Dinoprostone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការកន្ត្រាក់ស្បូននៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះរបស់ស្ត្រី។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      លេប1ដង 0.5mg រៀងរាល់1ម៉ោងម្ដង ចំនួន6ដង។ 1វដ្ដនៃការប្រើឱសថនេះគឺ3mgក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមទម្ងន់ រោគសញ្ញា និង ស្ថានភាពរបស់អ្នកជំងឺ។ ក្រោយពេលប្រើឱសថនេះ ប្រសិនបើសង្កេតឃើញចាប់ផ្ដើមមានអាការៈឈឺចាប់សម្រាលកូនឬប្រសិទ្ធិភាពជម្រុញការសម្រាលកូនហើយនោះ ត្រូវបញ្ឈប់ការប្រើឱសថនេះ។ ប៉ុន្តែ ប្រសិនបើក្រោយប្រើឱសថនេះ3mg/ថ្ងៃហើយ មិនឃើញមានប្រសិទ្ធិភាពទេនោះ មិនត្រូវបន្តប្រើឱសថនេះក្នុងថ្ងៃដដែលនោះទៀតទេ គឺត្រូវរង់ចាំប្រើឱសថនេះជាថ្មីម្ដងទៀតនៅថ្ងៃបន្ទាប់ឬថ្ងៃផ្សេងទៀតបន្ទាប់ពីនោះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាត្រគាតតូចចង្អៀត ឬ បញ្ហាអតុល្យភាពនៃក្បាលទារកនិងត្រគាក ឬ បញ្ហាទាក់ទងនឹងទីតាំងស្ថិតនៅរបស់ទារក។

      ・អ្នកដែលមានបញ្ហាសុកស្ថិតនៅទីតាំងខុសប្រក្រតី។

      ・អ្នកដែលមានបញ្ហាសុកដាច់ចេញពីស្បូនមុនសម្រាល។

      ・អ្នកដែលមានបញ្ហាទារកក្នុងផ្ទៃមានសុខភាពខ្សោយ។

      ・អ្នកដែលធ្លាប់សម្រាលកូនដោយការវះកាត់ឬធ្លាប់ទទួលការវះកាត់ស្បូនផ្សេងទៀត។

      ・អ្នកដែលកំពុងទទួលការប្រើប្រាស់ឱសថOxytocinឬឱសថDinoprost(PGF2α) ឬ មិនទាន់បានលើសពី1ម៉ោងក្រោយប្រើប្រាស់ឱសថទាំងនេះ។

      ・អ្នកដែលកំពុងឬទើបទទួលការប្រើប្រាស់ឱសថPrasterone sulfate។

      ・អ្នកដែលកំពុងប្រើប្រាស់ឧបករណ៍ពង្រីកកស្បូន(ឧបករណ៍Laminariaជាដើម) ឬ អ្នកដែលប្រើប្រាស់ឧបករណ៍ពង្រីកនិងភ្ញោចស្បូនMetreurynterមិនទាន់បានលើសពី1ម៉ោង។

      ・អ្នកដែលមានការកន្ត្រាក់ស្បូនខ្លាំងក្លា។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ មុខក្រហម រាករូស។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះសម្រាលខ្លាំងនិងជាប់ឥតដាច់ (ស្បូនកន្ត្រាក់ខ្លាំងហួសហេតុ)

      - ទារកក្នុងផ្ទៃមានលក្ខណៈខុសប្រក្រតី (រោគសញ្ញានៃទារកក្នុងផ្ទៃមានសុខភាពខ្សោយ ទឹកភ្លោះល្អក់)។

    • អន្តរប្រតិកម្ម

      ・ឱសថOxytocin, ឱសថDinoprost(PGF2α) - អាចធ្វើអោយស្បូនកន្ត្រាក់ខ្លាំងហួសហេតុ។ ដូច្នេះ មិនត្រូវប្រើរួមជាមួយឱសថនេះក្នុងពេលតែមួយឬកៀកគ្នាខ្លាំងពេកនោះទេ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះក្រៅពីដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ដែលអាចកើតមាន ដូចជា ស្បូនកន្ត្រាក់ហួសហេតុ ធ្លាយស្បូន រហែកកស្បូន ទារកក្នុងផ្ទៃមានសុខភាពខ្សោយ ស្ទះទឹកភ្លោះ ជាដើម ព្រោះវាអាចធ្វើអោយម្ដាយនិងទារកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ជាពិសេស មិនត្រូវប្រើប្រាស់ឱសថនេះរួមជាមួយឱសថOxytocinឬឱសថDinoprost(PGF2α)ក្នុងពេលតែមួយឬមុនក្រោយគ្នាបន្តិចនោះទេ គឺគួរទុកគម្លាតពីគ្នារយៈពេលយ៉ាងហោចណាស់1ម៉ោង។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖

      - ភ្ជាប់ទៅនឹងគ្រឿងទទួលPGE2ដែលមាននៅលើកោសិកាសាច់ដុំស្បូន ធ្វើអោយបរិមាណនៃអ៊ីយ៉ុងកាល់ស្យូម(Ca2+)កើនឡើងក្នុងកោសិកា បង្កជាការកន្ត្រាក់នៃសាច់ដុំស្បូន។

      - មានសកម្មភាពទៅលើកោសិកានៅកស្បូន ដើម្បីបញ្ចេញសារធាតុMMPឬHAS ជាដើម ធ្វើអោយកស្បូនមានលក្ខណៈទន់ ដើម្បីត្រៀមសម្រាប់ការសម្រាលកូន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp