Doxycycline hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺប្រម៉េះ(Gonorrhea) ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺអាសន្នរោគ(Cholera) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺខ្ទុះនៅត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកក្រពេញទឹកមាត់លក្ខណៈមានខ្ទុះ ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឹអុតក្ដាម(Scarlet fever) ជំងឺពិសធ្យូង(Anthrax) ជំងឺBrucellosis ជំងឺប៉ែស(Plague) ជំងឺគ្រុនQ ជំងឺPsittacosisឬParrot fever។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:នៅថ្ងៃដំបូង លេប1ថ្ងៃ200mg បែងចែកជា1ដងឬ2ដងក្នុង1ថ្ងៃ។ ចាប់ពីថ្ងៃទី2ទៅ លេប1ថ្ងៃ1ដង100mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន(Tetracycline antibiotic)ផ្សេងទៀត។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឡើងកន្ទួលក្រហម អារម្មណ៍រលាកក្រហាយ ក្តៅខ្លួន រមាស់ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ស្នាមក្រហមលើស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម មុខនិងបបូរមាត់ហើម បំពង់កហើម អារម្មណ៍ក្តៅច្រាលម្តងៗ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួនខ្លាំង កន្ទួលក្រហម ពងទឹកឬរលាត់លើស្បែក ភ្នែកក្រហម(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
・ឡើងកន្ទួលក្រហម ក្តៅខ្លួន ហើមកូនកណ្តុរ (រោគប្រតិកម្មទៅនឹងឱសថ)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកលឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)
- ឈឺពោះ រាករូស លាមកមានឈាម (រលាកពោះវៀនធំ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំដែលមានជាតិកាល់ស្យូម ម៉ាញេស្យូម អាលុយមីញ៉ូម ជាតិដែក ឬ សារធាតុbismuth - កាត់បន្ថយការស្រូបសារធាតុឱសថ ធ្វើអោយប្រសិទ្ធិភាពឱសថនេះធ្លាក់ចុះ។
・ថ្នាំប្រឆាំងកំណកឈាមWarfarin - ផលរំខាននៃWarfarinងាយកើតឡើង
・ឱសថCarbamazepine, Phenytoin, Rifampicin, Barbiturate - អាចធ្វើអោយប្រសិទ្ធិភាពឱសថនេះថយចុះ
・ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea - ជាតិស្ករក្នុងឈាមថយចុះកាន់តែខ្លាំង
・ថ្នាំពន្យារកំណើត - ប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ (អាចធ្វើអោយទារកលូតលាស់ឆ្អឹងមិនបានល្អ ធ្មេញប្រែពណ៌ឬមិនរឹងមាំ)។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・សារធាតុថ្នាំអាចជាប់នៅតាមបំពង់អាហារបង្កជាការរលាកឬដំបៅ ដូច្នេះត្រូវពិសារថ្នាំជាមួយទឹកអោយបានច្រើន ជាពិសេសត្រូវប្រុងប្រយ័ត្ននៅពេលប្រើមុនពេលចូលគេង។
・ដើម្បីទប់ស្កាត់កុំអោយកើតមានភាពស៊ាំទៅនឹងឱសថ គួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលខ្លីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន(Tetracycline antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp