Ethinylestradiol betadex + Drospirenone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ

      - អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺភ្នាសក្នុងស្បូន(Endometriosis)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីអាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ:

      ឱសថនេះរួមមាន28គ្រាប់។ ក្នុងចំណោមនោះ 24គ្រាប់មានផ្ទុកសារធាតុឱសថ(ក្នុង1គ្រាប់រួមមានEthinylestradiol 0.02mg និង Drospirenone 3mg) ហើយ4គ្រាប់ទៀតមិនមានផ្ទុកសារធាតុឱសថនោះទេ។

      ចាប់ផ្ដើមលេបពីថ្ងៃទី1នៃការមករដូវ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល28ថ្ងៃ។ ក្រោយប្រើចប់1វដ្ដ(28ថ្ងៃ) ទោះជាមានឬមិនមានការហូរឈាមក៏ដោយ ក៏ត្រូវចាប់ផ្ដើមលេបបន្ទះថ្នាំថ្មីចាប់ពីថ្ងៃទី29តទៅតែម្ដង។ បន្តលេបដូចគ្នាបែបនេះតទៅ។

      ・ករណីអាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ ឬ អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺភ្នាសក្នុងស្បូន(Endometriosis):

      ឱសថនេះរួមមាន28គ្រាប់។ ក្នុងឱសថនីមួយៗមានផ្ទុកសារធាតុឱសថគ្រប់គ្រាប់ទាំងអស់(ក្នុង1គ្រាប់រួមមានEthinylestradiol 0.02mg និង Drospirenone 3mg)។

      ចាប់ផ្ដើមលេបពីថ្ងៃទី1នៃការមករដូវ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ។ ក្រោយលេបបានរយៈពេល24ថ្ងៃ ប្រសិនបើនៅថ្ងៃទី25 ចាប់ផ្ដើមមានអាការៈហូរឈាម(រួមទាំងហូរឈាមតិចៗ)រយៈពេល3ថ្ងៃជាប់ៗគ្នា ឬ ក្នុងករណីបានលេបឱសថនេះរយៈពេល120ថ្ងៃហើយ ត្រូវផ្អាកការប្រើឱសថនេះរយៈពេល4ថ្ងៃ។ ក្រោយចប់រយៈពេលផ្អាកការប្រើឱសថ ទោះជានៅហូរឈាមឬលែងហូរឈាមទៀតក៏ដោយ ក៏ត្រូវបន្តការលេបឱសថនេះតទៅទៀត។ អនុវត្តការលេបនិងការផ្អាកឱសថបែបនេះរហូតតទៅ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism ) ឬ ជំងឺទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬបេះដូង។

      ・អ្នកដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅនិងមានទម្លាប់ជក់បារីលើសពី15ដើម/ថ្ងៃ។

      ・អ្នកដែលមានជំងឺប្រកាំង(Migraine)ដែលតែងតែទទួលរោគសញ្ញាអោយដឹងមុនពេលចាប់ផ្ដើមឈឺក្បាល។

      ・អ្នកដែលមានជំងឺប្រឹសបេះដូង រួមជាមួយនឹងជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួត(Pulmonary hypertension)ឬជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)។

      ・អ្នកជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់សរសៃឈាម (អ្នកដែលមានជំងឺភ្នែកឬតម្រងនោមដោយសារជំងឺទឹកនោមផ្អែម។ល។)។

      ・អ្នកដែលមានកត្តាហានិភ័យងាយនឹងកើតជំងឺកំណកឈាម។

      ・អ្នកដែលមានជំងឺកើតមានអង់ទីករប្រឆាំងសារធាតុផូស្វ័រលីពីតនៅក្នុងរាងកាយ(Antiphospholipid syndrome)។

      ・អ្នកដែលស្ថិតនៅក្នុងអំឡុងពេល4សប្ដាហ៍មុនពេលវះកាត់ ឬ ក្នុងអំឡុងពេល2សប្ដាហ៍ក្រោយការវះកាត់ ឬ ក្នុងអំឡុងពេល4សប្ដាហ៍ក្រោយការសម្រាលកូន ឬ អ្នកដែលត្រូវសម្រាកនៅស្ងៀមរយៈពេលយូរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ ឬ មានជំងឺមហារីកថ្លើម។

      ・អ្នកដែលមានប្រតិកម្មទាក់ទងនឹងសារធាតុខ្លាញ់នៅក្នុងរាងកាយខុសប្រក្រតី(ជំងឺលើសជាតិខ្លាញ់ក្នុងឈាម)។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាម (លើកលែងករណីលើសសម្ពាធឈាមកម្រិតស្រាល)

      ・អ្នកដែលមានជំងឺរឹងកូនឆ្អឹងត្រចៀកខាងក្នុង(Otosclerosis)។

      ・អ្នកដែលធ្លាប់មានជំងឺខាន់លឿងឬអាការរមាស់ឥតដាច់ឬជំងឺរើមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលអាចនឹងមិនទាន់ឈប់លូតលាស់ឆ្អឹង។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរឬមានជំងឺតម្រងនោមចុះខ្សោយស្រួចស្រាវ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ចង់ក្អួត ធ្លាក់ឈាម ឈឺពោះ ឈឺក្បាល ឈឺដោះ ងងុយគេង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើម ឈឺនិងស្ពឹកជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល មើលមិនសូវច្បាស់ភ្លាមៗ (ជំងឺកំណកឈាម(Thrombosis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Imipramineជាដើម), ឱសថSelegiline hydrochloride, ឱសថCiclosporin, ឱសថTheophylline, ឱសថOmeprazole, ឱសថTizanidine - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថRifampicin, ឱសថប្រភេទBarbiturate(Phenobarbitalជាដើម), ឱសថPhenytoin, ឱសថCarbamazepine, ឱសថBosentan, ឱសថModafinil, ឱសថTopiramate, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទPenicillin(Ampicillinជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថDrospirenon/Ethinylestradiol betadexថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។

      ・ឱសថTerbinafine hydrochloride - អាចធ្វើអោយការមករដូវមានលក្ខណៈខុសប្រក្រតី។

      ・ឱសថប្រភេទGn-RH (Buserelin acetateជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថTelaprevir - អាចធ្វើអោយសកម្មភាពនៃឱសថDrospirenon/Ethinylestradiol betadexថយចុះ។

      ・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Nelfinavir mesilate, Ritonavir, Darunavir, Fosamprenavir, Lopinavir/Ritonavir ជាដើម), ឱសថNevirapine- អាចធ្វើអោយសកម្មភាពនៃឱសថDrospirenon/Ethinylestradiol betadexថយចុះ។

      ・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Atazanavir, Indinavir), ឱសថEtravirine, ឱសថFluconazole, ឱសថVoriconazole, ឱសថAcetaminophenឬParacetamol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDrospirenon/Ethinylestradiol betadexកើនឡើង។

      ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs Wort - អាចធ្វើអោយសកម្មភាពនៃឱសថDrospirenon/Ethinylestradiol betadexថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។

      ・ឱសថLamotrigine, ឱសថMorphine, ឱសថSalicylic acid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថប៉ូតាស្យូម(Potassium chloride, Potassium Gluconateជាដើម), ឱសថប្រភេទACE inhibitors (Captopril, Enalapril ជាដើម), ឱសថប្រភេទARB (Losartan, Candesartan ជាដើម), ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamterene, Potassium Canrenoate ជាដើម), ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Indometacinជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត ប្រសិនបើពិនិត្យឃើញមានផ្ទៃពោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយនិងអាចធ្វើអោយបរិមាណនិងគុណភាពទឹកដោះថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺកំណកឈាម(Thrombosis) ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ រោគសញ្ញានៃជំងឺនេះ រួមមាន ឈឺនិងហើមនៅជើង អាការៈដង្ហក់ ឈឺទ្រូង ឈឺក្បាលខ្លាំង ស្ពឹកឬគ្មានកម្លាំងនៅដៃនិងជើង ពិបាកនិយាយ ភ្នែកមើលមិនច្បាស់។ល។

      ・អ្នកជំងឺគួរប្រើប្រាស់ឱសថនេះនៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ។

      ・ការជក់បារីអាចធ្វើអោយហានិភ័យនៃកើតមានជំងឺកំណកឈាម(ស្ទះសរសៃឈាមដោយសារកំណកឈាម)កើនឡើង ដូច្នេះ អ្នកជំងឺគួរចៀសវាងការជក់បារី នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ក្រោយចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈធ្លាក់ឈាមជាបណ្ដោះអាសន្ន ហើយវានឹងបាត់ទៅវិញដោយមិនចាំបាច់ផ្អាកការប្រើប្រាស់ឱសថនេះនោះទេ។ ប៉ុន្តែ ប្រសិនបើអាការៈនេះអូសបន្លាយយូរ ឬ បរិមាណឈាមធ្លាក់ច្រើន អ្នកជំងឺត្រូវទទួលការពិនិត្យអោយបានច្បាស់លាស់។

      ・នៅក្នុងអំឡូងពេលប្រើប្រាស់ឱសថនេះ ប្រសិនបើអ្នកជំងឺកើតមានអាការៈរាករូសខ្លាំងឬក្អួតចង្អោរ វាអាចធ្វើអោយសារធាតុឱសថនេះមិនអាចស្រូបចូលក្នុងខ្លួនឬបង្ហាញប្រសិទ្ធិភាពបាន ហើយអ្នកជំងឺអាចនឹងមានផ្ទៃពោះ។ ម្យ៉ាងទៀត ត្រូវប្រុងប្រយ័ត្ននៅពេលមិនឃើញមានការមករដូវជាប់គ្នា2ដង ព្រោះអ្នកជំងឺអាចនឹងកំពុងមានផ្ទៃពោះ។ ករណីសង្ស័យថាកំពុងមានផ្ទៃពោះ គួរផ្អាកការប្រើឱសថនេះភ្លាម។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកើតមានអាចម៍រុយនៅលើស្បែក ដូច្នេះ គួរចៀសវាងត្រូវពន្លឺព្រះអាទិត្យរយៈពេលយូរ។

    • សកម្មភាពឱសថ

      ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ គឺ Drosirenon និង Ethinylestradiol betadex ដោយសារធាតុទាំងនេះមានទម្រង់ស្រដៀងទៅនឹងអរម៉ូនស្ត្រី ហើយមានសកម្មភាពទប់ស្កាត់ការបញ្ចេញមេជីវិតញីនិងទប់ស្កាត់ការកកើតនៃភ្នាសខាងក្នុងស្បូន ធ្វើអោយការផលិតសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin)ជាដើមចុះថយ។ ជាលទ្ធផល ឱសថនេះអាចទប់ស្កាត់ការកន្ត្រាក់នៃស្បូន ធ្វើអោយអាចកាត់បន្ថយអាការៈឈឺចាប់នៅពេលមានរដូវឬនៅក្នុងជំងឺភ្នាសក្នុងស្បូន(Endometriosis)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp