Erlotinib hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖
- ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinomaដែលកំពុងវិវត្តឬរើឡើងវិញ និង ដែលមិនអាចវះកាត់បាន ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរក្រោយអនុវត្តការព្យាបាលដោយគីមី។
- ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma ដែលកំពុងវិវត្តឬរើឡើងវិញ ដែលមិនអាចវះកាត់បាន ហើយដែលពិនិត្យឃើញមានវត្តមាននៃសែនEGFRខុសប្រក្រតី និង មិនទាន់អនុវត្តការព្យាបាលដោយគីមី។
- ជំងឺមហារីកលំពែងដែលមិនអាចវះកាត់បាន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 150mg នៅយ៉ាងហោចណាស់1ម៉ោងមុនបរិភោគអាហារឬ2ម៉ោងក្រោយបរិភោគអាហារ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ជំងឺមហារីកលំពែងដែលមិនអាចវះកាត់បាន:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 100mg នៅយ៉ាងហោចណាស់1ម៉ោងមុនបរិភោគអាហារឬ2ម៉ោងក្រោយបរិភោគអាហារ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ត្រូវប្រើឱសថនេះរួមជាមួយឱសថGemcitabine។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រាករូស ស្បែកស្ងួត រមាស់ បាត់បង់ចំណង់អាហារ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ដកដង្ហើមលឿន ក្អក ក្ដៅខ្លួន ថយទម្ងន់ ស្លេស្ម បបូរមាត់និងក្រចកដៃជើងប្រែពណ៌ខៀវ (ជំងឺសួត រួមមាន ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis) ជំងឺAcute respiratory distress syndrome ជាដើម)
- រួយខ្លួន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ រមាស់ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត ញ័រដៃ (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ)
- លាមកជ្រាយឬទឹក ឈឺពោះខ្លាំង ចង់ក្អួត បែកញើស (ជំងឺរាករូសធ្ងន់ធ្ងរ)
- ស្មារតីដឹងខ្លួនធ្លាក់ចុះ ហើមភ្នែក ឆាប់ហត់ បរិមាណទឹកនោមថយចុះ ឈឺក្បាល រួយខ្លួន ពិបាកដកដង្ហើម ហើមខ្លួន (មុខងារតម្រងនោមចុះខ្សោយ)
- ឡើងកន្ទួលលើស្បែកដូចជាមុន ឈឺហើមក្ដៅនិងក្រហមនៅក្រចក ស្បែកស្ងួត ប្រេះស្បែក ដំបៅស្បែក រមាស់ (ជំងឺស្បែកធ្ងន់ធ្ងរ)
- ក្ដៅខ្លួនខ្លាំង ក្រហមភ្នែកនិងត្របកភ្នែក រលាត់បបូរមាត់និងក្នុងមាត់ ស្នាមក្រហមនិងប៉ោងនៅលើស្បែក រមាស់ពេញខ្លួន ឈឺសន្លាក់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(Toxic Epidermal Necrolysis, TEN) ជាដើម)
- ក្អួតចង្អោរ ឈឺក្រពះ ក្អួតឈាម ឈឺពោះខ្លាំង លាមកមានលាយឈាម លាមកខ្មៅ (ធ្លាយឬដំបៅឬហូរឈាមនៅក្នុងក្រពះឬពោះវៀន)
- ចាំងភ្នែក ស្រវាំងភ្នែក អារម្មណ៍មិនស្រួលនៅភ្នែក ឈឺភ្នែក ចេញទឹកភ្នែក (ជំងឺដំបៅនៅកញ្ចក់ភ្នែក ជំងឺប្រហោងនៅកញ្ចក់ភ្នែក)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថRitonavir, ឱសថIndinavir, ឱសថNelfinavir, ឱសថSaquinavir ជាដើម), ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃErlotinibកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Phenobarbital ជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃErlotinibថយចុះ។
・ឱសថCiprofloxacin hydrochloride - អាចធ្វើអោយកំហាប់ក្នុងឈាមនៃErlotinibកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះ(Omeprazole, Ranitidineជាដើម) - នៅពេលក្រពះមានជាតិអាស៊ីតតិច អាចធ្វើអោយកំហាប់ក្នុងឈាមនៃErlotinibថយចុះ។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពWarfarinកើនឡើង បង្កជាអាការៈហូរឈាមផ្សេងៗ។
・ការជក់បារី - អាចធ្វើអោយកំហាប់ក្នុងឈាមនៃErlotinibថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើសួត ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・សារធាតុនៅក្នុងផ្លែក្រូចថ្លុង អាហារបំប៉នដែលមានសារធាតុSt.John's Wort និង ការជក់បារី អាចធ្វើអោយប្រសិទ្ធិភាពឱសថប្រែប្រួល ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះឬជក់បារី ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមTyrosine kinaseនៅលើគ្រឿងទទួលEGFR(Epidermal Growth Factor Receptor)ដែលមានតួនាទីនៅក្នុងដំណើរការកើនចំនួននៃកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp