើប្រាស់ឱសថនេះសារជាថ្មីឡើងវិញ។

      ・ការជក់បារីអាចធ្វើអោយហានិភ័យនៃកើតមានជំងឺកំណកឈាម(ស្ទះសរសៃឈាមដោយសារកំណកឈាម)កើនឡើង ដូច្នេះ អ្នកជំងឺគួរចៀសវាងការជក់បារី នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ក្រោយចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈធ្លាក់ឈាមជាបណ្ដោះអាសន្ន ហើយវានឹងបាត់ទៅវិញដោយមិនចាំបាច់ផ្អាកការប្រើប្រាស់ឱសថនេះនោះទេ។ ប៉ុន្តែ ប្រសិនបើអាការៈនេះអូសបន្លាយយូរ ឬ បរិមាណឈាមធ្លាក់ច្រើន ស្ត្រីត្រូវទទួលការពិនិត្យអោយបានច្បាស់លាស់។

      ・នៅក្នុងអំឡូងពេលប្រើប្រាស់ឱសថនេះ ប្រសិនបើស្ត្រីកើតមានអាការៈរាករូសខ្លាំងឬក្អួតចង្អោរ វាអាចធ្វើអោយសារធាតុឱសថនេះមិនអាចស្រូបចូលក្នុងខ្លួនឬបង្ហាញប្រសិទ្ធិភាពបាន ហើយស្ត្រីអាចនឹងមានផ្ទៃពោះ។ ម្យ៉ាងទៀត ត្រូវប្រុងប្រយ័ត្ននៅពេលមិនឃើញមានការមករដូវជាប់គ្នា2ដង ព្រោះស្ត្រីអាចនឹងកំពុងមានផ្ទៃពោះ។ ករណីសង្ស័យថាកំពុងមានផ្ទៃពោះ គួរផ្អាកការប្រើឱសថនេះ។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកើតមានអាចម៍រុយនៅលើស្បែក ដូច្នេះ គួរចៀសវាងត្រូវពន្លឺព្រះអាទិត្យរយៈពេលយូរ។

    • សកម្មភាពឱសថ

      ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ គឺ Levonorgestrel និង Ethinylestradiol ដោយសារធាតុទាំងនេះមានទម្រង់ស្រដៀងទៅនឹងអរម៉ូនស្ត្រី ហើយមានសកម្មភាពដូចខាងក្រោម ៖

      - ទប់ស្កាត់ការបញ្ចេញមេជីវិតញី

      - ធ្វើអោយភ្នាសខាងក្នុងស្បូនមានលក្ខណៈប្រែប្រួលដើម្បីទប់ស្កាត់ការបង្កកំណើត

      - ធ្វើអោយសារធាតុរំអិលនៅកស្បូលមានលក្ខណៈប្រែប្រួលដើម្បីទប់ស្កាត់ការឆ្លងកាត់នៃមេជីវិតឈ្មោល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp