Eplerenone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាម

      - ជំងឺខ្សោយមុខងារបេះដូងរ៉ាំរ៉ៃ (ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលជាគោលដោយប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមACE(ACE inhibitors) ឬ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអេនជីអូថិនស៊ីន(ARB) ឬ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(β blockers) ឬ ឱសថបញ្ចុះទឹកនោម។ល។)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺលើសសម្ពាធឈាម:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1ដង 50mg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង 100mg។

      ・ករណីជំងឺខ្សោយមុខងារបេះដូងរ៉ាំរ៉ៃ:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1ដង 25mg។ ក្រោយប្រើរយៈពេល4សប្ដាហ៍ អាចបង្កើនកម្រិតដល់ 1ថ្ងៃ1ដង 50mg ទៅតាមកម្រិតប៉ូតាស្យូមក្នុងឈាមនិងស្ថានភាពរបស់អ្នកជំងឺ។ ចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមកម្រិតមធ្យម ត្រូវចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 25mg រៀងរាល់2ថ្ងៃម្ដង ដោយកម្រិតប្រើអតិបរមាគឺ1ថ្ងៃ1ដង 25mgរៀងរាល់ថ្ងៃ។ អាចបន្ថយកម្រិតឬបញ្ឈប់ការប្រើប្រាស់ឱសថថនេះ ស្របទៅតាមកម្រិតប៉ូតាស្យូមក្នុងឈាមនិងស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម ឬ អ្នកដែលកំពុងមានកម្រិតប៉ូតាស្យូមក្នុងឈាមលើសពី5.0 mEq/Lនៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Potassium sparing diuretics)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថItraconazole ឬ ឱសថRitonavir ឬ ឱសថNelfinavir។

      ・អ្នកជំងឺទឹកនោមផ្អែមដែលមានរោគសញ្ញានៃការមានអាល់ប៊ុយមីនឬប្រូតេអ៊ីនតិចតួចក្នុងទឹកនោម។

      ・អ្នកដែលមានបញ្ហាតម្រងនោមចាប់ពីកម្រិតមធ្យមឡើងទៅ (កម្រិតCreatinine clearanceក្រោម 50mL/នាទី)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប៉ូតាស្យូម។

      ករណីប្រើនៅក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូងរ៉ាំរ៉ៃ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម ឬ អ្នកដែលកំពុងមានកម្រិតប៉ូតាស្យូមក្នុងឈាមលើសពី5.0 mEq/Lនៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (កម្រិតCreatinine clearanceក្រោម 30mL/នាទី)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Potassium sparing diuretics)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថItraconazole ឬ ឱសថRitonavir ឬ ឱសថNelfinavir។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល វិលមុខ ចង់ក្អួត ហត់ សម្ពាធឈាមធ្លាក់ចុះទាប ការរំលាយអាហារមិនសូវបានល្អ សាច់ដុំកន្ត្រាក់ មុខងារតម្រងនោមចុះខ្សោយ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្ពឹកដៃជើងនិងបបូរមាត់ កម្លាំងសាច់ដុំចុះខ្សោយ (កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់)។

    • អន្តរប្រតិកម្ម

      ・ឱសថItraconazole, ឱសថRitonavir, ឱសថNelfinavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEplerenoneកើនឡើង និងកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Spironolactone, Triamterene, Potassium canrenoate) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថប៉ូតាស្យូម (Potassium chloride, Potassium gluconate, Potassium aspartate, Potassium iodide, Potassium acetate ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។ ដូច្នេះ ហាមប្រើរួមគ្នាក្នុងករណីប្រើឱសថនេះនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម និង ត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមគ្នាក្នុងករណីព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈរ៉ាំរ៉ៃ។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែខ្លាំង។

      ・ឱសថប្រភេទACE inhibitors(Captopril, Enalapril, Lisinopril ជាដើម), ឱសថប្រភេទARB(Losartan, Candesartan, Valsartan ជាដើម), ឱសថAliskiren, ឱសថCiclosporin, ឱសថTacrolimus, ឱសថDrospirenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថដែលទប់ស្កាត់សកម្មភាពCYP3A4 (Clarithromycin, Erythromycin, Fluconazole, Saquinavir, Verapamil ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEplerenoneកើនឡើង។

      ・ឱសថដែលជម្រុញសកម្មភាពCYP3A4 (Dexamethasone, Phenytoin, Rifampicin, Carbamazepine,

      Phenobarbital, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's

      Wort ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEplerenoneថយចុះ។

      ・ឱសថLithium carbonate - អាចធ្វើអោយសកម្មភាពនៃឱសថLithium carbonateកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថMitotane - អាចធ្វើអោយប្រឆាំងនឹងសកម្មភាពនៃឱសថMitotane។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ច្រើនប្រើរួមជាមួយឱសថផ្សេងទៀត ដោយត្រូវប្រុងប្រយ័ត្នចំពោះការកើតមានផលរំខាន ជាពិសេសក្រោយពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះបានរយៈពេល1ខែ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពប្រឆាំងនឹងសកម្មភាពនៃសារធាតុអាល់ដុស្តេរ៉ូន(Aldosterone) ដោយភ្ជាប់ទៅនឹងគ្រឿងទទួលនៃសារធាតុនេះ(Mineralocorticoid receptor)ដែលស្ថិតនៅក្នុងតម្រងនោម បេះដូង សរសៃឈាម ខួរក្បាល ជាដើម ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp