Dobutamine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្កើនកម្លាំងកន្ត្រាក់នៃបេះដូងនៅក្នុងជំងឺចរន្តឈាមចុះខ្សោយលក្ខណៈស្រួចស្រាវ(Acute circulatory insufficiency)

      - ប្រើជាបន្ទុកនៅក្នុងការពិនិត្យអេកូបេះដូង។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការបង្កើនកម្លាំងកន្ត្រាក់នៃបេះដូងនៅក្នុងជំងឺចរន្តឈាមចុះខ្សោយលក្ខណៈស្រួចស្រាវ(Acute circulatory insufficiency):

      ពង្រាវឱសថនេះនៅក្នុងសេរ៉ូមគ្លុយកូស5%ឬសេរ៉ូមប្រៃ ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន ក្នុងល្បឿន1~5μg/kg/នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតដល់20μg/kg/នាទីទៅតាមការចាំបាច់។

      ・ករណីប្រើជាបន្ទុកនៅក្នុងការពិនិត្យអេកូបេះដូង:

      ចាប់ផ្ដើមព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន5μg/kg/នាទី រួចបង្កើនកម្រិតដល់10μg ទៅ20μg ទៅ30μg ទៅ40μg/kg/នាទី រៀងរាល់3នាទីម្ដង រហូតដល់អាចវិនិច្ឆ័យលើស្ថានភាពជំងឺបាន។

    • ហាមប្រើ

      ករណីប្រើឱសថនេះនៅក្នុងការបង្កើនកម្លាំងកន្ត្រាក់នៃបេះដូងសម្រាប់ជំងឺចរន្តឈាមចុះខ្សោយលក្ខណៈស្រួចស្រាវ(Acute circulatory insufficiency)៖

      ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូងដោយសារបេះដូងរីកធ្វើអោយស្ទះចរន្តឈាមក្នុងបេះដូង។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីប្រើឱសថនេះនៅក្នុងការពិនិត្យអេកូបេះដូង៖

      ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូងដោយសារបេះដូងរីកធ្វើអោយស្ទះចរន្តឈាមក្នុងបេះដូង។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមបេះដូងស្រួចស្រាវ។

      ・អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូងមិននឹងនរ(Unstable angina)។

      ・អ្នកដែលមានអាការៈស្ទះសរសៃឈាមបេះដូងធំខាងឆ្វេង។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺរលាកស្រោមបេះដូង(PericarditisឬEndocarditis)ឬរលាកសាច់ដុំបេះដូងលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានបញ្ហាសរសៃឈាមកម្រិតធ្ងន់ធ្ងរ(ជំងឺAortic dissection ជាដើម)។

      ・អ្នកជំងឺលើសសម្ពាធឈាមដែលមិនទាន់គ្រប់គ្រងបានល្អ។

      ・អ្នកដែលមានជំងឺមហារីកPheochromocytoma។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញានៃការកន្ត្រាក់បេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងការរីកពេញលេញនៃថតខាងក្រោមបេះដូង (ជំងឺConstrictive pericarditis, ជំងឺCardiac tamponade ជាដើម)។

      ・អ្នកដែលមានរោគសញ្ញានៃការថយចុះបរិមាណចរន្តឈាមក្នុងរាងកាយ។

    • ផលរំខាន

      ផលរំខានរួមមាន ចង្វាក់បេះដូងកើនឡើង មិនស្រួលក្នុងទ្រូង បេះដូងលោតញាប់ ឈឺទ្រូង សម្ពាធឈាមចុះទាប ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បេះដូងលោតញាប់ ឈឺទ្រូង ថប់ទ្រូង បែកញើសទាំងត្រជាក់ (គាំងបេះដូង ញ័របេះដូង ជាដើម)

      - ឈឺទ្រូង បេះដូងលោតញាប់ ដង្ហក់ (បញ្ហាទាក់ទងនឹងសាច់ដុំបេះដូង (Stress cardiomyopathy))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទBeta blockers (Metoprolol, Propranolol ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃDobutamineថយចុះ និង ធ្វើអោយកម្លាំងទប់នឹងចរន្តឈាម(Resistance)នៅសរសៃឈាមតូចៗកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើនៅក្នុងការព្យាបាលអាការៈខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)និងនៅពេលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock) ដែលកើតឡើងនៅដំណាក់កាលស្រួចស្រាវនៃជំងឺស្ទះសរសៃឈាមបេះដូង។

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរដូចជា គាំងបេះដូង ញ័របេះដូង ធ្វើអោយសម្ពាធឈាមប្រែប្រួល ជាដើម ព្រោះផលប៉ះពាល់ទាំងនេះអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・មិនត្រូវលាយជាមួយSodium Bicarbonateនោះទេ។

      ・ដោយសារសកម្មភាពឱសថមានរយៈពេលខ្លីគឺ1~2នាទី ដូច្នេះ ត្រូវប្រើការព្យួរសេរ៉ូមដើម្បីបញ្ចូលឱសថ។

      ការជ្រើសរើសរវាងឱសថ Dopamine hydrochlorideនិងឱសថDobutamine hydrochloride គឺ គេប្រើDopamine hydrochlorideនៅពេលការបង្កើនសម្ពាធឈាមជាការសំខាន់ និង ប្រើDobutamine hydrochlorideនៅពេលសម្ពាធឈាមមិនមានបញ្ហា ប៉ុន្តែអ្នកជំងឺមានអាការៈខ្សោយបេះដូងនិងជីពចរដើរលឿន។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖

      - ភ្ញោចគ្រឿងទទួលβ1(β1 receptor)ដែលស្ថិតនៅលើសាច់ដុំបេះដូង ធ្វើអោយកម្លាំងកន្ត្រាក់នៃបេះដូងកើនឡើង។

      - ភ្ញោចគ្រឿងទទួលβ2និងគ្រឿងទទួលα1នៅតាមសរសៃឈាម ធ្វើអោយកម្លាំងទប់(Resistance)នៃសរសៃឈាមថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp