Duloxetine hydrochloride

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។

      - អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម:ផលប៉ះពាល់សរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម ជំងឺឈឺសាច់ដុំពេញខ្លួនរ៉ាំរ៉ៃ(Fibromyalgia) ជំងឺឈឺចង្កេះរ៉ាំរ៉ៃ និង ជំងឺឈឺសន្លាក់ដែលមានការខូចទ្រង់ទ្រាយនៃឆ្អឹង(Osteoarthritis)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺឬអាការៈបាក់ទឹកចិត្ត (Depression) និង អាការៈឈឺចាប់ដែលបណ្ដាលមកពីផលប៉ះពាល់សរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង40mg ក្រោយអាហារពេលព្រឹក។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ថ្ងៃ1ដង20mg និង បង្កើនកម្រិតម្ដង20mg/ថ្ងៃ រៀងរាល់1សប្ដាហ៍ឬយូរជាងនេះ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ60mg។

      ・អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺឈឺសាច់ដុំពេញខ្លួនរ៉ាំរ៉ៃ(Fibromyalgia) ជំងឺឈឺចង្កេះរ៉ាំរ៉ៃ និង ជំងឺឈឺសន្លាក់ដែលមានការខូចទ្រង់ទ្រាយនៃឆ្អឹង(Osteoarthritis):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង60mg ក្រោយអាហារពេលព្រឹក។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ថ្ងៃ1ដង20mg និង បង្កើនកម្រិតម្ដង20mg/ថ្ងៃ រៀងរាល់1សប្ដាហ៍ឬយូរជាងនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)មិនទាន់គ្រប់គ្រងបានល្អ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ងងុយគេងឬគេងមិនលក់ ស្ងួតក ឈឺក្បាល ទល់លាមកឬរាករូស វិលមុខ ឈឺពោះ អស់កម្លាំង ចំណង់អាហារថយចុះ កម្រិតជាតិស្ករក្នុងឈាមកើនឡើង ក្អួតចង្អោរ កើនទម្ងន់ មិនស្រួលក្នុងពោះ ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក រលាកស្បែកដោយការប៉ះពាល់ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) រលាកសរសៃឈាមនៅលើស្បែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងខ្ពស់ ក្ដៅខ្លួន បែកញើស (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome))

      - សាច់ដុំកន្ត្រាក់ កើនទម្ងន់ភ្លាមៗដោយមិនមានអាការៈហើម បាត់បង់ស្មារតី (SIADH)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា រលាកថ្លើម ខាន់លឿង)។

      - ក្ដៅខ្លួនខ្លាំង ពងទឹកលើស្បែក រលាត់ភ្នាសនៅភ្នែកឬមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome)

      - ពិបាកដកដង្ហើម សាច់ដុំកន្ត្រាក់ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺក្បាល ដង្ហក់ ឈាមច្រមុះ អារម្មណ៍មិននឹងនរ (វិបត្តិនៃការកើនឡើងសម្ពាធឈាមខ្ពស់(Hypertensive crisis))។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់14ថ្ងៃ ក្នុងករណីប្រើឱសថDuloxetineចំពោះអ្នកជំងឺដែលបានទទួលឱសថប្រភេទMonoamine oxidase inhibitors។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPimozide - អាចធ្វើអោយប៉ះពាល់ដល់ចង្វាក់បេះដូង។

      ・គ្រឿងស្រវឹង - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល និង អាចប៉ះពាល់ដល់មុខងារថ្លើម។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates, ឱសថLorazepam ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថMethylthioninium chloride hydrate - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome)។

      ・ឱសថFluvoxamine maleate, ឱសថCiprofloxacin, ឱសថEnoxacin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDuloxetineកើនឡើង។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Amitriptyline hydrochloride, Imipramine hydrochloride, Nortriptyline hydrochloride), ឱសថប្រភេទPhenothiazine(Perphenazine), ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(ឱសថFlecainide acetate, Propafenone hydrochloride) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថParoxetine hydrochloride hydrate, ឱសថQuinidine sulfate hydrate ជាដើម - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDuloxetineកើនឡើង។

      ・ឱសថដែលមានសកម្មភាពភ្ញោចសេរ៉ូតូនីន (ឱសថLithium carbonate, ឱសថប្រភេទSNRIនិងSSRI, ឱសថTramadol hydrochloride, ឱសថប្រភេទTriptan (Sumatriptan ជាដើម), ឱសថដែលមានផ្ទុកL-Tryptophan, ឱសថLinezolid, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’ s Wort, ) - អាចធ្វើអោយសកម្មភាពនៃសេរ៉ូតូនីនកើនឡើង បង្កជាបណ្ដុំរោគសញ្ញាសេរ៉ូតូនីន ជាដើម។

      ・ឱសថបញ្ចុះសម្ពាធឈាម(ឱសថClonidine hydrochloride ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថAdrenaline, ឱសថNoradrenaline - អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្ពស់។

      ・ឱសថដែលមានអត្រាភ្ជាប់ទៅនឹងប្រូតេអ៊ីនក្នុងឈាមខ្ពស់(Warfarin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថដែលធ្វើអោយងាយហូរឈាម (ឱសថព្យាបាលបញ្ហាស្មារតីប្រភេទAtypical antipsychotic, ឱសថប្រភេទPhenothiazine, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs, ឱសថWarfarin) - អាចធ្វើអោយអាការៈហូរឈាមងាយកើតឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ការប្រើប្រាស់ឱសថនេះ អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្ពស់ ដូច្នេះ អ្នកដែលមានជំងឺលើសសម្ពាធឈាមឬជំងឺបេះដូង គួរធ្វើការវាស់សម្ពាធឈាមអោយបានទៀងទាត់។

      ・ដោយសារឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុន័រអាដ្រេណាលីន ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma)ឬជំងឺរីកក្រពេញប្រូស្តាតជាដើម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុន័រអាដ្រេណាលីន(Noradrenaline) និង សារធាតុសេរ៉ូតូនីន(Serotonin)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុប្រភេទម៉ូណូអាមីនទាំងនេះកើនឡើងនៅក្នុងស៊ីណាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp