Epirubicin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្រាលស្ថានភាពជំងឺមហារីកជាច្រើនប្រភេទ ដូចជា ជំងឺមហារីកគ្រាប់ឈាមប្រភេទMalignant lymphoma មហារីកគ្រាប់ឈាមសស្រួចស្រាវ(Acute Leukemia) មហារីកសុដន់ មហារីកក្រពេញអូវែរ មហារីកក្រពះ មហារីកថ្លើម មហារីកនៅផ្លូវតម្រងនោម(ប្លោកនោម បំពង់នោម។ល។)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងឬធ្លាប់មានបញ្ហាមុខងារបេះដូង។
・អ្នកដែលបានប្រើប្រាស់ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracyclineផ្សេងទៀត) ដល់កម្រិតអតិបរមា(សូមពិនិត្យមើលព័ត៌មានបន្ថែមអំពីកម្រិតឱសថជាក់លាក់)។
・<ករណីប្រើឱសថនេះនៅក្នុងការព្យាបាលជំងឺមហារីកថ្លើមដោយTACE> អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មទៅនឹងឱសថប្រភេទអ៊ីយ៉ូត ឬ អ្នកដែលកំពុងមានជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតលក្ខណៈធ្ងន់ធ្ងរ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・<ករណីប្រើឱសថនេះនៅក្នុងការព្យាបាលជំងឺមហារីកថ្លើមដោយTACE> អ្នកដែលមានកម្រិតប៊ីលីរូប៊ីនសរុបចាប់ពី3mg/dLឡើងទៅឬកំពុងមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ (ការបែងចែកតាមChild-Pughស្ថិតក្នុងកម្រិតC)។
-
ផលរំខាន
ផលរំខានរួមមាន មុខងារថ្លើមថយចុះ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ជ្រុះរោមឬសក់ អស់កម្លាំង នោមញឹក ឈឺពេលនោម រលាកប្លោកនោម នោមមានឈាម ក្ដៅខ្លួន ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺទ្រូង ដង្ហក់ ហើមពេញខ្លួន (ប៉ះពាល់សាច់ដុំបេះដូង)
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ក្រហមស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- នោមញឹក ឈឺពេលនោម នោមសល់ (ប្លោកនោមរួមតួច)
- ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកខាងក្រោមនៃឆ្អឹងជំនីរខាងស្ដាំ ស្បែកនិងភ្នែកឡើងពណ៌លឿង អស់កម្លាំង (ប៉ះពាល់មុខងារថ្លើមនិងផ្លូវទឹកប្រមាត់)
- ឈឺចុងដង្ហើម ឈឺពេលសង្កត់ ចង់ក្អួត (ដំបៅក្រពះឬគល់ពោះវៀនតូច)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថEpirubicin - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
・ឱសថPaclitaxel - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសថPaclitaxelក្រោយពេលប្រើឱសថEpirubicin។
・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEpirubicinកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមផ្ទៃស្រទាប់ខាងក្រៅនៃរាងកាយ(Body surface area)របស់អ្នកជំងឺ។
・ជាទូទៅ ឱសថនេះមិនប្រើសម្រាប់ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬក្នុងពោះនោះទេ។
・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោមអាចប្រែទៅជាពណ៌ក្រហម។
-
សកម្មភាពឱសថ
ឱសថនេះធ្វើសកម្មភាពដោយភ្ជាប់ខ្លួនទៅនឹងម៉ូលេគុលDNAរបស់កោសិកាមហារីក ធ្វើអោយរាំងស្ទះដល់ដំណើរការបង្កើតDNAនិងRNAនៅក្នុងកោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp