Dihydrocodeine phosphate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈក្អកដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងប្រព័ន្ធដង្ហើមគ្រប់ប្រភេទ។

      - បំបាត់អាការៈឈឺចាប់

      - បំបាត់អាការៈរាករូសខ្លាំងក្លា។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង10mg (ថ្នាំម្សៅ1%ត្រូវនឹងg ឬ ថ្នាំម្សៅ10%ត្រូវនឹង0.1g) សរុប1ថ្ងៃ30mg(ថ្នាំម្សៅ1%ត្រូវនឹង3g ឬ ថ្នាំម្សៅ10%ត្រូវនឹង0.3g)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាប្រព័ន្ធដង្ហើមមិនដំណើរការកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺខ្សោយបេះដូង(Heart failure)កើតឡើងបន្ទាប់ពីជំងឺសួតរ៉ាំរ៉ៃ។

      ・អ្នកដែលកំពុងមានអាការៈកន្ត្រាក់នៃសាច់ដុំ (ជំងឺប្រកាច់ ជំងឺតេតាណូស ការពុលសារធាតុស្ទ្រីខនីន(Strychnine) ជាដើម)។

      ・អ្នកដែលកំពុងមានអាការៈពុលជាតិអាល់កុលស្រួចស្រាវ(Acute alcohol poisoning)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloid។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។

    • ផលរំខាន

      ផលរំខានរួមមាន ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមប្រែប្រួល មុខក្រហម ងងុយគេង វិលមុខ មើលមិនសូវច្បាស់ បែកញើស ក្អួតចង្អោរ ទល់លាមក ឡើងកន្ទួលក្រហម រមាស់ស្បែក ពិបាកបញ្ចេញទឹកនោម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - មិនងងុយគេង អារម្មណ៍មិនស្ងប់ រវើរវាយ ឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (អាការៈញៀនឱសថ)

      - ដង្ហក់ ការដកដង្ហើមខុសប្រក្រតី (បញ្ហាដំណើរការនៃប្រព័ន្ធដកដង្ហើម)

      - អារម្មណ៍មិនស្ងប់ នៅមិនស្ងៀម និយាយឬធ្វើសកម្មភាពពិបាកយល់ រវើរវាយ ឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (វង្វេងវង្វាន់ ភ្លេចភ្លាំង)

      - អារម្មណ៏ដូចគេសង្កត់នៅទ្រូង ស្ទះដង្ហើម ហើមបំពង់ក (ទងសួតកន្ត្រាក់ បញ្ហាសួត ជាដើម)

      - ឈឺពោះ ហើមពោះ ក្ដៅខ្លួន ជីពចរដើរលឿន (ស្ទះពោះវៀន ជាដើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazines, ឱសថប្រភេទBarbiturates ជាដើម), ឱសថសណ្ដំប្រភេទស្រូប, ឱសថប្រភេទទប់ស្កាត់សកម្មភាពអង់ស៊ីមMAO, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β blockers), ជាតិស្រវឹង - អាចធ្វើអោយសកម្មភាពកាត់បន្ថយដំណើរការប្រព័ន្ធដកដង្ហើម បញ្ចុះសម្ពាធឈាមឬសណ្ដំ កាន់តែខ្លាំងក្លា។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមរបស់Warfarinកើនឡើង។

      ・ឱសថប្រឆាំងសកម្មភាពសារធាតុអាសេទីលកូលីន(Acetylcholine) - អាចធ្វើអោយកើតមានអាការៈស្ទះពោះវៀនឬស្ទះទឹកនោមធ្ងន់ធ្ងរ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ការប្រើឱសថនេះនៅមុនពេលសម្រាល អាចធ្វើអោយទារកដែលទើបនឹងកើតកើតមានអាការៈញៀនឱសថ ដូចជា នៅមិនស្ងៀម មិនងងុយគេង ញ័រដៃជើង ជាដើម​។

      ・ការប្រើឱសថនេះនៅក្នុងពេលសម្រាល អាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធដកដង្ហើមរបស់ទារកទើបនឹងកើត។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរប្រុងប្រយ័ត្នជានិច្ចនៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយងាយកើតមានផលរំខាននៃឱសថនេះ ដូច្នេះ គួរចៀសវាងប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ស្រដៀងទៅនឹងសារធាតុម៉ូហ្វីន(Morphine) ប៉ុន្តែ វាមានសកម្មភាពខ្សោយជាងសារធាតុម៉ូហ្វីន ដោយឱសថនេះមានសកម្មភាពនៅក្នុងប្រព័ន្ធខួរក្បាលនិងបង្ហាញប្រសិទ្ធិភាពបំបាត់ការឈឺចាប់និងបំបាត់អាការៈក្អក។ ឱសថនេះមានប្រសិទ្ធិភាពខ្ពស់ជាងឱសថCodeine។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp